លោកជំទាវ ឃុន រចនា អញ្ជើញចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយ ស្តីពី សុវត្ថិភាពចំណីអាហារតាមគ្រឹះស្ថានសិក្សាក្នុងខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ — នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើ នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ បានរៀបចំយុទ្ធនាការផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចំណីអាហារតាម គ្រឹះស្ថាន សិក្សា ក្រោមអធិបតីភាព លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា មានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នាព្រឹកថ្ងៃ សុក្រ ៨រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០។

លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា មានប្រ សាសន៍ថា ដោយមានការសហការពីនាយកដ្ឋានអប់រំសុខភាពសិក្សា និងមានការគាំទ្រ ឧបត្ថម្ភពីក្រុមហ៊ុនចំនួន៣ ធ្វើការផ្សព្វផ្សាយ ស្ដីពីសុវត្ថិភាព និងសុខុ មាលភាពចំណីអាហារ តាមគ្រឹះស្ថានសិក្សានៅក្នុងខេត្តព្រះសីហនុ ដើម្បីឱ្យសាលាបឋមសិក្សា ទាំងអស់ចូលរួមអនុវត្តន៍នូវលិខិតលេខ១៨ របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឆ្លើយតបគោលនយោបាយរបស់ក្រសួងអប់រំយុវជន និងកីឡា។ ហើយយុទ្ធនាការ ថ្មីមួយនេះ ដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខុ មាលភាពចំណីអាហារនៅតាម គ្រឹះស្ថានសិក្សាក្នុងខេត្តព្រះសីហនុ ព្រោះចំណីអាហារ គឺជាឃាតករលាក់មុខ ដែលធ្វើឱ្យសិស្សានុសិស្សមានសុខភាពមិនល្អ ហើយត្រូវមានការយល់ដឹង និងចូលរួមទាំងអស់គ្នាក្នុងការលើកកម្ពស់គុណភាពចំណីអាហារនៅតាមសាលា។

លោកជំទាវបានបន្តថា រាជរដ្ឋាភិបាល អាណត្តិទី៦ ដាក់ចេញនូវគោលនយោ បាយចតុកោណទី៤ ផ្តោតសំខាន់លើការងារអាទិភាពចំនួន៤ មានដូចជា ធនធាន មនុស្ស, ផ្លូវ, ទឹក, ភ្លើង ដូច្នេះយើងត្រូវការចូលរួមពីគ្រប់ដៃគូ វិស័យឯកជន និងអង្គការ NGO ក្នុងការលើកកម្ពស់គុណភាពសុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថាន សិក្សានៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រាជរដ្ឋាភិបាលយកខេត្តព្រះសីហនុ ជាខេត្តយុទ្ធ សាស្ត្រក្នុងការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ ដែលបច្ចុប្បន្ន កំពុងកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍ផ្លូវក្នុងក្រុងចំនួន ៣៤ខ្សែ ផ្លូវហាយវ៉េ ល្បឿនលឿន ពីរាជធានី មកកាន់ ខេត្តព្រះសីហនុ និងដាក់ឱ្យដំណើរ ការនៅចុងឆ្នាំ២០២២ ខាងមុខ ការពង្រឹងកំពង់ផែអន្តរជាតិ ការពង្រឹងព្រលានយន្តហោះ ដែលជាសក្តានុពលក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ដូច្នេះយើង ត្រូវកាធនធានមូលធនមនុស្សដ៏មានតម្លៃ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ពិសេសអភិវឌ្ឍន៍ខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន។

លោកជំទាវបានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡាយកខេត្ត រាជធានីគោល ដៅចំនួន៥ ក្នុងការចូលរួមអនុវត្តន៍ ស្តីពីសុវត្ថិភាព និងសុខុមាលភាពចំណីអាហារ ក្នុងគ្រឹះស្ថានសិក្សាមាន រាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តព្រះសីហនុ និងបន្តទៅខេត្តកណ្ដាលបន្តទៀត ហើយក៏ត្រូវការចូលរួមពីអ្នកពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សផងដែរ ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពកុមារនៅតាមក្រុង ស្រុក ខណ្ឌ ឃុំ ភូមិ ឱ្យទទួលបានលទ្ធផលល្អ។

លោកជំទាវ ឃុន រចនា បានអំពាវនាវ សូមចូលរួមលើកកម្ពស់សុវត្ថិភាពចំណីអាហារ បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ អនុវត្តន៍តាមលិខិតលេខ១៨ របស់ក្រសួងអប់រំ និងយកចិត្តទុដាក់អនុវត្តន៍ និងការណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា ហើយការ ចូលរួមលើកកម្ពស់ចំណីអាហារនេះ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ព្រមទាំងបាន ផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវថែទាំសុខភាព ព្រោះប្អូនជាទំពាំងស្នងឫស្សី ក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិនាពេលខាងមុខ ៕

ដោយ ងូ សុមុនី