ទិវារត់ប្រណាំងចម្ងាយឆ្ងាយ ១២៨គីឡូម៉ែត្រ តំបន់អង្គរ ខេត្តសៀមរាប​គ្រោងនឹងធ្វើឡើងនាចុងសប្តាហ៍នេះ

AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ — ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ(Angkor Ultra Trail) អង្គរលើកទី៥ ចម្ងាយ១២៨គីឡូ​ម៉ែត្រ នឹងធ្វើឡើងនាថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២០ ចុងសប្ដាហ៍ក្រោយនេះហើយ ខណៈ​ការ​រំពឹងទុករបស់អ្នករៀបចំថា នឹងមានកំណើនអ្នកចូលរួមឆ្នាំនេះច្រើនជាងឆ្នាំមុនចំនួន​ប្រមាណ ១០ភាគរយ។

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងថា តាមកម្មវិធីដែលបានគ្រោងទុក នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៣​យប់ ត្រូវជួបជុំគ្នា ហើយនៅវេលាម៉ោង៤ទៀបភ្លឺ ការរត់ប្រណាំងចាប់ផ្តើមចេញដំណើរ។ ចំណែក​នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០​នឹងរៀបចំពិធីបំពាក់មេដាយប្រគល់រង្វាន់​ជ័យលាភី ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន និងលោកជំទាវឯកអគ្គរដ្ឋទូតសាធារណរដ្ឋ​បារាំងប្រចាំកម្ពុជាក៏អញ្ជើញចូលរួមដែរ។ ព្រឹត្តិការណ៍កីឡាទេសចរណ៍បែបផ្សងព្រេង​នេះ​បានទាក់ទាញអ្នកចូលរួមកាន់តែច្រើន សម្រាប់ឆ្នាំ២០២០នេះ ប្រមាណ១០ភាគរយ ហើយ​កាលពីឆ្នាំ២០១៩ កន្លងទៅនេះ ទិវានេះមានអ្នករត់ប្រមាណ១,០០០នាក់។ ប៉ុន្តែឆ្នាំ២០២០នេះ មានអ្នករត់ពី១,២០០នាក់ ទៅ១,៣០០នាក់ ដោយកើនឡើងបន្ថែម១០ភាគរយ។ អ្នកចូលរួម​មានជនបរទេស៧០០នាក់ មកពី ៤៤ប្រទេស ហើយអ្នករត់ច្រើនជាងគេ គឺជនជាតិ​បារាំង​ឈរលេខ១, កម្ពុជាឈរលេខ២ និងអង់គ្លេស ឈរលេខ៣។

សម្រាប់វិញ្ញាសារត់ ១២៨គីឡូម៉ែត្រ មានកីឡាករខ្មែរ៣នាក់នឹងចូលរួមរត់ប្រណាំងដែរ ដោយទិវាកីឡាទេសចរណ៍ដូចគ្នានេះចំនួន៤លើក កន្លងមកមិនមានខ្មែរចូលរួមរត់ទេ។ ទិវា​នេះ ក្រៅពីវិញ្ញាសារត់ ១២៨គីឡូម៉ែត្រ ក៏មាន៦៤គីឡូម៉ែត្រ ៤២គីឡូម៉ែត្រ ៣២គីឡូម៉ែត្រ និងរត់ចម្ងាយ១៦គីឡូម៉ែត្រដែរ។ ចំពោះវិញ្ញាសារត់ចម្ងាយ ១២៨គីឡូម៉ែត្រ ត្រូវចេញដំណើរ​មុន​គេនៅទីលានជល់ដំរី នាវេលាម៉ោង ៤ទៀបភ្លឺថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០។

សូមរម្លឹកថា គោលបំណងនៃព្រឹត្តិការណ៍រត់ប្រណាំចម្ងាយឆ្ងាយនេះ ផ្តោតសំខាន់​លើ​ការ​ផ្សព្វផ្សាយអំពីការថែរក្សាការពារបរិស្ថាននៅតំបន់បេតិកភណ្ឌនៃតំបន់អង្គរ ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ដ៏ល្អឯករបស់កម្ពុជាទៅកាន់ពិភពលោក និងរួមចំណែកទាក់ទាញភ្ញៀវ​ទេស​ចរ​បរទេសមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត៕

ដោយ ហេង ណាលីន