ក្រសួងបរិស្ថានអះអាងថា ស្ថានភាពគុណភាពខ្យល់នៅកម្ពុជាមិនទាន់ឈានដល់​កម្រិតប៉ះ​ពាល់​ដល់សុខភាពគួរឱ្យព្រួយបារម្ភឡើយ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ — មន្រ្ដីជាន់ខ្ពស់ក្រសួងបរិស្ថានបានអះអាងថា រហូតមកទល់ពេលនេះ ស្ថានភាពគុណភាព​ខ្យល់នៅកម្ពុជាមិនទាន់ឈានដល់កម្រិតប៉ះពាល់ដល់សុខភាពគួរឱ្យព្រួយបារម្ភនៅ​ឡើយទេ បើទោះជាលទ្ធផលនៃការអង្កេតតាមដានគុណភាពខ្យល់បង្ហាញថាកំហាប់ភាគល្អិតនិចល PM 2.5 មានការប្រែប្រួលកើនឡើងបន្តិចក៏ដោយ។ នេះបើយោងតាមការបញ្ជាក់របស់​ក្រសួងបរិស្ថាន។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បញ្ជាក់ប្រាប់​ឱ្យដឹងកាលពីល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២០ នេះថា មន្ត្រីក្រសួងបរិស្ថានបាន​និងកំពុង​តាម​​​ដានយ៉ាងយកចិត្តលើការបម្រែបម្រួលនៃស្ថានភាពកំហាប់ប៉ារ៉ាម៉ែត្រភាគល្អិតនិចល PM10 និង PM2.5 នៅក្នុង ខ្យល់ នៅរាជធានីភ្នំពេញ​និងនៅតាមបណ្តាខេត្តនានា​នៅទូទាំង​ប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា យោងតាមលទ្ធផលនៃការអង្កេត តាម​​ដានគុណភាពខ្យល់ ពីស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ ដែលក្រសួងបរិស្ថានបាន​ដំឡើង​នៅរាជធានី ខេត្តទូទាំងប្រទេសបានបង្ហាញថា ស្ថានភាពភាព គុណភាព ខ្យល់មាន​ការធ្លាក់ចុះជាពិសេស កំហាប់ប៉ារ៉ាម៉ែត្រភាគល្អិតនិចល PM 10 និង PM 2.5 មានការកើន ឡើងលើសកំណត់ស្តង់ដារដែលអាចជាហានិភ័យបង្កការប៉ះពាល់ចំពោះសុខភាពសាធារណៈ ហើយចាំបាច់ត្រូវចាត់វិធានការ ដើម្បីទប់ស្កាត់ការបំពុលខ្យល់នេះ។ ឯកឧត្ដមបានផ្តល់អនុ​សាសន៍ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ឬជាអ្នក​ដែល​ធ្វើការនៅខាងក្រៅ​អគាររយៈពេលយូរ គួរតែពាក់ម៉ាស់ការពារ ដើម្បីការពារសុខភាព។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងទៀតថា ក្រសួងបរិស្ថាននឹងធ្វើការជូន ដំណឹងជាបន្ត​បន្ទាប់នូវការវិវឌ្ឍថ្មីៗទាក់ទងនឹងស្ថានភាពគុណភាពខ្យល់នេះដើម្បីបងប្អូនប្រជាពលរដ្ឋងាយ​ ស្រួលក្នុងការអនុវត្តវិធានការការពារឱ្យបានទាន់ពេលវេលា។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន​បានបង្កើតស្ថានីយតាមដានគុណភាពខ្យល់ច្រើនកន្លែងក្នុងរាជធានីភ្នំពេញ និងនៅតាម​បណ្តា ខេត្តនានារបស់ប្រទេសកម្ពុជាដែលម៉ាស៊ីនតាមដាននេះមានជាបច្ចេកវិទ្យាទំនើប និងមាន​គុណភាពប្រសិទ្ធភាព ក្នុងការផ្តល់ទិន្នន័យច្បាស់លាស់ពីគុណភាពខ្យល់។

ឯកឧត្តមបានថ្លែងបញ្ជាក់ឱ្យដឹងថា កំហាប់ភាគល្អិតនិចល PM2.5 នៅក្នុងរាជ​ធានី​ភ្នំពេញ រហូតមកដល់ល្ងាចថ្ងៃទី១៧ ខែមករា នេះ មានការប្រែប្រួលចន្លោះពី៤៩ ដល់៨០ និង​នៅខេត្តខ្លះប្រែប្រួលនៅកម្រិតក្រោម១០០ ខណៈស្តង់ដារនៃ គុណភាពខ្យល់ដែលមានកំណត់​​ត្រឹម៥០។ ឯកឧត្តមរដ្ឋលេខាធិការក៏បានបន្ថែមថា ការផ្សព្វផ្សាយព័ត៌មានទាំង​ឡាយទាក់​ទង​នឹងស្ថានភាពគុណភាពខ្យល់របស់ប្រទេសកម្ពុជាដែលមិនចេញពីប្រភពក្រសួងបរិស្ថានជាព័ត៌មានមិនផ្លូវការទេ។

