សហរដ្ឋអាមេរិក ផ្ដល់ថវិកាចំនួន៧៥,០០០ដុល្លារ សម្រាប់ការអភិរក្ស និងរៀបចំឯកសារ​កាតាឡុកនៃសម្លៀកបំពាក់ជនរងគ្រោះ​ នៅសារមន្ទីរទួលស្លែង

AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ — សហរដ្ឋអាមេរិក បានផ្ដល់ថវិកាចំនួន៧៥,០០០ដុល្លារអាម៉េរិក សម្រាប់ធ្វើការអភិរក្ស និង រៀបចំ​ឯកសារកាតាឡុក នៃសម្លៀកបំពាក់ជនរងគ្រោះ នៅសារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជ សាសន៍ទួលស្លែង ដើម្បីរក្សាទុកនូវភស្តុតាង ប្រវត្តិសាស្រ្តសម្រាប់សិក្សាឈ្វេងយល់ពី​អំពើ​ឧក្រិដ្ឋកម្មដែលខ្មែរក្រហម បានប្រព្រឹត្តចំពោះប្រជាជនស្លូតត្រង់ រាប់លាននាក់ ក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ។

ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការអភិរក្សនិងរៀបចំឯកសារ​កាតាឡុក នៃសម្លៀកបំពាក់ជនរងគ្រោះ​ នៅមន្ទីរស២១ ឬសារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួល ស្លែង កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្ដី ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា គម្រោងនេះ នឹងផ្តោតទៅលើវាយនភ័ណ្ឌ នៅជាន់ផ្ទាល់ ដី នៃសាលពិព័រណ៍អគារ K ដែលសម្លៀក​បំពាក់​ទាំងនេះ ដាក់តាំងគរលើគ្នាក្នុងទូ អស់​រយៈ​កាលជាង៩ឆ្នាំមកហើយ។ លោកជំទាវ​បានម​បញ្ជាក់​ថា ក្រៅពីការងារអភិរក្ស និងចុះបញ្ជី ក្រុម​ការងារជំនាញនឹងគិតគូរ រកបច្ចេកទេស នៃការដាក់តាំងថ្មី ដោយបង្កើតទីតាំង​ពិសេស​មួយ ដែលអាចជួយកាត់បន្ថយ ការខូចខាត​ពីសត្វល្អិត និងសំណើមពីអាកាសធាតុ។ លោក​ជំទាវ​រដ្ឋមន្រ្ដីបន្ដថា សកម្មភាព នៃ​ការគាំទ្រ​របស់សហរដ្ឋអាមេរិក លើគម្រោងនៃការអភិរក្ស​វាយ​នភ័ណ្ឌ នៅសារមន្ទីរទួល​ស្លែងនេះ ពិត​ជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ក្រសួង​វប្បធម៌ ក៏ដូចជាប្រជាជនកម្ពុជា ទូទាំង​ប្រទេស ខណៈភស្តុតាងទាំងអស់នេះ ជាតឹកតាងប្រវត្តិ​សាស្រ្ត​សម្រាប់សិក្សាឈ្វេងយល់ពី​អំពើ​ឧក្រិដ្ឋកម្មដែលខ្មែរក្រហម បានប្រព្រឹត្តចំពោះប្រជា​ជន​ស្លូតត្រង់ រាប់លាននាក់ រវាង​ឆ្នាំ១៩៧៥-១៩៧៩។ លោកជំទាវបានលើកឡើងថា ក្រោយ​បញ្ចប់កិច្ចអភិរក្សនេះ វាយ​នភណ្ឌមួយចំនួន នឹងត្រូវជ្រើសរើសយកមកដាក់តាំងបង្ហាញដល់​សាធារណជនជាតិ និងអន្តរ​ជាតិ ក្នុងពិព័រណ៍អចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍ ក្នុងឆ្នាំ២០២២​ខាងមុខ។ លោកជំទាវរដ្ឋមន្រ្ដី​បានចាត់ទុកថា គម្រោងនៃការអភិរក្សវាយភ័ណ្ឌនេះ មិនត្រឹមតែ​បានជួយសង្គ្រោះ ដល់វត្ថុ​តាងប្រវត្ដិសាស្ដ្រនេះទេ តែបានផ្ដល់ប្រយោជន៍សំខាន់មួយទៀត ដល់សារមន្ទីរទួលស្លែង គឺការបណ្ដុះបណ្ដាលធនធានមនុស្ស សម្រាប់បន្ដនិរន្ដរភាព នៃការ​ជួសជុលវិស័យនេះ សម្រាប់ថ្ងៃអនាគត។

ជាមួយគ្នានេះដែរ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំ​នៅកម្ពុជា បានឱ្យដឹងថា សម្លៀកបំពាក់ជនរងគ្រោះ​នៅមន្ទីរឃុំឃាំងស-២១ បច្ចុប្បន្នជាសារ​មន្ទីរ​ឧក្រិដ្ឋកម្មប្រល័យ​ពូជ​សាសន៍​ទួលស្លែង នឹងធ្វើការអភិរក្ស និងរៀបចំឯកសារកាតាឡុក ដោយប្រើប្រាស់ថវិកាចំនួន ៧៥,០០០ ដុល្លារអាម៉េរិក ពី​មូល​និ​ធិ​​​ឯកអគ្គរដ្ឋទូតសម្រាប់ការ​អភិរក្ស​វប្បធម៌របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។ ​

