ឯកឧត្តម ថោង ខុន៖ មជ្ឈមណ្ឌលអាស៊ាន-ចិន នឹងជំរុញការផ្សព្វផ្សាយបន្ថែមពីគោលដៅទេសចរណ៍កម្ពុជាដល់ទីផ្សារចិន

AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ — ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រំពឹងថា មជ្ឈមណ្ឌលអាស៊ាន-ចិន នឹងជួយជំរុញការផ្សព្វផ្សាយបន្ថែមពីគោលដៅទេសចរណ៍កម្ពុជាដល់ទីផ្សារចិន ខណៈដែល ភ្ញៀវទេសចរចិន បាន និងកំពុងស្ថិតនៅលេខរៀងទី១ នៃទេសចរសរុបដែលមកទស្សនា កម្ពុជា។ នេះបើយោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ក្រសួងទេសចរណ៍។

ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំអាស៊ានបូកបីនៅប្រទេសព្រុយណេ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈប្រតិភូកម្ពុជាបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូ មជ្ឈមណ្ឌលអាស៊ាន-ចិន(ASEAN China Center) ដែលដឹកនាំដោយលោក ឆឹង ទីហាយ (Chen Dehai) អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ចិន។

ក្នុងកិច្ចពិភាក្សានោះឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបប្រតិភូមជ្ឈមណ្ឌលអាស៊ាន-ចិនថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធានាបាននូវសន្តិភាពសន្តិសុខ និងស្ថិរភាពទូទាំងប្រទេសដែលជាកត្តាមូលដ្ឋានគ្រឹះ និងជាសក្តានុពលទេសចរណ៍ដ៏សំខាន់មិនអាចខ្វះបានព្រមទាំងជាកាលានុវត្តភាពក្នុងការវិនិយោគទុននៅកម្ពុជា។

លោក ឆឹង ទីហាយ បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា មជ្ឈមណ្ឌលអាស៊ាន-ចិន បាន ទទួលភាពជោគជ័យប្រកបដោយផ្លែផ្កាក្នុងការរៀបចំដំណើរទស្សនកិច្ចឈ្វេងយល់ដល់អ្នក សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយចិនមកកាន់ប្រទេសកម្ពុជាកាលពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

លោកបានបញ្ជាក់បន្ថែមថា អំឡុងពេលទស្សនកិច្ចនេះក្រុមអ្នកសារព័ត៌មាន និងប្រព័ន្ធ ផ្សព្វ ផ្សាយក៏បានផ្តិតយករូបភាពក្នុងរាជធានីភ្នំពេញខេត្តព្រះសីហនុកំពង់ធំ និងសៀមរាប ហើយបានធ្វើការផ្សាយវីដេអូជាពិសេសតាមទូរទស្សន៍ក្វាងស៊ី(Guangxi) ក្នុងប្រទេសចិន។

លើសពីនេះទៀត ដើម្បីបន្តជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ក្នុង ប្រទេសចិនបន្ថែមទៀតមជ្ឈមណ្ឌលអាស៊ាន-ចិន នឹងរៀបចំពិព័រណ៍រូបភាពគោលដៅ ទេសចរណ៍ និងវប្បធម៌កម្ពុជាដែលគ្រោងនឹងប្រព្រឹត្តទៅនៅក្នុងខែមេសា ឆ្នាំ២០២០ ដោយមានរយៈពេល៣-៤សប្តាហ៍។ ជាមួយគ្នានោះ មជ្ឈមណ្ឌលអាស៊ាន-ចិនបានស្នើសុំការគាំទ្រពីក្រសួងទេសចរណ៍ក្នុងការរៀបចំព្រឹត្តិការណ៍នេះ និងស្នើសុំ ឱ្យក្រសួងជួយផ្តល់នូវរូបភាពនៃគោលដៅសក្តានុពលទេសចរណ៍នានា។

ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ និងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការ ដ៏ល្អរបស់មជ្ឈមណ្ឌលអាស៊ាន-ចិននិងសម្ដែងនូវការគាំទ្រនូវគំនិតផ្តួចផ្តើម ក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាដល់ទីផ្សារចិនដែលជាទីផ្សារដ៏មានសក្តានុពលលើសកលលោក។

ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមថាមជ្ឈមណ្ឌលអាស៊ាន-ចិននឹងបន្តកិច្ចសហប្រតិបត្តិការ ល្អនេះ ដោយជួយផ្តល់អ្នកជំនាញផ្នែកទេសចរណ៍ម្ហូបអាហារ ដើម្បីមកធ្វើជាវាគ្មិនគន្លឹះក្នុងសន្និសីទអន្តរជាតិលើកទី២ស្តីពីទេសចរណ៍ម្ហូបអាហារកម្ពុជាដែលគ្រោងនឹងប្រព្រឹត្តទៅនៅឆមាសទី២ឆ្នាំ២០២០ព្រមទាំងជួយដល់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍សម្រាប់ទីផ្សារចិនបន្ថែមទៀត៕

ដោយ ម៉ៅ ចរិយា