ធនាគារជាតិនៃកម្ពុជា ព្យាករណ៍អតិផរណាឆ្នាំ២០២០

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ — មន្ត្រីនៃធនាគារជាតិនៃកម្ពុជាបានធ្វើការព្យាករ ណ៍ថា អតិផរណានៅឆ្នាំ២០២០ នឹងអាចកើនឡើងវិញមកនៅកម្រិត ២,៣ភាគរយ បន្ទាប់ពីឆ្នាំ២០១៩កន្លងទៅបានធ្លាក់ចុះរហូតដល់១,៩ភាគរយ ដែលជាចំនួនមួយខ្ពស់បើធៀបនឹងឆ្នាំ២០១៨។

ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ការងើបឡើងវិញបន្តិចនៃអតិផរណានៅកម្ពុជានេះ អាចបណ្ដាលមកពីកត្តានៃកំណើនថ្លៃម្ហូបអាហារ ដែលកម្ពុជានាំចូលចម្បងពីប្រទេសវៀតណាម និងប្រទេសថៃ ព្រមទាំងកំណើនថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ។

ថ្លែងក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការ ងារឆ្នាំ២០២០ របស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកកម្ពុជា បានលើកឡើងថា ធនាគារកណ្តាលបានអនុវត្តន៍គោលនយោបាយរូបិយវត្ថុវិត្ថារកម្ម តាមរយៈការបន្ទាបអត្រាការប្រាក់គោល ឬ ការចាក់បញ្ចូលទុនទៅក្នុងទីផ្សារក្នុងពេលដែលអតិផរណាស្ថិតក្នុងកម្រិតទាបនៅឡើយ ដើម្បីគាំទ្រកំណើន និងពង្រឹងស្ថិរភាព សេដ្ឋកិច្ច ខណៈវិស័យធនាគារមានសុខភាពល្អ ហើយបានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញ បរិយាប័ន្នហិរញ្ញវត្ថុ លើកស្ទួយជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពល រដ្ឋកម្ពុជា។

ឯកឧត្តម បានបញ្ជាក់ថា ធនាគារកណ្តាល បានខិតខំរក្សាស្ថិរភាពតម្លៃនៃអត្រាប្តូរ ប្រាក់ ទប់ស្កាត់ប្រតិបត្តិការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម អនុវត្តន៍ដោយប្រុងប្រយ័ត្ននូវស្ថិរភាពថ្លៃទំនិញជាដើមនេះ។ ដើម្បីទប់ស្កាត់ការឡើងអតិផរណានាពេលខាងមុខ និងរក្សានូវកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យស្ថិតក្នុងរង្វង់កំណើន ៧ភាគរយ ខណៈពិភពលោក និងបណ្តាប្រទេសអាស៊ានប្រឈមនឹងហានិភ័យមួយចំនួនមកពីសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងការ វិនិយោគ និងភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។

សូមបញ្ជាក់ថា ការធ្លាក់ចុះនៃអតិផរណា ក្នុងឆ្នាំ២០១៩កន្លងទៅ បានមកពីការថមថយនៃកំណើនថ្លៃក្រុមម្ហូបអាហារចំនួន ១,៩ភាគរយ ដែលមានសមាមាត្រធំជាងគេក្នុងកន្ត្រកទំនិញប្រើប្រាស់ ស្របពេលដែលក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈបានធ្លាក់ថ្លៃចំនួន ១,២ភាគរយ។

អត្រាអតិផរណា កាលពីឆ្នាំកន្លងទៅមានភាពល្អប្រសើរ ស្របពេលដែលសេដ្ឋកិច្ចទទួលបានកំណើនរឹងមាំនៃលំហូរមូលធន ដែលបានជំរុញដល់ការវិនិយោគ ពាណិជ្ជកម្ម និងសកម្មភាពសេដ្ឋកិច្ចនានា៕

ដោយ ងិន សុផល