ឯកឧត្តម​ឯកអគ្គរដ្ឋ​ទូត​សហ​រដ្ឋអាមេរិក W. Patrick Murphy គម្រោង​ស្តីពីការអភិរក្ស​វត្ថុជាតិពន្ធ នាសតវត្សរ៍ទី២០ នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យ​ពូជ​សាសន៍ទួល​ស្លែង ដំណាក់​កាលទី២ នៅភ្នំពេញនេះ រំលេចពីការខិតខំប្រឹងប្រែងរបស់​សហរដ្ឋអាមេរិកក្នុងការ​អភិរក្ស បេតិក​ភ័ណ្ឌ​កម្ពុជា និងបង្ហាញពីកិច្ចសហប្រតិបត្តិការរវាង​អាម៉េរិក​ជាមួយ​អាជ្ញាធរនានារបស់​កម្ពុជា ក្នុង​ការ​ចង​ក្រង​​ឯកសារស្តីពីអំពើឃោរឃៅនៅ​សម័យខ្មែរក្រហម។ គម្រោងនេះ អនុវត្តន៍ដោយសារមន្ទីរទួលស្លែងក្រោមជំនួយបច្ចេកទេស របស់លោកស្រី Julia Brennan ជន​ជាតិ​អាម៉េរិក ដែលជាអ្នកជំនាញផ្នែកការងារ​អភិរក្ស វាយនភ័ណ្ឌ នៅទី​ក្រុងវ៉ាស៊ីនតោន។ លោកស្រី Julia នឹង​ជួយ​បណ្តុះ​បណ្តាលដល់បុគ្គលិកសារមន្ទីរ​ ឱ្យមានលទ្ធភាពអាចបន្ត​ការងារ​គម្រោង​​ដោយខ្លួនឯងបាន។ ឯកឧត្ដមឯកអគ្គរដ្ឋទូតបន្ដថា គម្រោង​​អភិរក្ស​វាយន​ភ័ណ្ឌនេះ នឹងផ្តោតទៅ លើសិក្ខាសាលាបណ្តុះបណ្តាលការអភិរក្ស ការកំណត់ស្ថានភាពវត្ថុ​សម្រាប់​អភិរក្ស ការថែទាំ វត្ថុទូទៅ ការរៀបចងក្រងឯកសារកាតាឡុក និងជ្រើសរើសវត្ថុ​ពីសម្លៀកបំពាក់វាយ​ន​ភ័ណ្ឌជាង​៥,០០០ ដែល​អាច​ដាក់តាំងបង្ហាញបានរយៈពេលយូរ។

សម្រាប់ឆ្នាំ​២០២០នេះ ជាខួបលើកទី៧០ឆ្នាំ ​នៃការភ្ជាប់ទំនាក់ទំនងការទូតរវាង​សហ រដ្ឋអាមេរិក និងប្រទេសកម្ពុជា។ ក្នុងអំឡុងខែមករានេះ ស្ថានទូតនឹងរំលេចពី​សមិទ្ធ​ផលនានា ដែលសហរដ្ឋអាមេរិកបានឧបត្ថម្ភគាំទ្រចំពោះ​វិស័យ​កសិកម្ម​នៅកម្ពុជា។ វាជាការ​ចៃដន្យ ដែលគម្រោង​នេះ​ បានប្រើប្រាស់បច្ចេកទេសគ្រាប់អង្កាំដីឥដ្ឋដើម្បីបឺត      សំ​ណើម​ក្នុងប្រអប់ (Drybox drybead microclimate system) សម្រាប់ការអភិរក្សវាយនភ័ណ្ឌ ដែលបច្ចេក​ទេស​នេះ​មាន​ប្រើប្រាស់តែលើវិស័យកសិកម្មប៉ុណ្ណោះ។ គម្រោង​នេះ ​ជាគម្រោងដំបូងគេបង្អស់ ដែលប្រើ​បច្ចេក​វិទ្យា​នេះ សម្រាប់ការអភិរក្សបេតិកភ័ណ្ឌវប្បធម៌។

សូមរម្លឹកថា កាលពីឆ្នាំ២០១៧ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានទទួលថវិកាចំនួន ៥៥,៥០០ ដុល្លារអាម៉េរិក សម្រាប់​គម្រោងអភិរក្សនាដំណាក់កាលដំបូង។ គម្រោង​នេះ ជា សមិទ្ធផលដំបូងដែលបង្ហាញពីការខិត​ខំប្រឹង​ប្រែងរបស់​ក្រុម​ការងារក្នុងការចងក្រងឯកសារ និងអភិរក្សសម្លៀកបំពាក់ជនរងគ្រោះមន្ទីរស-២១ ដែលរក្សា​ទុក​នៅ​សារមន្ទីរ​អស់រយៈពេល ជាច្រើនទសវត្សរ៍៕

ដោយ រិទ្ធី