សម្ដេចប្រធានរដ្ឋសភា ធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាព

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ — សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ទៅចូលរួមកិច្ច ប្រជុំប្រចំាឆ្នាំលើកទី២៨ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) នៅទីក្រុងកង់បេរ៉ា ប្រទេស អូស្ត្រាលីដោយជោគជ័យ។

APPF បានដំណើរការកិច្ចប្រជុំរបស់ខ្លួន​ ក្រោមមូលបទ «ភាពជាដៃគូសភាសម្រាប់ ឆ្នាំ២០២០ និងឆ្នំាបន្តបន្ទាប់» ដោយមានគណៈប្រតិភូសភាជាសមាជិក APPF​ ចំនួន ៣៥០នាក់ មកពី២០ប្រទេស រួមទាំងប្រទេសសង្កេតការណ៍ចំនួន១០ផងដែរ។

កិច្ចប្រជុំនេះ សម្តេចប្រធានរដ្ឋសភា ត្រូវបានសភាប្រទេសអូស្ត្រាលី​ ផ្តល់កិត្តិយស ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងបានថ្លែងសុន្ទរកថាគន្លឹះក្នុង ពិធីបើកកិច្ចប្រជុំជាផ្លូវការ។ សភាប្រទេសអូស្រ្តាលី និងប្រតិភូដែលបានចូលរួម បានសម្តែងការកោតសរសើរចំពោះសម្តេច ដែលបានដឹកនាំសភាកម្ពុជា រៀបចំកិច្ចប្រជុំ APPF លើកទី២៧ កាលពីឆ្នាំកន្លងទៅនៅខេត្តសៀមរាប បានទទួលជោគជ័យ​ ហើយជោគ ជ័យនៅកម្ពុជានោះ ធ្វើឲ្យការ ប្រជុំរបស់APPF កាន់តែមានលក្ខណៈល្អប្រសើរឡើង។

អំឡុងពេលចូលរួមកិច្ចប្រជុំ សម្តេចអគ្គមហាពញាចក្រី បានជួបពិភាក្សាការងារ ជាមួយប្រធានរដ្ឋសភាអូស្រ្តាលី ដើម្បីជំរុញទំនាក់ទំនងសភា និងស្នើសុំអូស្រ្តាលីជួយ ផ្សព្វផ្សាយពីសក្តានុពលរបស់កម្ពុជា ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។

សម្តេចក៏បានស្នើសុំអូស្រ្តាលីផ្តល់អាហារូបករណ៍ដល់មន្រ្តីរាជការនិងនិស្សិតកម្ពុជាឲ្យបានច្រើនបន្ថែមទៀត។ ក្រៅពីនេះ សម្តេចប្រធានរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ​ លោកជំទាវប្រធានរដ្ឋសភាប្រទេសឡាវ លោកជំទាវអនុប្រធានរដ្ឋសភាប្រទេសវៀតណាម ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ និងបានផ្លាស់ប្តូរ ព័ត៌មានបច្ចុប្បន្នភាពពីគ្នាទៅវិញទៅមក ក្នុងការជំរុញចំណងមិត្ត ភាព កិច្ចសហប្រតិបត្តិការល្អក្នុងនាមប្រទេសជិតខាង។

ចំពោះសមាជិកគណៈ ប្រតិភូសភាកម្ពុជាវិញ បានចូលប្រជុំពិភាក្សានៅគ្រប់កិច្ចប្រជុំ របស់APPF ក្នុងនោះមានកិច្ចប្រជុំគណៈកម្មាធិការនយោបាយនិងសន្តិសុខ ដឹកនាំដោយ ឯកឧត្តម ឈាង វុន។ កិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាស្រ្តី ដឹកនាំដោយ លោកជំទាវ បាន ស្រីមុំ។ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច ដឹកនាំដោយឯកឧត្តម  សុខ សូកាន។ កិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការតំបន់ ដឹកនាំដោយ ឯកឧត្តម ខៀវ មុត និងកិច្ចប្រជុំគណៈ កម្មាធិការបូកសរុបនិងសេចក្តីថ្លែងការណ៍ ដឹកនាំដោយ ឯកឧត្តមឈាង វុន និងឯកឧត្តម សុខ សូកាន។ ប្រតិភូសភាកម្ពុជាក៏បានចូលរួមនៅក្នុងគណៈកម្មាធិការ ព្រាងសេចក្តីប្រកាសរួម ដោយបានផ្លាស់ប្តូរយោបល់ជាមួសមាជិកAPPF ផងដែរ។

សូមជម្រាបថា​ កិច្ចប្រជុំប្រចំាឆ្នាំ APPF លើកទី២៨ បានបិទបញ្ចប់ដោយបាន អនុម័តសេចក្តីសម្រេចចំនួន១៩​ ដែលជាយន្តការមួយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់តួនាទីសភាក្នុងការពង្រឹងសន្តិភាពនិងសន្តិសុខ ការពង្រឹងស្ថាប័នពហុភាគី ដើម្បីអនុវត្តន៍ពាណិជ្ជកម្មសេរី និងរួមគ្នាឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុឆ្ពោះ ទៅរកការរីកចម្រើន ប្រកបដោយចីរភាព និងវិបុលភាព នៅក្នុងតំបន់ និងសកលលោក។ កិច្ចប្រជុំ APPF លើកទី២៩ នឹងប្រារព្ធធ្វើនៅសាធារណរដ្ឋកូរ៉េក្នុងឆ្នាំ២០២១ និងនៅ ព្រះរាជាណាចក្រថៃក្នុងឆ្នាំ២០២២៕

ដោយ ប៉ាល់ សុង