ក្រសួងការពារជាតិ និងអាស៊ីអឺរ៉ុប ឡើងជួបគ្នាវគ្គផ្តាច់ព្រ័ត្រ​ក្នុងព្រឹត្តិការណ៍ត្រៀមលីគកំពូល​កម្ពុជារដូវកាលថ្មី

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ — ក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិបានប្រកួតឈ្នះក្រុមសូលទីឡូអង្គរ ដោយលទ្ធផល ២ទល់០ ខណៈក្រុមណាហ្គាវើលដ៍ ប្រកួតចាញ់ក្រុមអាស៊ីអឺរ៉ុប ដោយលទ្ធផល ៣ទល់៤ នៅក្នុងការ​ប្រកួត Pre-Season Championship 2020 នៅកីឡដ្ឋានស្ដាតចាស់ កាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ដោយក្រុមជ័យជម្នះទាំងពីរឡើងទៅជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី១៨ ខែមករា ស្អែកនេះ។

ព្រឹត្តិការណ៍ប្រកួតត្រៀម ដែលហៅថា Pre-Season Championship 2020 ដើម្បីបង្កើន​គុណភាពបច្ចេកទេស មុនការប្រកួតលីគកំពូលកម្ពុជា រដូវកាលថ្មី ២០២០ ដែលនឹងចូលមក​ដល់​នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ដោយការប្រកួតនេះ​មាន៤ក្រុមនៃសមាជិក​លីគចូល​រួមប្រកួត។ ក្រុមអាស៊ីអឺរ៉ុប និងក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិបានដឹកដៃគ្នា​ឡើងវគ្គផ្ដាច់​ព្រ័ត្រជាមួយគ្នា ក្រោយក្រសួងការពារជាតិបានយកឈ្នះក្រុមសូលទីឡូអង្គរ ដោយលទ្ធផល ២-០។ រីឯការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនាល្ងាចថ្ងៃទី១៨ ខែមករាស្អែក ប៉ុន្តែមុន​ឈាន​ដល់ការប្រកួតដណ្ដើមពានរវាងអាស៊ីអឺរ៉ុប និងក្រសួងការពារជាតិ គឺក្រុមចាញ់ទាំងពីរ គឺណាហ្គាវើលដ៍ និងសូលទីឡូអង្គរ ក៏ត្រូវជួបគ្នាដណ្ដើមលេខ៣ នាវេលាម៉ោង ៣រសៀលថ្ងៃ ជាមួយគ្នា។

លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើលដ៍ បាននិយាយថា ការចាញ់ការ​ប្រកួត​មិត្តភាពក្នុងរដូវកាល Pre-Season ជារឿងធម្មតារបស់ក្រុមខ្លួន តែអ្វីដែលសំខាន់ គឺការត្រៀម​ខ្លួនបានល្អ សម្រាប់រដូវកាលថ្មី។ គ្រូបង្វឹកដែលដឹកនាំក្រុមណាហ្គាវើលដ៍​ឈ្នះជើងឯក​លីគ​កំពូលកម្ពុជា រដូវកាល ២០១៨ រូបនេះបានអះអាងថា ក្នុងដំណាក់កាលត្រៀមនេះ លោកមិន​សូវខ្វល់រឿងលទ្ធផលទេ ព្រោះភាគច្រើនក្រុមលោកកម្រឈ្នះណាស់ ដោយ៨ប្រកួត យ៉ាង​ច្រើនយើងឈ្នះ ២ប្រកួត ឬ១ប្រកួត ហើយពេលខ្លះគេស៊ុតយើង ៧គ្រាប់ ឬ ៨គ្រាប់ក៏មាន។ លោកអត់ខ្វល់ ពីរឿងរដូវកាលត្រៀមនេះទេ សំខាន់ពេលខាងមុខ តែបើយើងគិតថា រដូវកាល​ត្រៀមសំខាន់ ឬការប្រកួតសំខាន់ បញ្ហាថ្ងៃក្រោយ នឹងកើតមាន៕

ដោយ ហេង ណាលីន