ការជំនុំជម្រះលើការចោទប្រកាន់លោកត្រាំនៅព្រឹទ្ធសភាអាមេរិកកំពុងត្រូវបានរៀបចំឡើង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (១៧.០១.២០)

អាមេរិក៖ កាលពីរសៀលថ្ងៃព្រហស្បតិ៍នេះលោកចនរ៉ូបឺតប្រធានតុលាការយុត្តិធម៌សហរដ្ឋអាមេរិកបានស្បថ នៅក្នុងព្រឹទ្ធសភា  ដើម្បីទទួលតំណែងក្នុងការជំនុំជម្រះលើការចោទប្រកាន់លោកត្រាំដែលជាដំណើរការមួយមានការរង់ចាំអស់ពេលជាយូរមកហើយនៅសហរដ្ឋអាមេរិក។

ប្រធានាធិបតីដូណាល់ត្រាំជាប្រធានាធិបតីទី ៣ ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកដែលត្រូវប្រឈមនឹងការកាត់ក្តីបែបនេះនៅក្នុងអង្គជំនុំជម្រះ។ ការជំនុំជម្រះក្តីគ្រោងនឹងចាប់ផ្តើមនៅថ្ងៃអង្គារខាងមុខដោយមានការចូលរួមជាអធិបតីភាពរបស់លោករ៉ូបឺត។

មុនពេលដែលលោករ៉ូបឺតនិងសមាជិកព្រឹទ្ធសភាទាំងអស់ធ្វើស្បថ សមាជិកសភានៃគណបក្សប្រជាធិបតេយ្យបានចូលមកព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋនាពេលរសៀលថ្ងៃព្រហស្បតិ៍ដើម្បីអាននូវការចោទប្រកាន់ពីរលើលោកត្រាំគឺបទរំលោភអំណាចនិងការរាំងស្ទះការងារសភា។