ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន  អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារការិយាល័យគយ និងរដ្ឋាករដូនរ័ត្ន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

AKP ត្បូងឃ្មុំ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ — ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ  កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ អញ្ជើញចូលរួមក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់អគារការិយាល័យគយ និងរដ្ឋាករដូនរ័ត្ន ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូង ឃ្មុំ  និងមានការអញ្ជើញចូលរួម ផងដែរពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រោមឱវាទ ក្រសួង ឯកឧត្តមអភិបាលខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋានផងដែរ។

នៅក្នុងឱកាសនេះ លោក ខន់ ចន្ទី ប្រធានសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ បានថ្លែងនូវការគោរពអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានផ្តល់នូវអគាររដ្ឋបាលថ្មី ជូនដល់មន្ត្រីរាជការទាំងអស់ និងបានសម្តែងនូវការដឹងគុណចំពោះ ឯកឧត្តមអគ្គ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  ក៏ដូចជាឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ជំរុញការងារសាងសង់អគាររដ្ឋបាលនេះ រហូតដល់បានលេចចេញជារូបរាងឡើង។

នៅក្នុងពិធីសម្ពោធនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំទាំងអស់ ដែលបានខិតខំអនុវត្តការងារសម្រេច បានលទ្ធផលគួរជាទីមោទនៈ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ មានប្រសាសន៍ថា អគារសាខាគយ និងរដ្ឋាករថ្មី ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ ពិតជាទីកន្លែងធ្វើការមួយដ៏ស័ក្តិសម សម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុងការបំពេញការងារគយ និងរដ្ឋាករកាន់តែល្អប្រសើរឡើង ថែមទៀត។ ដូចនេះមន្រ្តីគយទាំងអស់ ត្រូវខិតខំបំពេញការងារតាមតារាងលំហូរនៃនីតិវិធី ប្រកាន់យកអភិក្រមបួនយ៉ាងគឺ ការអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ អនុវត្តន៍ការងារជាក្រុម ប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម និងមិនត្រូវមើលរំលងកំហុសខ្លួនឯង ដោយត្រូវមានកិច្ច សហការការងារយ៉ាងជិតស្និទ្ធរវាងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពពាក់ព័ន្ធដទៃទៀត នៅក្នុងមូលដ្ឋានរបស់ខ្លួន។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា  ក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេស ជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះ បានចាត់ទុកវិស័យសេដ្ឋកិច្ច ក៏ជាវិស័យជាអាទិភាពមួយដ៏សំខាន់ ក្នុងការជួយកសាងនៃការអភិវឌ្ឍន៍ រីកចម្រើនរបស់ប្រទេសជាតិ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបន្តថា សូមឱ្យប្រធានសាខាគយ និងរដ្ឋាករ ខេត្តត្បូងឃ្មុំទាំងអស់ ត្រូវពង្រឹងសកម្មភាពការងាររបស់ខ្លួន លើការកៀរគរចំណូលពន្ធឱ្យ កាន់តែប្រសើរឡើងថែមទៀត ស្របទៅតាមគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល និងត្រូវយកចិត្តទុកដាក់ សហការឱ្យបានល្អជាមួយអង្គភាពពាក់ព័ន្ធនានា ដើម្បីទប់ស្កាត់ឱ្យមានប្រសិទ្ធភាព នូវការរត់ពន្ធខុសច្បាប់ផ្សេងៗ៕

ដោយ គង់ សិរីរ័ត្ន