ធនាគារជាតិ នៃកម្ពុជា ក្រសួងកិច្ចការនារី និងក្រុមហ៊ុន វិសា ចាប់ផ្តើមដំណើរការគម្រោងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្ត្រី

AKP ភ្នំពេញ ១៧ មករា ២០២០ – ធនាគារជាតិនៃកម្ពុជា ក្រសួងកិច្ចការនារី និងក្រុមហ៊ុន វីសា ដែលជា​ក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការទូទាត់តាមប្រព័ន្ធឌីជីថល ចាប់​ផ្តើម​ដំណើរការ​គម្រោងរយៈពេលមួយឆ្នាំ ដែលមានគោលបំណងលើកកម្ពស់ចំណេះដឹង​ផ្នែកហិរញ្ញវត្ថុ សម្រាប់ ស្ត្រីនៅ កម្ពុជា ដោយផ្តោតលើ​ការប្រើ​ប្រាស់​ទម្រង់ឌីជីថល ។​

​គម្រោងនេះមានឈ្មោះថា “​ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តីនិងសហគ្រិនស្រ្តី” នឹង រួម​ចំណែក​​ក្នុងការជំរុញការចូលរួមពីយុវតីនិងសហគ្រិនស្រ្តី ជាពិសេសប្រជាជននៅតាមជនបទ រួម​បញ្ចូលទាំងសិស្សនិងនិស្សិតស្រី ដែលកំពុងប្រកបអាជីវកម្មខ្នាតតូច ឬមានបំណងចង់បង្កើតអាជីវកម្ម។ ជាមួយគ្នាផងដែរ គម្រោងនេះមានគោលបំណងបង្កើនសមត្ថភាពបច្ចេកទេសដល់​មន្រ្តីក្រសួងកិច្ចការនារី និង​ថ្នាក់​ក្រោមជាតិ ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ស្ត្រីនៅកម្ពុជាឲ្យបានកាន់តែប្រសើរ​ជាង​មុន។

ការ​ចាប់ផ្តើមកម្មវិធីក្នុងថ្ងៃនេះ រួមបញ្ចូលនូវសិក្ខាសាលាមួយចំនួនដែលទាក់ទងនឹងបញ្ហាជុំវិញចំណេះដឹង ផ្នែកហិរញ្ញវត្ថុរបស់ស្ត្រី យុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ និងអនុសាសន៍សម្រាប់ការអភិវឌ្ឍ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏ដូចជា​លើកកម្ពស់សហគ្រិនស្ត្រី។ គម្រោង​នេះ​នឹង​រៀបចំ​ឲ្យ​មានជា​ព្រឹត្តិការណ៍​ដែលប្រព្រឹត្តទៅនៅខេត្តព្រះវិហារ សៀមរាប ក្រចេះ និងស្ទឹងត្រែង ក្រោមប្រធានបទដូចជា៖ “ចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងឌីជីថល​សម្រាប់ការអភិវឌ្ឍសហគ្រិនភាព” និង “ការទទួលបាន​សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយសុវត្ថិភាព”។ នៅតាមបណ្តាខេត្តនីមួយៗខាងលើ កម្មវិធីនេះ​នឹងត្រូវដំណើរការ​យ៉ាង​​ទូលំទូលាយ​តាមរយៈមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី ក្រោម​ការ​សម្រប​សម្រួល​របស់​ក្រសួង​កិច្ចការនារី។

លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានមានប្រសាសន៍កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយគម្រោងស្តីពី “ ការលើកកម្ពស់ចំណេះដឹង ផ្នែងហិរញ្ញវត្ថុសម្រាប់ស្ត្រី និងស្ត្រីសហគ្រិន” ថា៖ «ប្រទេស​កម្ពុជា​យើងត្រូវការពង្រឹង និងពង្រីកប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិន ដូចជា​លទ្ធភាព​ក្នុង​ការ​ទទួល​ហិរញ្ញវត្ថុ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ  បរិយាកាសគាំទ្រ និង​ស្ថាប័ន​គាំទ្រ​ ដែលទាំងអស់នេះ គឺជា​កាលានុវត្តភាព សម្រាប់​សក្តានុពលនៃកំណើន ការអភិវឌ្ឍផលិតភាព ភាព​ច្នៃ​ប្រឌិត និង​នវានុវត្តន៍​ នៅក្នុងបរិបទប្រកួតប្រជែងរបស់សាកលដែលមានការ​ផ្លាស់ប្តូរ​យ៉ាង​លឿន។ សំខាន់ជាងនេះទៅទៀត សហគ្រិន និងអ្នកធ្វើអាជីវកម្មស្ត្រីកម្ពុជានៅ​មាន​ច្រើន​នៅ​ក្នុង ប្រភេទ​អាជីវកម្មខ្នាតមីក្រូ និងខ្នាតតូច និងក្រៅផ្លូវការ ហើយ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏នៅ​មាន​កម្រិត។ កត្តាទាំងអស់នេះបាននាំឱ្យពួកគាត់អាច​មើលឃើញបានទូលំទូលាយ​ពីហា​និ​ភ័យ និងភាពងាយរងគ្រោះ​នៅ​ក្នុង​ដំណើរ​ការនៃការអភិវឌ្ឍអាជីវកម្ម ធៀបទៅនឹងបុរស​ដែល​ជាអ្នក​គ្រប់​គ្រង​​អាជីវកម្ម។ ការរៀបចំប្រកាសឱ្យដំណើរការគម្រោង នាព្រឹត្តិការណ៍​នៅ​ថ្ងៃនេះ បានដើរ​តួនាទី​​យ៉ាងសំខាន់ក្នុងការពង្រឹង​ចំណេះដឹងផ្នែកហិរញ្ញវត្ថុ​របស់ស្ត្រី ក៏ដូចជា​បង្កើនសមត្ថភាព​របស់​ពួកគេ​ក្នុង​ការដើរចេញពីភាពងាយរងគ្រោះ ក្នុងដំណើរការអាជីវកម្ម​ខ្នាតមីក្រូ និងក្រៅផ្លូវការ។

លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា “ធនាគារជាតិនៃកម្ពុជាទទួលស្គាល់ថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុគឺជាមូលដ្ឋានគ្រឹះក្នុងការ លើក កម្ពស់បរិយាបន្នហិរញ្ញវត្ថុ​នៅកម្ពុជា និងរួមចំណែកសម្រេចបាននូវគោលដៅកំណត់ក្នុង យុទ្ធសាស្រ្ត ជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥។ ក្នុងន័យនេះ ធនាគារជាតិនៃកម្ពុជា សហការ ជាមួយភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍​នានា បានធ្វើយុទ្ធនាការលើកកម្ពស់ចំណេះដឹង ផ្នែកហិរញ្ញវត្ថុ ដោយផ្តោតលើអតិថិជនដែលមានលទ្ធភាព​ស្រូបយកចំណេះដឹងដើម្បីធានានូវការ យល់ដឹង ការរក្សា និងការប្រើប្រាស់ព័ត៌មានដែលបានផ្សព្វផ្សាយ សម្រាប់ទទួលបានសេវា ហិរញ្ញវត្ថុផ្លូវការ។”​

លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការ​ ក្រសួងកិច្ចការនារី មានប្រសាសន៍ថា “ការបង្កើន ភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីមិនមែន​ផ្តល់ផលប្រយោជន៍ចំពោះ​ស្រ្តីតែប៉ុណ្ណោះទេ ថែម​ទាំង​មាន​ឥទ្ធិពល​ជា​ វិជ្ជមាននិងទូលំទូលាយដល់ក្រុម​គ្រួសារ​ សហគមន៍ និងម៉ាក្រូសេដ្ឋកិច្ច។ ខណៈដែលសេដ្ឋកិច្ចកម្ពុជាមាន​​ការរីកចម្រើននិងអភិវឌ្ឍន៍ខ្លាំង យើងត្រូវផ្តោត​ការយកចិត្តទុកដាក់លើ ការលើកស្ទួយក្រុមងាយរងគ្រោះ ហើយ​កម្មវិធីនេះគឺ​ជាយន្តការ​គាំទ្រ​ដល់គោលដៅខាង​លើ។”​

លោកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រង ក្រុមហ៊ុន វីសា ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “ក្រុមហ៊ុន ​វីសាបានរៀបចំកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅទូទាំងពិភពលោក ហើយសង្កេតឃើញថាកម្មវិធីនេះមានផល​ប្រយោជន៍​ជា​ច្រើនទៅលើប្រជាជន និងសហគមន៍។ នេះជា ឆ្នាំទីបីហើយដែលក្រុមហ៊ុន ​​វីសា​បានគាំទ្រដល់គំនិតផ្តួចផ្តើម​រៀបចំកម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុនៅកម្ពុជា ហើយយើងរំពឹងថា​កិច្ចការនេះនឹងបន្តលើក​កម្ពស់​ភាពអង់អាចផ្នែកហិរញ្ញវត្ថុ​របស់​ប្រជាជន ក៏ដូចជា​ការអភិវឌ្ឍ​សេដ្ឋកិច្ចក្នុងប្រទេស។”

ជាងពីរទស្សវត្សរ៍មកហើយដែល ក្រុមហ៊ុន វីសា បាន​និងកំពុងបន្តរៀបចំកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ​ទូទាំងពិភពលោក ដោយរៀបចំកម្មវិធីឆ្លើយតប​ទៅតាមតម្រូវការទីផ្សារ និងទៅដល់ប្រជាជន គ្រប់កម្រិតចាប់ពី​កុមារ ដល់និស្សិត និងប្រជាជនពេញវ័យ។​

ដោយ ផែន រតនៈ