ក្រសួងកសិកម្មដាក់ចេញវិធានការការពារ និងអំពាវនាវទប់ស្កាត់ភ្លើងឆេះព្រៃនៅរដូវប្រាំង

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ — ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្តីអំពាវនាវ និងវិធានការទប់ស្កាត់​ឆ្លើងឆេះព្រៃនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់និងនេសាទ។

ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ធាតុអាកាសទូទៅ នៅក្នុងព្រះ​រាជា​​ណាចក្រកម្ពុជាចាប់ផ្តើមផ្លាស់ប្តូរពីរដូវវស្សា ចូលដល់រដូវលំហើយ និងបន្តចូលរដូវប្រាំង​ដែលធាតុអាកាសមានសភាពក្តៅហែងស្ងួតខ្លាំងជាកត្តាងាយបង្កនូវភ្លើងឆេះព្រៃ។ ក្រៅពីបាតុ​ភូតធម្មជាតិដែលអាចបង្កឱ្យមានភ្លើងឆេះព្រៃ ប្រការដែលគួរឱ្យព្រួយបារម្ភបំផុតនោះ​គឺភ្លើង​ឆេះ​ព្រៃដែលបង្កឡើងដោយសារសកម្មភាពរបស់មនុស្សផ្ទាល់។​ ក្នុងសេចក្ដីជូនដំណឹងបន្ដថា កត្តាចម្បងដែលបង្ក​ឱ្យមានភ្លើងឆេះព្រៃញឹកញាប់បំផុតនារដូវប្រាំង តាមរយៈសកម្មភាព​មាន​ជាអាទិ៍៖ ការកាប់ឆ្ការដុតរានព្រៃដើម្បីដាំដំណាំកសិកម្មផ្សេងៗ ការធ្វើកសិកម្មពនេចរ ការតាំង ទីលំនៅឋានថ្មី ការដុតព្រៃដើម្បីចាប់សត្វ ការបន្សល់ដើមភ្លើងនៅក្នុងព្រៃតាមរយៈ ការធ្វេស​ប្រហែសរបស់មនុស្ស។ល។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានកត់សម្គាល់ឃើញ​ថា ភ្លើងឆេះព្រៃ ជារៀងរាល់ឆ្នាំបានបង្កឱ្យមានបញ្ហាដ៏ធ្ងន់ធ្ងរដល់ការបាត់បង់ធនធានព្រៃឈើ ព្រៃលិចទឹក និងរាលដាលរហូតដល់ឆេះស្រូវ និងភូមិកររបស់ប្រជាពលរដ្ឋ ហើយបានបង្ក​វិនាសកម្ម និងការខាតបង់យ៉ាងធ្ងន់ធ្ងរដល់សង្គម សេដ្ឋកិច្ចជនបទ សេដ្ឋកិច្ចជាតិ ធនធាន​ធម្មជាតិ និងបរិស្ថាន។ ដោយសង្កេតឃើញបញ្ហាប្រឈមទាំងនេះ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទសូមធ្វើការណែនាំដល់អង្គភាពជំនាញ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រដ្ឋបាលមូលដ្ឋាន រួមទាំងសហគមន៍ព្រៃឈើ សហគមន៍នេសាទ និងសហគមន៍​កសិកម្ម​ផងដែរ ដើម្បីអនុវត្តន៍វិធានការដូចជា ១-ទប់ស្កាត់ការប្រើប្រាស់ភ្លើងជាមធ្យោបាយ​ដើម្បីយកឃ្មុំ ការដុតស្ទាក់ចាប់សត្វ និងការដុតវាលស្មៅដើម្បី យកល្បាស់ធ្វើចំណីសត្វ​ពាហនៈ។ ២-ទប់ស្កាត់ការកាប់ឆ្ការ គាស់រាន ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹក ដើម្បី ពង្រីកផ្ទៃដីដំណាំកសិកម្ម ឬក្នុងគោលបំណងផ្សេងៗទៀតដែលជាសកម្មភាពល្មើសច្បាប់ និង​នាំមកនូវភ្លើងឆេះព្រៃឈើ ព្រៃលិចទឹក និងរាលដាល