ក្រុមក្រសួងការពារជាតិរៀបចំការប្រកួតPre-Season Championship 2020 ជាមួយ៣ក្រុមទៀត

AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ — ក្រុមបាល់ទាត់ក្រសួងការពារជាតិបានរៀបចំការប្រកួតពានរង្វាន់មិត្តភាព Pre-Season Championship 2020  ដែលមានក្លឹបក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា៣ផ្សេងទៀត គឺណាហ្គា​វើល អាស៊ីអឺរ៉ុប និងសូលទីឡូអង្គរ ដែលគ្រោងប្រកួតនៅថ្ងៃទី១៦ ខែមករានេះ និងបញ្ចប់​នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នៅស្តាតចាស់។

លោក ខូវ ឆាយ អគ្គលេខាធិការ ក្លឹបបាល់ទាត់ក្រសួងការពារជាតិបានបញ្ជាក់​នៅក្នុង​សន្និសីទ សារព័ត៌មាន និងចាប់ឆ្នោតជ្រើសរើសគូប្រកួត កាលពីល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅស្តាតចាស់ថា នេះគឺជាការប្រកួតត្រៀមបង្កើនគុណភាពបច្ចេកទេស សម្រាប់​លីគ​កំពូលកម្ពជា រដូវកាលថ្មី ២០២០ នាពាក់កណ្តាលខែកុម្ភៈ។ លោកបានបន្ដថា ព្រឹត្តិ​ការណ៍នេះរៀបចំឡើងដើម្បីផ្ដល់ឱកាសឱ្យក្លឹបសមាជិកលីគកំពូលកម្ពុជា ពិសេសក្លឹបមិនសូវ​មាន​សកម្មភាព ឬមិនបានចេញទៅបោះជំរំហ្វឹកហាត់ក្រៅស្រុកមានឱកាសប្រកួតសមជើងគ្នា ក៏ដូចជាពង្រឹងសមត្ថភាពក្រុម សម្រាប់ត្រៀមការប្រកួតរដូវកាលថ្មីនាពាក់កណ្ដាលខែកុម្ភៈ​ឆ្នាំ២០២០ខាងមុខ ពិសេសគឺក្រសួងការពារជាតិផ្ទាល់តែម្ដង។ លោកបន្ដទៀតថា ចំពោះ ការរៀបចំឆ្នាំដំបូងនេះ ដោយសារពេលវេលាខ្លី ក្លឹបបានអញ្ជើញក្រុមចូលរួមត្រឹម៤ក្រុម ប៉ុណ្ណោះ តែលោកបានប្ដេជ្ញានឹងរៀបចំឱ្យបានរៀងរាល់ឆ្នាំ ហើយអញ្ជើញក្រុមខ្លាំងៗចូលរួម កាន់តែច្រើន។ ក្រៅពីនេះ ក្រសួងការពារជាតិ ក៏គ្រោងអញ្ជើញក្លឹបបរទេសមកប្រកួតនា​ឆ្នាំ​ក្រោយទៀតផង។

ចំណែកឯលោក សុក វាសនា គ្រូបង្វឹកក្រុមអាស៊ីអឺរ៉ុបបានបញ្ជាក់ថា បច្ចុប្បន្នក្លឹប​កំពុង​រៀបចំក្រុម ដោយសាកល្បងជ្រើសរើសកីឡាករថ្មីៗមួយចំនួន ហើយការចូលរួមប្រកួតត្រៀម​នេះ គឺជាឱកាសល្អមួយ សម្រាប់មើលទម្រង់លេង និងសមត្ថភាពរបស់កូនក្រុម។

អ្នកចាត់ការទូទៅក្រុមណាហ្គាវើលដ៏ លោក រ៉ៃ វិកទ័រ និយាយដែរថា ការប្រកួតនេះ​ពិតជាសំខាន់ ព្រោះវាបានធ្វើឱ្យក្រុមនីមួយៗអាចវាស់ស្ទង់សមត្ថភាពគ្នា ឈ្វេងយល់ពីចំណុច​ខ្លាំង ចំណុចខ្សោយ ហើយកែតម្រូវឱ្យកាន់តែប្រសើរ សម្រាប់ត្រៀមរដូវកាលថ្មី។

សូមបញ្ជាក់ថា សម្រាប់២ប្រកួតថ្ងៃទី១៦មករា នេះ គឺក្រុមណាហ្គាវើលជួបជាមួយអាស៊ី​អឺរ៉ុប ខណៈម្ចាសផ្ទះ ក្រសួងការពារជាតិប៉ះជាមួយសូលទីឡូអង្គរ ហើយក្រុមចាញ់ៗប្រកួត​ដណ្តើម​ចំណាត់ថ្នាក់លេខ៣ រីឯ ក្រុមឈ្នះៗនឹងប្រជែងជើងឯក នៅវគ្គផ្តាច់ព្រ័ត្រ នាយប់ថ្ងៃ​ទី១៨ ខែមករា ឆ្នាំ២០២០៕

ដោយ ហេង ណាលីន