អាជ្ញាធរខេត្តកំពង់ឆ្នាំង ស្នើឱ្យអ្នកប្រកបមុខវិជ្ជាជីវៈវិស័យសេវាសុខាភិបាលផ្នែកឯកជន ពង្រឹងសមត្ថភាព

AKP កំពង់ឆ្នាំង ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០–ក្នុងកិច្ចជួបសំណេះសំណាលជាមួយអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាលផ្នែកឯកជន នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងកាលពីរសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានស្នើឱ្យអ្នកប្រកបមុខវិជ្ជាជីវៈវិស័យសេវាសុខាភិបាលផ្នែកឯកជនពង្រឹងសមត្ថភាព បង្កើនភាពទទួលខុសត្រូវក្នុងការផ្តល់សេវាដល់ជូនប្រជាពលរដ្ឋ ។

លោក អម សុភា បានមានប្រសាសន៍ថា បច្ចុប្បន្នសេវាសុខាភិបាលផ្នែកឯកជន នៅតែជាដៃគូដែលមិនអាចខ្វះបានជាមួយនឹងសេវាសុខាភិបាលសាធារណៈរបស់រដ្ឋ សូមឱ្យគ្រប់សេវាសុខាភិបាលផ្នែកឯកជនទាំងអស់ ផ្តល់ភាពជឿទុកចិត្ត និង បង្កើនប្រសិទ្ធភាពនៃការថែទាំ និង ព្យាបាលជូនអតិថិជនប្រកបដោយគុណធម៌ សមធម៌ និង គោរពបាននូវក្រមសីលធម៌ វិជ្ជាជីវៈគ្រូពេទ្យ ។

លោកអភិបាលរងខេត្តបានមានប្រសាសន៍បន្តទៀតថា  គ្រូពេទ្យត្រូវតែមានការទទួលខុសត្រូវខ្ពស់ ចំពោះការព្យាបាលអ្នកជំងឺដោយប្រុងប្រយ័ត្ន ហើយថែមទាំងមានចំណេះដឹងប្រកបដោយវិជ្ជាជីវៈខ្ពស់ថែមទៀត ដើម្បីសុវត្ថិភាពអាយុជីវិតរបស់ប្រជាពលរដ្ឋមិនអាចធ្វេសប្រហែសក្នុងពេលដែលថែទាំព្យាបាលអ្នកជំងឺ គឺអាចបង្កឱ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សបាន។

លោកបានបន្ថែមថា  នៅចំពោះមុខស្ថានភាព និងបរិបទសង្គមកម្ពុជាសព្វថ្ងៃ យើងទទួលស្គាល់ថា វិស័យសុខាភិបាល មានវឌ្ឍនភាពវិជ្ជមានច្រើនទាំងផ្នែកឯកជន និង វិស័យសុខាភិបាលរបស់រដ្ឋ ។ ទោះជាមានចំណុចវិជ្ជមានច្រើនយ៉ាងណាក៏ដោយ ក៏នៅមានការខ្វះចន្លោះមួយចំនួនតូច ដូចជាគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការព្យាបាល ជាពិសេសនោះគុណភាពក្នុងការថែទាំ ។ ដែលកិច្ចការទាំងនេះទាមទារឱ្យគិលានុបដ្ឋាករបស់រដ្ឋក្ដី  ឯកជនក្ដី ត្រូវយកចិត្តទុកដាក់តាមដាន ដើម្បីធ្វើការកែលម្អរាល់ចំណុចខ្វះខាតទាំងអស់នេះឱ្យ ប្រសើរ ។

លោកអភិបាលរងខេត្តបានឱ្យដឹងដែរថា ការបង្កើតកម្មវិធីជួបជុំគ្នានេះឡើង គឺក្នុងគោលបំណងពង្រឹងការលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋ ស្របតាមគោលនយោ បាយជាតិកាត់បន្ថយបាតុភាពអវិជ្ជមានបណ្តាលមកពីការមិនគោរពឱ្យបានត្រឹមត្រូវ នូវគោលការណ៍ក្រមសីលធម៌ វិជ្ជាជីវៈ ជំនួយវេជ្ជសាស្ត្រ និងដើម្បីការពារកិត្តិយសរបស់វិជ្ជាជីវៈ ឱ្យបានសមស្របទៅនឹងមូលហេតុផងដែរ។ ដើម្បីធានាឱ្យបាននូវគុណភាពនៃការផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋ ទាំងវិស័យរដ្ឋ និងឯកជន ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តមានតួនាទីដ៏សំខាន់ ក្នុងការគ្រប់គ្រងតាមដាននូវរាល់សកម្មភាពរបស់គិលានុបដ្ឋាកទាំងអស់ ដែលប្រកបវិជ្ជាជីវៈថែទាំ ដើម្បីផលប្រយោជន៍លើកកម្ពស់ វិជ្ជាជីវៈថែទាំសុខភាពជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើឡើង ៕

ដោយ បៃ ស៊ីថុន