ក្រុមហ៊ុនចិន គ្រោងនឹងធ្វើការវិនិយោគ លើការដាំដុះដំណាំកប្បាសលើផ្ទៃដី១០ម៉ឺនហិកតា នៅក្នុងខេត្ដកំពង់ស្ពឺ

AKP ភ្នំពេញ ថ្ងៃទី១៦​ ខែមករា ឆ្នាំ២០២០ — វិទ្យាស្ថានដំណាំកសិកម្មទូទាំងប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយក្រុមហ៊ុន​ចិន China National Technical Import and Export Corporation គឺមានគម្រោង​មកធ្វើ​ការវិនិយោគលើការដាំដុះដំណាំកប្បាសលើផ្ទៃដីចំនួន១០ម៉ឺនហិកតា នៅក្នុងខេត្ដកំពង់ស្ពឺ។ នេះគឺ​ជាការលើកឡើងរបស់ឯកឧត្ដម តឹក ង៉ូយ ប្រធានដឹកនាំគណៈប្រតិភូក្រុមហ៊ុនចិន និងលោក Li Zheng ប្រធាន​វិទ្យាស្ថានដំណាំកសិកម្មទូទាំងប្រទេសនៃសាធារណរដ្ឋប្រជា​មា​និតចិន​ក្នុង​ឱកាសអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន កាលពីព្រឹកថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២០ នៅទីស្ដីការក្រសួង​ព័ត៌មាន។ 

ឯកឧត្ដម តឹក ង៉ូយ ស្តេចនំដូណាត់នៅសហរដ្ឋអាមេរិក ដែលដឹកនាំគណៈ​ប្រតិ​ភូ​ក្រុមហ៊ុនកប្បាសរបស់ប្រទេសចិនបានគូសបញ្ជាក់ថា នេះជាលើកទី២ហើយដែល វិទ្យាស្ថាន​ដំណាំកសិកម្មទូទាំងប្រទេសចិន  ដែលមានទីតាំងនៅទីក្រុង Beijing រួមជាមួយក្រុមហ៊ុន វិនិ​យោគរបស់រដ្ឋចិន បានមកធ្វើការសិក្សាស្រាវជ្រាវ ដើម្បីធ្វើការដាំដុះដំណាំកប្បាស នៅក្នុង​ប្រទេសកម្ពុជា។ ឯកឧត្ដមបានបន្ដថា គម្រោងដាំដុះកប្បាសនេះ គឺសម្រាប់ជំហាន ដំបូង​ធ្វើនៅក្នុងខេត្តកំពង់ស្ពឺ លើផ្ទៃដី១០ម៉ឺនហិកតា ហើយបើជោគជ័យ នឹងបន្ដធ្វើនៅតាមបណ្តា​ខេត្តនានា ទូទាំងប្រទេសកម្ពុជា។  ឯកឧត្ដមបានលើកឡើងថា ការដែលក្រុមហ៊ុន ចិន ជ្រើស​រើសយកប្រទេសកម្ពុជា ធ្វើការដាំដុះដំណាំកប្បាសនេះ គឺសម្រាប់ជាគំរូលើវិស័យកសិកម្ម ហើយគម្រោងនេះ ក៏នឹងនាំមកចំណូលជាច្រើនដល់ប្រជាកសិករ កាត់បន្ថយភាពក្រីក្រ និង​បង្កើនចំណូលថវិកាជាតិថែមទៀតផង។ ឯកឧត្ដមបន្ថែមថា នៅពេលការដាំដុះ ដំណាំកប្បាស​នេះបានច្រើនកន្លែង ហើយចេញផ្កាពណ៌ស ក្បុស វានឹងស្រស់ស្អាតហើយនោះ គឺអាចទាក់​ទាញភ្ញៀវទេសចរបរទេស បានមើលកម្សាន្ត បានកាន់តែច្រើន ដូចជានៅប្រទេសជប៉ុន ពេល​ដែលផ្កាសាគួរ៉ា ចេញផ្កាគឺមានភ្ញៀវទេសចរ ចូលទស្សនារាប់លាននាក់។​ ទន្ទឹមនេះ បើសិនបើ ប្រទេសកម្ពុជា អាចដំណើរការដាំកប្បាសបាននៅទូទាំង២៥ ខេត្ត ក្រុង នឹងក្លាយជាឋានសួគ៌ សួនច្បារ ផ្កាស ក្បុស ដែលជាការទាក់ទាញភ្ញៀវទេសចរចូលមើលកម្សាន្ត បានយ៉ាងច្រើន។

ឯកឧត្ដមបានគូសបញ្ជាក់បន្ថែមទៀតថា ការវិនិយោគលើដំណាំកប្បាសនេះ គឺខាង​ភាគីចិន ជួយធ្វើការបណ្តុះបណ្តាលការងារបច្ចេកទេស ផ្តល់ពូជ និងជី ការថែទាំដល់​ប្រជា​កសិករខ្មែរ ហើយពេលប្រមូលផល គឺលក់មកឱ្យក្រុមហ៊ុនតែម្តង។

លោក Li Zheng ប្រធានវិទ្យាស្ថានដំណាំ កសិកម្មទូទាំងប្រទេសនៃសាធារណរដ្ឋប្រជា​មានិតចិនបានឱ្យដឹងថា ដំណាំកប្បាសនេះ គឺមានតម្លៃថ្លៃជាងការដំណាំស្រូវ ហើយវាមាន​ភាព​ងាយស្រួលដាំ ជាងថែមទៀតផង ដែលអាចរកចំណូលបានខ្ពស់ សម្រាប់កសិករ ដែល​ដាំកប្បាស។ លោកបានបន្ដថា សម្រាប់គម្រោងកិច្ចការងារដំាកប្បាសនេះ នឹងអាចដំណើរ​ការក្នុង​ពេលឆាប់ៗ បន្ទាប់ពីក្រុមហ៊ុនធ្វើការចុះអនុស្សរណៈ ជាមួយអាជ្ញាធរខេត្តកំពង់ស្ពឺ  នៅពេលខាងមុខនេះ។

ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានស្វាគមន៍ចំពោះគម្រោងការ ដាំ​ដំណាំកប្បាស នៅក្នុងប្រទេសកម្ពុជាពីសំណាក់ក្រុមហ៊ុនរបស់ប្រទេសចិន។ ឯកឧត្ដមរដ្ឋមន្រ្ដី​បានបញ្ជាក់ថា តាមរយៈគម្រោងនេះ ឯកឧត្ដមបានសន្យាក្នុងការជួយសម្រួល និងធ្វើទំនាក់​ទំនងជាមួយផ្នែកពាក់ពន្ធ័នានា ដើម្បីពន្លឿនកិច្ចការងារនេះ ឱ្យបានដំណើរការឆាប់រហ័ស៕​

ដោយ អ៊ុន រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា