សហគមន៍ទឹកជប់ខ្នារពោធិ៍ ខេត្តសៀមរាប កំពុងរៀបចំព្រៃកោងកាង ឱ្យក្លាយទៅជាតំបន់ទេសចរណ៍

AKP សៀមរាប ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ — លោក ឌឿម ឌន់ ប្រធានសមាគមន៍ទឹកជប់ខ្នារពោធិ៍ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះថា សហគមន៍ទឹកជប់ខ្នារពោធិ៍ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានកំពុងរៀបចំព្រៃកោងកាងចំនួន៩០ហិកតា ក្នុងចំណោមផ្ទៃមានផ្ទៃដី ១០២២ហិកតា របស់សហគមន៍ឱ្យក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ។

លោកបន្តថា នៅក្នុងសហគមន៍នេះ មាន​សក្តានុពលទេសចរណ៍ជាច្រើន ដូចជា ព្រៃកោងកាងទឹកសាប ទឹកជប់ហូរខួបប្រាំងខួបវស្សា មាន​ផ្កាព្រៃរីកស្រស់បំព្រង មានចម្ការឫ ស្សីដែលរៀបចំយ៉ាងស្រស់ស្អាត រួមជាមួយធនធានធម្មជាតិជាច្រើនប្រភេទទៀតផងដែរ។ បច្ចុប្បន្ននេះសហគមន៍ បាន​កំពុងតែធ្វើ​ស្ពាន​សម្រាប់​ឱ្យ​អ្នកទេសចរដើរទស្សនាព្រៃកោងកាង និងផ្កាព្រៃ សាងសង់កន្លែង​សម្រាប់សម្រាកនិងទទួលទានអាហារ កំពុងស្នើសុំទៅអាជ្ញាធរ ឃុំក្នុងការសាងសង់ផ្លូវចូលទៅកាន់តំបន់ឱ្យបានងាយស្រួល ការរៀបចំការការពារសន្តិសុខ សុវត្ថិភាព​ផងដែរ។

លោក ង៉ូវ សេងកាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​ បាន​ឱ្យដឹងថា មន្ទីរ​ទេសចរណ៍មានការគាំទ្រ​ចំពោះ​សកម្មភាពនេះ ព្រោះថា ការបង្កើត​ឱ្យ​មាន​ផលិតផលទេសចរណ៍​ថ្មី​ គឺជា​យុទ្ធសាស្រ្ត​ដ៏សំខាន់ដែល​ក្រសួង​ទេសចរណ៍​កំពុងតែជំរុញ ឱ្យអ្នកពាក់ព័ន្ធទាំង​អស់បង្កើតឱ្យបានច្រើន​ ក្នុង​គោល​ដៅទាក់ទាញភ្ញៀវទេសចរ ឱ្យទស្សនាកម្សាន្តនិងស្នាក់នៅកម្ពុជាបានយូរ។

លោកបាន​បញ្ជាក់ថា ក្រៅពីប្រាសាទបុរាណ​ តំបន់ទេសចរណ៍ធម្មជាតិ និងតំបន់ ទេសចរណ៍កែច្នៃ នៅជុំវិញតំបន់ប្រាសាទ​ គឺជាសក្តានុពលទេសចរណ៍ដ៏សំខាន់មួយដែល​អ្នកទេសចរភាគច្រើនបាន​កំពុងតែមានការចាប់អារម្មណ៍និង​ពេញនិយម។ ដូច្នេះការ​រៀបចំព្រៃកោងកាងចំនួន៩០ហិកតា ក្នុងចំណោមផ្ទៃមានផ្ទៃដី១០២២ហិកតា របស់សហគមន៍ឱ្យក្លាយទៅជាតំបន់ទេសចរណ៍ គឺជាផលិតផលទេសចរណ៍ថ្មីមួយប្លែក ដែលនៅក្នុងខេត្តសៀមរាប​នេះមិនទាន់មាន​។

លោកបាន​បញ្ជាក់ថា មន្ទីរទេសចរណ៍ និងសហការជាមួយស្ថាប័នពាក់ព័ន្ធទាំង អស់ជំរុញឱ្យការរៀប​ចំ​តំបន់នេះ ឱ្យក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញនៅពេល ឆាប់ខាងមុខនេះ ជាពិសេសស្របតាមស្តង់ដារសហគមន៍ទេសចរណ៍ជាតិ៕

ដោយ ឃុត សៅ