អគ្គនាយកអាជ្ញាធរជាតិអប្សរាចុះពិនិត្យការងាររៀបចំសណ្តាប់ធ្នាប់នៅបរិវេណប្រាសាទអង្គរវត្ត

AKP សៀមរាប ថ្ងៃទី​​​១៧ ខែមករា ឆ្នាំ២០២០ –នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំប្រធាននាយកដ្ឋាន មន្រ្តី-បុគ្គលិកជំនាញពាក់ព័ន្ធ ចុះទៅពិនិត្យមើលទីតាំងជុំវិញប្រាសាទអង្គរវត្ត ដើម្បីរៀបចំកែលម្អសណ្តាប់ធ្នាប់ឱ្យកាន់តែប្រសើរឡើង។

ក្នុងការចុះពិនិត្យទីតាំងផ្ទាល់នេះ ឯកឧត្តម ហង់ ពៅ បានផ្តល់ជាគំនិត យោបល់ជាច្រើនក្នុងការរៀបចំសណ្តាប់ធ្នាប់នេះ ដែលក្នុងនោះការងារជាក់ស្តែង ឯកឧត្តម បានបញ្ជាឱ្យរុះរើរោងឆ្មាំដែលមិនចាំបាច់ និងកែប្រែទីតាំងនេះសម្រាប់ដាំស្មៅ និងដាំដើមឈើវិញ។ រីឯរោងអភិរក្សអង្គរវត្តខាងត្បូង ត្រូវរៀបចំឱ្យមានសណ្តាប់ធ្នាប់ ហើយមួយផ្នែកនៃរោងអភិរក្សរៀបចំជាទីស្នាក់ការបុគ្គលិក ឆ្មាំ និងភ្នាក់ងារទេសចរណ៍វិញ។ នៅក្នុងឱកាសនៃការចុះត្រួតពិនិត្យនេះដែរ

ឯកឧត្តម ហង់ ពៅ ក៏បានណែនាំឱ្យថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាទាំងអស់ ក្រៅពីកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ដោយចីរភាព ក៏ត្រូវតែយកចិត្តទុកដាក់រៀបចំកែលម្អ និងស្វែងរកដំណោះស្រាយរួម សំដៅធ្វើយ៉ាងណាប្រែក្លាយរមណីយដ្ឋានអង្គរឱ្យមានភាពល្អប្រសើរឡើងជាបន្តបន្ទាប់៕

ដោយ ហង្ស សៀក