ក្នុងឆ្នាំ២០១៩ ក្រុមហ៊ុន Prince Real Estate Group អាចសម្រេចបានគម្រោងវិនិយោគចំនួន១០ទីតាំងនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ — ក្នុងឆ្នាំ២០១៩ ក្រុមហ៊ុនអចលនទ្រព្យខ្នាតធំ Prince Real Estate Group អាចសម្រេច បាននូវគម្រោងវិនិយោគចំនួន ១០ទីតាំង ដោយ៦គម្រោង ស្ថិតនៅខេត្តព្រះសីហនុ  និង៤ គម្រោងនៅក្នុងរាជធានីភ្នំពេញ គ្របដណ្ដប់លើផ្ទៃដីសរុបចំនួន ១៨,៧៤ ហិកតា។

លោក ឈ៊ីវ គួរស៊ីង ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Prince Real Estate Group បានគូសបញ្ជាក់នៅក្នុងពិធីជប់លៀងប្រចាំឆ្នាំបុគ្គលិករបស់ខ្លួន និងអបអរពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីចិន កាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ថា ក្នុងឆ្នាំ២០១៩ យើងមាន គម្រោងស្ថិតក្នុងដំណាក់កាលលក់សរុបចំនួន៨គម្រោង ស្មើនឹងខុនដូសរុបចំនួន ៥៦០០ យូនីត ដែលអាចសម្រេចបាននូវគោលដៅលក់រហូតដល់ ៨៧ភាគរយ។ លើសពីនេះ ក្រុមហ៊ុនក៏បានទិញនូវគម្រោងអាគារ ២ធំៗ ផ្សេងទៀតបន្ថែម ដែលមានផ្ទៃក្រឡាជាង ៨ម៉ឺន ម៉ែត្រការ៉េ គឺអគារពាណិជ្ជកម្មPhnom Penh Tower និងអាគារ Diamond One កោះពេជ្រ។

លោកបន្តថា ជាការកត់សម្គាល់ ក្នុងឆ្នាំ២០១៩នេះ ក្រុមហ៊ុនបុត្រសម្ព័ន្ធនានានៃក្រុម ហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ក៏អាចសម្រេចបាននូវសមិទ្ធផលថ្មីៗដូចជា៖ ការសាង សង់នូវកន្ត្រកវិលកម្ពស់ ៨៨ម៉ែត្រ នៅក្នុងមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ ក្រុមហ៊ុន ព្រីនស៍សូភើ ម៉ាឃីត ក៏អាចសម្រេចបាននូវគោលដៅវិនិយោគលើគម្រោង បើកផ្សារទំនើប ចំនួន១០ទីតាំង ក្នុងរាជធានីភ្នំពេញ រួមនិងគម្រោងសណ្ឋាគារព្រីនស៍ថាម ហូតែលនៅក្រុង ព្រះសីហនុផងដែរ។

ប្រធានក្រុមប្រឹក្សា ក៏បានបញ្ជាក់ដែរថា ក្រៅពីការវិនិយោគ ក្នុងឆ្នាំ២០១៩កន្លងទៅនេះ ក្រុមហ៊ុនក៏បានរៀបចំសកម្មភាព  សប្បុរសធម៌ចំនួន៤៣លើក និងបានឧបត្ថម្ភបរិច្ចាគជា ថវិកាសរុប ១,៧លានដុល្លារ ដោយសកម្មភាពមនុស្សធម៌នេះបានផ្ដល់ប្រយោជន៍ដល់ប្រជា ជនជាង៣ម៉ឺននាក់ ក្នុងគោលបំណងផ្សព្វផ្សាយក្ដីស្រឡាញ់ និងសប្បុរសធម៌គ្រប់ទីកន្លែងនៅ កម្ពុជា។

ក្នុងនាមជាថ្នាក់ដឹកនាំក្រុមហ៊ុនមួយរូប លោកក៏បង្ហាញជំហរថា ឆ្នាំ២០២០នេះ ក្រុម ហ៊ុននឹងបន្តធ្វើសកម្មភាពសង្គម រួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីផលប្រយោជន៍ដល់ ប្រជាពលរដ្ឋកម្ពុជាឱ្យបានកាន់តែច្រើន៕

ដោយ ម៉ៅ ចរិយា