រហូតដល់ឆេះស្រូ វនិងភូមិរបស់ ប្រជា​ពលរដ្ឋ។ ៣-ក្នុងករណ៏ចាំបាច់ដែលត្រូវប្រើភ្លើងជាមធ្យោបាយក្នុងការដុតកា​កសំណល់ឈើ​ព្រៃក្រោមគោលបំណង ដាំដំណាំកសិកម្ម និងសកម្មភាពស្របច្បាប់ផ្សេងទៀត ត្រូវជូន​ដំណឹង​ដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្តសាមី ដើម្បីណែនាំអនុវត្តន៍ វិធានការបច្ចេកទេសសមស្របដែលអាចធានាសុវត្ថិភាពចំពោះភ្លើងព្រៃ។ ៤-ការរុករកផល អនុ​ផលព្រៃឈើ ជាប្រពៃណី និងសកម្មភាពផ្សេងទៀតដែល ចាំបាច់ ត្រូវប្រើភ្លើងជា​មធ្យោ​បាយ(ដុតរណ្ដៅជីរ) ត្រូវណែនាំពន្លត់ភ្លើងឱ្យអស់ជាចាំបាច់ មុនពេលចាក ចេញពីដើមឈើ​ច្នោះជ័រ ឬទីតាំងដែលប្រើភ្លើងនោះ។ ៥-ក្នុងករណីកើតមានភ្លើងឆេះព្រៃ ត្រូវប្រញាប់ចាត់​វិធាន​ការទប់ស្កាត់ជាបន្ទាន់ តាមរយៈការប្រកាសអាសន្នហើយគណៈបញ្ជាការឯកភាព​រាជ​ធានី-ខេត្ត ត្រូវដឹកនាំបញ្ជាផ្ទាល់ក្នុងការប្រើកម្លាំងសរុបរួមមានប្រជាពលរដ្ឋសហគមន៍ សិស្សា​នុ​សិស្ស ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ។ល។ ដែលឈរជើងនៅក្នុងមូលដ្ឋា​ននោះ ដើម្បីរួមគ្នា ទប់ស្កាត់ និងពន្លត់ភ្លើងព្រៃឱ្យមានប្រសិទ្ធភាព។ ៦-ក្រោមការការដឹកនាំ​របស់ប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត-រាជធានី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនណាដែល បានកាប់រករាន ដុតព្រៃ និងកាន់​កាប់ដី ព្រៃឈើដែលឆេះ ហើយដោយអនាធិបតេយ្យដែលផ្ទុយនឹងច្បាប់ និងបទបញ្ហា​នានា​របស់រាជ​រដ្ឋាភិបាល។ ៧-ត្រូវសហការជាមួយអាជ្ញាធរដែនដីក្នុងការហាមឃាត់ចូលប្រើប្រាស់​ដីព្រៃឈើ និងព្រៃលិចទឹកដែលឆេះរួច ដើម្បីទុកលទ្ធភាពឱ្យរុក្ខជាតិដុះឡើងវិញតាមលក្ខណៈ​ធម្មជាតិ។ ក្រសួងបានលើកឡើងទៀតថាអនុលោមតាមច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីជល​ផល ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដែន ដីគ្រប់ថ្នាក់ ត្រូវមានករណីយ កិច្ចទទួលខុ សត្រូវ ថែរក្សា ការពារព្រៃឈើ បង្ការ និងប្រយុទ្ធនឹងភ្លើងឆេះព្រៃ ចូលរួមថែរក្សា ជម្រកមច្ឆជាតិ ការពារ បង្ការ និងប្រយុទ្ធនឹងភ្លើងឆេះព្រៃលិចទឹក នៅតាមមូលដ្ឋានរៀងៗ​ខ្លួន។ ជាមួយគ្នានេះដែរ ជនណាដែលបានប្រព្រឹត្ត ឬបង្កឱ្យមានភ្លើងឆេះព្រៃ ឬភ្លើងឆេះព្រៃ លិចទឹកដោយចេតនា ត្រូវផ្តន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី១ ឬបទល្មើសជលផល ថ្នាក់ទី១ដែលត្រូវជាប់ពន្ធនាគារពី០៣ឆ្នាំទៅ០៥ឆ្នាំ ឬពី០៥ឆ្នាំទៅ១០ឆ្នាំ៕

ដោយ ប៊ុនរិទ្ធ