ពិធីសម្ពោធជាផ្លូវការគម្រោង Grab for Good គាំទ្រដល់មនុស្សថ្លង់ និងប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ​២០២០ — ប្រភពពីក្រសួង​សាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា​ កាលពីថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធា    រណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការគម្រោង Grab for Good គាំទ្រដល់មនុស្សថ្លង់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (Grab for Good: Break The Silence and Anti-Human Trafficking) នៅសណ្ឋាគារ Raffles Le Royal រាជធានីភ្នំពេញ ដោយមាន​ការចូលរួម​ពីថ្នាក់ដឹកនាំក្រសួង គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ក្រុមប្រឹក្សាសកម្មភាពជនពិការ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) ប្រធានប្រតិបត្តិការតំបន់ នៃក្រុមហ៊ុន Grab ប្រធានក្រុមហ៊ុន Grab ប្រចាំនៅកម្ពុជា អង្គការបណ្ដាញជំនួយដល់កុមារកម្ពុជា អង្គការអភិវឌ្ឍន៍មនុស្សថ្លង់ និងបងប្អូនអ្នកបើកបរថ្លង់ និងមានបញ្ហាក្នុងការស្តាប់ផងដែរ។

ប្រភពដដែលបានគូសបញ្ជាក់ថា គម្រោងនេះមានគោលបំណងជំរុញ លើកទឹកចិត្ត និងផ្តល់ឱកាសដល់បងប្អូនថ្លង់ មានបញ្ហាក្នុងការស្តាប់ និងពិការភាព អាចទទួលបានឱកាសការងារ ក្នុងការរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាព និងការលើកកម្ពស់បងប្អូនមានពិការភាព ពីសំណាក់រាជរដ្ឋាភិបាល ក្រុមហ៊ុនឯកជន ក៏ដូចជាភាគីពាក់ព័ន្ធ។

នៅក្នុង​ឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា គម្រោងនេះជាគម្រោងដ៏សំខាន់មួយដែលនឹងផ្តល់ផលល្អសម្រាប់សង្គមកម្ពុជា និងជាគម្រោងដំបូងគេបង្អស់នៅកម្ពុជា ដែលអាចចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមភាពជាដៃគូក្នុងការបង្កើនឱកាសសម្រាប់ជនពិការ និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ។ ​តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាមួយនឹងការចូលរួមពីដៃគូ និងក្រុមហ៊ុននានា ជាពិសេសក្រុមហ៊ុន បានបង្កើតឱកាសរកចំណូល និងការងារធ្វើជូនមនុស្សថ្លង់ និងអ្នកមានបញ្ហាក្នុងការស្តាប់នៅកម្ពុជា ដែលពួកគាត់តែងជួបប្រទះកង្វះខាតជម្រើសនៃការធ្វើទំនាក់ទំនងមិនមែនតាមរយៈពាក្យសម្តី ដែលជាឧបសគ្គសម្រាប់ពួកគាត់ក្នុងក្នុងការស្វែងរកឱកាសការងារធ្វើ។

ជាមួយគ្នានេះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងមានភាពជាដៃគូដ៏រឹងមាំជាមួយក្រុមហ៊ុន Grab តាមរយៈគម្រោង SUMAI របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ជាសហដៃគូ ក្នុងការជួយឧបត្ថម្ភដល់សកម្មភាពសុវត្ថិភាពចរាចរ ណ៍នៅកម្ពុជា តាមរយៈការឧបត្ថម្ភមួកសុវត្ថិភាព និងឧបករណ៍ចំណាំងផ្លាត សម្រាប់យុទ្ធ នាការសុវត្ថិភាពចរាចរណ៍នៅក្នុងព្រឹត្តិការណ៍នានា នៅតាមបណ្តោយផ្លូវជាតិក្នុងទីក្រុង និងការបណ្តុះបណ្តាលអំពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបរម៉ូតូកង់បីផងដែរ ហើយ​ក្រសួងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Grabទាក់ទងនឹងការចែករំលែកទិន្នន័យ (Data Sharing) ការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការដឹកជញ្ជូន ការអភិវឌ្ឍមុខងារកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដែលអាចរាយការណ៍អំពីគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ និងការបង្កើនចំនួនការប្រើប្រាស់យានយន្តមិនសូវបញ្ចេញផ្សែងពុល (Cleaner Vehicle) នៅក្នុងទីក្រុងភ្នំពេញ ព្រមជាមួយនឹងការពិនិត្យលទ្ធភាពក្នុងការចេញប័ណ្ណបើកបរជូនជនពិការ ដើម្បីធ្វើឱ្យពួកគាត់អាចទទួលបាននូវភាពស្របច្បាប់ក្នុងការបើកបរផងដែរ។82154916_1310914759092861_3340574379703533568_o

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ដ្រីបានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន Grab អង្គការដៃគូ ស្ថាប័នជាតិ និងដៃគូផ្សេងៗទៀត ដែលបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយជនពិការកម្ពុជា ជាពិសេស អ្នកបើកបរថ្លង់ និងអ្នកមានបញ្ហាក្នុងការស្តាប់ ដើម្បីសន្តិសុខ សុវត្ថិភាពសាធារណៈ និងភាពសុខដុមរម្យនាសង្គម៕

ដោយ ទេស ច័ន្ទសុធារី (រូបភាព៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន)