ក្រុមសាស្រ្តាចារ្យ និងនិស្សិតមកពីសហរដ្ឋអាមេរិក មកសិក្សាឈ្វេងយល់ពីវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ — ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតិឱ្យ​ក្រុមសាស្រ្តាចារ្យ និងនិស្សិតមកពីសាកលវិទ្យាល័យ Cornell និងសាកលវិទ្យាល័យរដ្ឋ​ញូវយ៉ក-Buffalo State សហរដ្ឋអាមេរិក មកសិក្សាឈ្វេងយល់ពីតួនាទី ភារកិច្ច និងបទ​ពិសោធន៍​របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានចូលរួមចំណែកនៅ ក្នុងការដោះស្រាយបញ្ហានានារបស់កម្មករ និយោជិត ការបង្កើតឱកាសការងារ ការផ្តល់កិច្ច គាំពារសង្គម និងការធានាបាននូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ព្រមទាំងការបណ្តុះ បណ្តាលកម្លាំងពលកម្មជំនាញក្នុងការឆ្លើយតបចំពោះតម្រូវការងារទីផ្សារការងារ ជាពិសេស​ការបង្កើនធនធានមនុស្សដែលមានជំនាញខ្ពស់។ ជំនួបនេះ បានធ្វើឡើង កាលពីថ្ងៃទី១៥​ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួងការងារ។

ក្រុមសាស្ត្រាចារ្យ និងនិសិ្សតដែលកំពុងសិក្សាលើឯកទេសខាងទំនាក់ទំនងវិជ្ជាជីវៈ និងទំនាក់ទំនងអន្តរជាតិ មកពីសកលវិទ្យាល័យទាំងពីរនេះ បានសម្ដែងនូវចំណាប់អារម្មណ៍​ខ្ពស់ និងកោតសរសើរចំពោះការវិវត្តរីកចម្រើនយ៉ាងឆាប់រហ័ស របស់ប្រទេសកម្ពុជា ហើយ​ដោយពួកគេយល់ឃើញថា កម្ពុជាមានចំណុចបទពិសោធន៍ល្អៗជាច្រើនដែលពួកគេអាច​ធ្វើ​ការ​សិក្សាឈ្វេងយល់បានជាពិសេសពាក់ព័ន្ធនឹងវឌ្ឍនភាពវិស័យការងារ និងបណ្តុះបណ្តា​ល​វិជ្ជាជីវៈ ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ដល់ការគាំទ្រដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិ ពាណិជ្ជកម្ម និងវិនិយោគ។ ជាមួយគ្នានេះដែរ សម្រាប់សំណួរ និងចំណាប់អារម្មណ៍របស់​ក្រុមនិស្សិត​ដែលបានលើក សុទ្ធតែចំណុចនៃបញ្ហាក្រសួងបាននឹងកំពុងដោះស្រាយដោយ​ជោគជ័យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍​វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ឯកឧត្ដម អ៊ិត សំហេង បានចែករំលែកនូវបទពិសោធន៍មួយចំនួនដែលក្រសួងការងារ ធ្លាប់ដោះស្រាយបញ្ហាប្រឈមកន្លងមក ដែលក្រសួងបានប្រើប្រាស់យន្តការត្រីភាគី និងកិច្ច​សន្ទនាសង្គមក្នុងការដោះស្រាយបញ្ហា ដូចជាការដោះស្រាយបញ្ហាប្រាក់ឈ្នួលអប្បបរមា ការ​ដោះស្រាយវិវាទការងារ ការការពារសិទ្ធិ និងផលប្រយោជន៍កម្មករនិយោជិត ការដោះស្រាយ​នូវបញ្ហាកូដកម្ម បាតុកម្ម។ ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានជម្រាបជូនគណៈប្រតិភូសាស្រ្តាចារ្យ និង​និស្សិត អំពីការអនុវត្តប្រកបដោយជោគជ័យនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យការងារ​កន្លងមក និងការបន្តការអនុវត្តនូវផែនការយុទ្ធសាស្រ្តថ្មី ២០១៩-២០២៣ ក្រោមពាក្យស្លោក “សហគ្រាសគ្រឹះស្ថានមួយជាសហគមន៍សុខសាន្តមួយរបស់កម្មករនិយោជិតដែលពោរពេញដោយសមត្ថភាព ផលិតភាព ឥរិយាបថការងារ និងមនសិការវិជ្ជាជីវៈខ្ពស់”។ ពាក្យស្លោក​ទាំងនេះ ដែលផ្តោតលើអាទិភាពចំនួន៥ គឺ ការអភិវឌ្ឍលក្ខខណ្ឌការងារ​និងសុខដុមនីយកម្ម​នៃទំនាក់ទំនងវិជ្ជាជីវៈ ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការអភិវឌ្ឍមុខរបរនិងការងារ ការអភិវឌ្ឍរបបសន្តិសុខសង្គម និងការពង្រឹងអភិបាលកិច្ចល្អ។

ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា ជារួមដោយសារតែគោលនយោបាយដ៏ត្រឹមត្រូវរបស់​រាជ​រដ្ឋាភិ​បាលកម្ពុជា ដែលបានដាក់ចេញ ជាគោលនយោបាយជាពិសេសពាណិជ្ជកម្មអន្តរជាតិ​ផ្សាភ្ជាប់នឹងបទដ្ឋានការងារអន្តរជាតិ បានជំរុញឱ្យវិស័យពាណិជ្ជកម្មកម្ពុជាបន្តធានាបា​ននូវ​ភាពប្រកួតប្រជែង ការដោះស្រាយបាននូវការផ្តល់ឱកាសការងារជូនកម្មករនិយោជិត ការ​ធានាបាននូវសិទ្ធិ សេរីភាពអង្គការវិជ្ជាជីវៈ លើកកម្ពស់លក្ខខណ្ឌការងារ និងកិច្ចគាំពារ​សង្គម។

សូមជម្រាបថា សាកលវិទ្យាល័យរដ្ឋញូវយ៉ក-Buffalo State ត្រូវបានបង្កើតឡើង​ក្នុងឆ្នាំ១៨៧១ ជាប្រព័ន្ធសាកលវិទ្យាល័យធំជាងគេនៅសហរដ្ឋអាមេរិក។ ជំនាញផ្តល់ជូន​សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន ៧៩ រីឯជំនាញសិក្សាផ្តល់ជូនក្រោយបរិញ្ញាបត្រចំនួន ៦៤។ ចំណែកឯ សាកលវិទ្យាល័យ Cornell ជាសាកលវិទ្យាល័យឯកជន និងជាដៃគូរបស់សាកល​វិទ្យាល័យរដ្ឋញូវយ៉ក។ សាកលវិទ្យាល័យនេះត្រូវបានបង្កើតក្នុងឆ្នាំ១៨៦៨ មានមុខវិជ្ជាចំនួន ៤,០០០ ការិយាល័យសិក្សាចំនួន ១០០ ជំនាញ ផ្តល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន ៨០ ជំនាញសិក្សាផ្តល់ជូនក្រោយបរិញ្ញាបត្រចំនួន ១០៨ និងជំនាញផ្សេងៗចំនួន ៩០៕

ដោយ ប៊ុនរិទ្ធ