គម្រោងលំនៅឋានបែបលំហែរកាយដំបូងនៅក្នុងរាជធានីភ្នំពេញ The Palms គ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២០នេះ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ — បន្ទាប់ពីបានបើកការដ្ឋានសាងសង់ដែលចាប់ផ្តើមចាប់តាំងពីខែឧសភា ឆ្នាំ២០១៨ កន្លងមក គម្រោង The Palms គ្រោងនឹងបញ្ចប់ការសាងសង់ នៅចុងឆ្នាំ២០២០ខាង​មុខនេះ ដើម្បីផ្ដល់​ជូនលំនៅឋានផ្ទះវីឡាល្អប្រណិតសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋនៅ​តាមដង ទន្លេមេគង្គ ក្នុងរាជធានីភ្នំពេញ។

លោកឧកញ៉ា សៀ ឬទ្ធី ស្ថាបនិកគម្រោង The Palms បានគូសបញ្ជាក់ថា The Palms គឺជា​គម្រោងលំនៅឋានបែបរមណីយដ្ឋានប្រណីត​ដំបូងគេស្ថិតនៅក្នុងរាជាធានីភ្នំពេញ ហើយ គម្រោងនេះ មានផ្តល់ជូននូវប្រភេទលំនៅឋានបែបផ្ទះវីឡាជាប់មាត់ទន្លេ  មានជាមួយផ្លូវដើរ​លំហែរប្របដងទន្លេ និងកន្លែងកម្សាន្តជាច្រើនផ្សេងទៀត។ លោកឧកញ៉ាបន្ដថា ក្រុមហ៊ុន Oxley-Worldbridge ក៏ជាក្រុមហ៊ុនស្ថិតនៅពីក្រោយការអភិវឌ្ឍគម្រោងធំៗដែល ទទួលបាន​ជោគ​ជ័យយ៉ាងខ្លាំងនៅក្នុងរាជធានីភ្នំពេញ មានដូចជាគម្រោង The Bridge និង The Peak។  លោកឧកញ៉ាបានបន្ដថា សម្រាប់គម្រោងទាំងមូលមានសាងសង់ វីឡា និង វីឡាប្រណីតជាង ២០០ខ្នង ដែលព័ទ្ធជុំវិញទៅដោយដើមត្នោត ទេសភាពខៀវស្រងាត់ និងទឹកដែលមាន​ពន្លឺ​ចែងចាំង ជាមួយការរៀបចំដ៏ល្អឥតខ្ចោះសម្រាប់ការរស់នៅ។ ទន្ទឹមនេះ សម្រាប់អ្នករស់​នៅ​ក្នុង​គម្រោង The Palms អាចរស់នៅក្នុងជីវិតដ៏អស្ចារ្យ ជាមួយកន្លែងកម្សាន្ត និង លក្ខណៈ​ពិសេស​ផ្សេងៗ​នៃលំនៅឋានបែបសហគមន៍ឯកជន។ ជាមួយគ្នានេះ គ្រប់យូនីតទាំង​អស់​មានកន្លែង​អង្គុយលេង ប្របមាត់ទឹក ឆ្នេរខ្សាច់សិប្បនិម្មិត កន្លែងអាំងសាច់ (BBQ) កន្លែង​លេងទឹក អាងហែលទឹកសុខភាព និងអាងហែលទឹកឯកជន។

លោកឧកញ៉ាបានបន្ថែមថា វីឡាបែបរមណីយដ្ឋានរបស់គម្រោង The Palms មាន​ទំហំចាប់ពី ៣៧៧ ម៉ែត្រការ៉េ ដល់ ១,០៨៦ ម៉ែត្រការ៉េ ហើយគ្រប់យូនីតទាំងអស់ត្រូវ​បាន​សាង​សង់ឡើងដោយយកចិត្តទុកដាក់ និងផ្ចិតផ្ចង់ ជាមួយការប្រើប្រាស់សម្ភារដែលមានគុណ​ភាពខ្ពស់ធ្វើឱ្យគម្រោង The Palms ក្លាយជាគំរូដ៏ល្អបំផុត សម្រាប់ការរស់នៅបែបរមណីយ​ដ្ឋានប្រណីត​ដែលមិនធ្លាប់មានពី​មុន​មក​​នៅកម្ពុជា។  លើសពីនេះទៀត វីឡាលំដាប់ប្រណីត​បំផុត​នៅ​ក្នុងគម្រោង The Palms គឺជាប្រភេទវីឡាជាប់មាត់ទឹក ដែលមានចំងាយត្រឹមពីរ ឬបីជំហានពីដងទន្លេមេគង្គ អមដោយផ្លូវវដើរកម្សាន្តជាប់មាត់ទឹកជាមួយ ខ្យល់បរិសុទ្ធពី​ទន្លេ។ កត្តានេះជួយបង្កភាពងាយស្រួលទៅដល់អ្នករស់នៅក្នុងគម្រោងនេះ ព្រោះពួកគេអាច ធ្វើដំណើរបានយ៉ាងងាយស្រួលទៅតំបន់នានាក្នុងរាជធានីភ្នំពេញ តាមរយៈមហាវិថីព្រះ នរោត្តម មហាវិថីព្រះមុនីវង្ស និងមហាវិថី សម្តេច ហ៊ុន សែន។

លោកឧកញ៉ាបានបន្ថែមទៀតថា គម្រោងThe Palms គឺជាការអភិវឌ្ឍដំបូងបំផុត ដែលនាំមកនូវការស្នាក់នៅបែប រមណីយដ្ឋានលំដាប់ខ្ពស់ដល់អ្នករស់នៅក្នុងទីក្រុង។

សូមបញ្ជាក់ថា គម្រោង The Palms ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Oxley-Worldbridge (Cambodia) Co., Ltd ដែលជាការវិនិយោគរួមគ្នា រវាងក្រុមហ៊ុន Worldbridge Land (Cambodia) Co., Ltd ជាក្រុមហ៊ុនអចលនទ្រព្យមានមូលដ្ឋាននៅប្រទេសកម្ពុជា និង ក្រុមហ៊ុន Oxley Holdings Limited ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមានមូលដ្ឋាន​នៅប្រទេស​សិង្ហបុរី។The Palms មានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅជាប់ជា​មួយ​ដងទន្លេមេគង្គ និងធ្វើដំណើរត្រឹម ៥ នាទីពីស្ពានទន្លេ​បាសាក់៕

ដោយ រិទ្ធី