អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា រៀបចំអាហារសាមគ្គី និងចែកកញ្ចប់អំណោយ សម្រាប់កុមារកំព្រា និងទីទ័លក្រចំនួន២០០នាក់

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ — អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា សហការជាមួយ SGQurban ប្រទេសសិង្ហបុរី បានរៀប​ចំពិធីអាហារសាមគ្គី និងចែកញ្ចប់អំណោយ សម្រាប់ក្មេងកំព្រាទីទ័លក្រខ្មែរឥស្លាមចំនួន២០០​នាក់ ។ ពិធីនេះរៀបចំឡើងដោយ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលម៉ូឌែន៥ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកជំទាវ ម៉ាណ ណាវី អ្នកតំណាងរាស្ត្ររាជធានីភ្នំពេញ បានមានប្រសាសន៍ លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមដល់ក្មួយៗទាំងអស់សូមមានការតស៊ូក្នុងជីវិត ខិតខំរៀនសូត្រ​ឱ្យ​ក្លាយជាសិស្សពូកែ ហើយសូមក្មួយៗយកចិត្តទុកដាក់រៀនសូត្រ ចៀស វាងឱ្យឆ្ងាយអំពី​គ្រឿង​ញៀន និងអំពើអបាយមុខទាំងឡាយ។

លោក ណាសៀត អូស្មាន ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា(CMYA) បាន​ថ្លែង​អំណរគុណដល់លោក មូហ្សាំមិល ម្ចាស់ឧបត្ថម្ភ តំណាងសប្បុរសជនពីប្រទេសសិង្ហបុរី ដែលតែងតែរៀបចំពិធីអាហារសាមគ្គី ចែកអំណោយ និងថវិកា ដល់ប្អូនៗកុមារកំព្រា​នៅ​កម្ពុជា ហើយនេះគឺជាលើកទី៤ហើយ ដែលលោកបានរៀបចំ។

លោកក៏បានអរគុណដល់ ឯកឧត្តម កៅ អ៊ីរ៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលជានិច្ចកាលតែងតែធ្វើការទំនាក់ទំនងយ៉ាងល្អប្រសើរ លើកិច្ចការនេះ និងការងារមនុស្ស​ធម៌មួយចំនួនជាច្រើនផ្សេងទៀត ក្នុងរយៈពេលកន្លងមក ៕

ដោយ សួស សំរិត