ឯកឧត្ដម ឆាយ ថន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពី វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ២០២០-២០៣០ នៅខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ — ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងផែនការបាន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពី វិទ្យាសាស្ត្របច្ចេក វិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២០-២០៣០ នៅខេត្តក្រចេះ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។

សិក្ខាសាលានេះធ្វើឡើងរយៈពេល២ថ្ងៃ ដើម្បីការធ្វើការផ្សព្វផ្សាយគោលនយោបាយ ជាតិស្តីពីវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាកម្លាំងជំរុញការអភិវឌ្ឍ និងជាធាតុផ្សំ គន្លឹះដើម្បីបង្កើតឡើងនូវគ្រប់ផលិតផលឱ្យកាន់តែប្រសើរ វិធីសាស្រ្តដែលលើកកម្ពស់ផលិត ភាព និងសេវាកម្ម ដែលធ្វើឱ្យមានការពេញចិត្តពីប្រជាជននៅគ្រប់មូលដ្ឋាន ដោយមានការ អញ្ជើញចូលរួមពីឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ថ្នាក់ដឹកនាំក្រសួង ផែនការ គ្រឹះស្ថានស្រាវជ្រាវ សហគ្រាសអាជីវកម្មនិងមន្ត្រីថ្នាក់ដឹក នាំនៃស្ថាប័ន ពាក់ព័ន្ធមួយ ចំនួនផងដែរ។       

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងផែនការ និងជាអនុ ប្រធាន អចិន្រ្តៃយ៍នៃក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា  និងនវានុវត្តន៍ បានមាន ប្រសាសន៍ថា គោលនយោបាយជាតិ ស្តីពីវិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ ឆ្នាំ២០២០-២០៣០ ដែលត្រូវបានចុះហត្ថលេខាដ៏ខ្ពងខ្ពស់ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ គឺជាជម្រើសយុទ្ធសាស្រ្ត និងជាការចង្អុលទិស ដ៏ខ្ពងខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល សម្រាប់ការខិតខំរួមគ្នាក្នុងក្រប់ខ័ណ្ឌជាតិ និងសម្រាប់ ការស្វះស្វែងរកកិច្ចសហប្រត្តិការអន្តរជាតិសំដៅធ្វើឱ្យ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាកម្លាំងជំរុញការអភិវឌ្ឍ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលមានគោល បំណងធ្វើឱ្យកម្ពុជាបានក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ បានបញ្ជាក់ថា សម្រាប់ចក្ខុវិស័យខាងលើ គោលនយោបាយនេះមានគោលបំណងចម្បង គឺពង្រឹងមូល ដ្ឋានគ្រឹះ និងកែលម្អបរិយាកាស វិទ្យាសាស្រ្តបច្ចេក វិទ្យា និងនវានុវត្តន៍ ដើម្បីអភិវឌ្ឍន៍ ប្រព័ន្ធអេកូ នវានុវត្តន៍នៅគ្រប់កម្រិត និងគ្រប់វិស័យ៕

ដោយ ជួន សុជាតិ