ឯកឧត្ដមបានពន្យល់ឱ្យដឹងទៀតថា ការកើនឡើងកំហាប់ភាគល្អិតនិចល PM2.5 ក្នុង​ខ្យល់នេះមិនមែនមាននៅតែព្រះរាជាណាចក្រកម្ពុជាទេ ប៉ុន្តែនិន្នាការនៃកំណើននេះ​មាននៅ​ក្នុងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់ដោយសារតែអាកាសធាតុនៃអនុតំបន់ទន្លេមេគង្គ មានភាពស្ងួតហួតហែង។ លើសពីនេះទៀត ប្រភពនិងសកម្មភាពសំខាន់ៗដែលជា ហេតុ​បង្កឱ្យមានកំហាប់ភាគល្អិតនិចល PM2.5 មានការកើនឡើងនេះមានជាអាទិ៍ ការបញ្ចេញ​ផ្សែងពីរោងចក្រឧស្សាហកម្ម ពីយានយន្តប្រើប្រាស់ប្រេងម៉ាស៊ូត និងពីចំហេះឥន្ធនៈ ផ្សេង​ទៀត ភ្លើងឆេះព្រៃ ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំរាម ការដុត​សំណល់រឹងនៅតាមទីចំហ និងទីលានចាក់សំណល់ ការដ្ឋានសំណង់ជាដើម។

បើតាមមន្ត្រីបច្ចេកទេសក្រសួងបរិស្ថាន ដែលបានធ្វើការតាមដានគុណភាពខ្យល់ ប្រភពបំពុលសំខាន់ៗដែលនាំ ឱ្យមានការកើនឡើងយ៉ាងខ្លាំងនូវកំហាប់ភាគល្អិតនិចល​ក្នុង​ខ្យល់ PM2.5 នាដើមរដូវប្រាំងឆ្នាំនេះ ក្នុងរាជធានីភ្នំពេញ គឺបណ្តាលមកពីប្រភពបំពុល សំខាន់ ៧០ភាគរយ មកពីការបញ្ចេញពីយានយន្តប្រើប្រាស់ ប្រេងឥន្ធនៈ ដែលមានកំហាប់​ស្ពាន់ធ័រខ្ពស់២០ភាគរយ ពីធូលីចេញពីការដ្ឋានសំណង់និងរោងចក្រលាយបេតុង ១០ភាគរយ និងមកពីប្រភពផ្សេងៗរួមមាន ការដុតសំរាមនៅតាមលំនៅដ្ឋាន ធូលីដីនៅតាមដងផ្លូវ ការ​បញ្ចេញពីរោង ចក្រ និងសិប្បកម្មជាដើម។

ឯកឧត្ដមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមទៀតថា ដោយពិនិត្យឃើញនូវបញ្ហា បែប​នេះ និងដើម្បីកែលម្អគុណភាពខ្យល់នៅតាមរាជធានី ខេត្ត កាលពីល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២០នេះ ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹងដល់មន្ទីរបរិស្ថាន រាជធានីខេត្តត្រូវ​សហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្តន៍វិធានការមួយចំនួន រួមមាន ១).ត្រូវចាត់វិធាន​ការទប់​​ស្កាត់ភ្លើង ឆេះ ព្រៃ និងការដុត សំរាម សំ ណល់រឹងនៅតាមទីចំហ ការឆេះ នៅ តាម ទីលាន ចាក់ សំរាម។ ២). ត្រូវចាត់វិធានការទប់ស្កាត់ការហុយធូលីពីការដ្ឋានសំណង់ និង ការដ្ឋានកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងធូលីហុយនៅតាមដងផ្លូវ។ ៣). សម្អាតអនាម័យ នៅ​តាមដងផ្លូវ និងទីសាធារណៈ។ ៤).ចុះអប់រំប្រជាពលរដ្ឋកុំឱ្យដុតសំរាម សំណល់រឹង ការដុតស្មៅ គល់ជញ្ជាំង និង សំណល់ កសិកម្មផ្សេងៗទៀត៕

ដោយ រិទ្ធី