លោក ប៉ែន លីណាត អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំយុវជន និងកីឡាឆ្នាំសិក្សា២០១៨-២០១៩ និងទិសដៅអនុវត្តន៍បន្តឆ្នាំសិក្សា២០១៩-២០២០ នៅខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ — លោក ប៉ែន លីណាត អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញជា អធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំយុវជន និងកីឡា ឆ្នាំសិក្សា២០១៨-២០១៩ និងទិសដៅអនុវត្តន៍បន្តឆ្នាំសិក្សា២០១៩-២០២០ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។

លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡារខេត្តក្រចេះបានឱ្យដឹងថា គិតមកដល់បច្ចុប្បន្ននេះវិស័យអប់រំក្នុងខេត្តក្រចេះ មានការរីកចម្រើនទាំង បរិមាណ និងគុណភាព អាស្រ័យដោយមានការគាំទ្រពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងការចូលរួមពី សហគមន៍ជាតិ អន្តរជាតិ សប្បុរសជន អង្គការដៃគូអភិវឌ្ឍន៍នានា ក្រោមនយោ បាយចែករំលែក របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ក្នុងឆ្នាំសិក្សា២០១៩-២០២០ នេះនៅទូទាំង ខេត្តមាន សាលារៀនសរុប៤៤១កន្លែង ក្នុងនោះមានសាលាមត្តេយ្យសិក្សារដ្ឋនិងឯកជនចំនួន ១០០ កន្លែង សាលាបឋមសិក្សាចំនួន២៨៦កន្លែង អនុវិទ្យាល័យ ៤៣កន្លែង វិទ្យាល័យ១២ កន្លែង សាកលវិទ្យាល័យរដ្ឋ១កន្លែង និងសាកលវិទ្យាល័យឯកជនចំនួន ២កន្លែង។

លោក ឡាយ បូរ៉ា ក៏បានឱ្យដឹងដែរថា កុមារអាយុ៥ ឆ្នាំទទួលបានការអប់រំ គ្រប់រូបភាពមាន ៤៦,៥ភាគរយ អត្រាបញ្ចប់ការសិក្សានៅបឋមសិក្សាមាន៧៨,២៥ភាគរយ អត្រាបញ្ចប់ការសិក្សានៅមធ្យមសិក្សាមាន ៣២,៨២ភាគរយ ហើយគ្រូបង្រៀននៅបឋម សិក្សាមានគុណវុឌ្ឍិតាមស្តង់ដារជាតិមានចំនួន ៧៨,១៩ ភាគរយ អត្រាអក្ខរកម្មមនុស្សពេញ វ័យអាយុ១៥ ឆ្នាំឡើងមានចំនួន ៩៣,៨៤ ភាគរយ។

លោក ប៉ែន លីណាត អភិបាលរងនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា តាមរយៈបទពិសោធន៍ពីការអភិវឌ្ឍ ធ្វើឱ្យយើងដឹងថាការរីកចម្រើនរបស់ប្រទេសនីមួយៗ គឺពឹងផ្អែកជាចម្បងលើមូលធនសង្គម ដែលរួមមានមូល ធនបញ្ញា និងធនធានមនុស្សប្រកប ដោយសីល ធម៌ ដោយដើរតួយ៉ាងសំខាន់ក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា។

លោកអភិបាលរងខេត្តបញ្ជាក់ថា មូលធនបញ្ញា បានផ្ដល់នូវការ អប់រំ និងចំណេះដឹងល្អៗដល់ប្រជាពលរដ្ឋទូទៅ តាមរយៈអក្សរសាស្ត្រ អត្ថបទ សៀវភៅ និងឯក សារស្រាវជ្រាវនានា ក៏ដូចជាការថែរក្សានូវវប្ប ធម៌ជាតិនិងរបកគំហើញថ្មីៗផ្នែកវិទ្យា សាស្ត្រផងដែរ។

លោក ប៉ែន លីណាត បានឱ្យដឹងថា សម្រាប់សតវត្សរ៍ទី២១នេះ មានមូលធនសង្គម ដ៏ល្អមួយរួមជាមួយមូលធនបញ្ញាដ៏សម្បូរបែប បូកផ្សំជាមួយធនធានមនុស្សប្រកបដោយ សីលធម៌វិជ្ជាជីវៈ គឺជាកត្តាកំណត់ក្នុងការពន្លឿនសក្តានុពលសេដ្ឋកិច្ចសង្គម គុណសម្បត្តិប្រកួតប្រជែង និងគុណសម្បត្តិប្រៀបធៀបរបស់ប្រទេសនីមួយៗ ដែលទាញយកប្រយោជន៍ពីមូលធននេះ។ រាជរដ្ឋាភិបាលកម្ពុជាបន្ត ប្រឹងប្រែងសម្រេចគោល ដៅអប់រំសម្រាប់ឆ្នាំ ២០៣០ តាមរយៈការធានាសមធម៌ ក្នុងការអប់រំមូលដ្ឋានរយៈពេល ៩ឆ្នាំ សម្រាប់កុមារគ្រប់រូប និងការបង្កលក្ខណៈសម្បត្តិអនុគ្រោះនានា ដើម្បីឱ្យ កូនចៅប្រជាពលរដ្ឋក្រីក្រ មានលទ្ធភាពចូលសិក្សា ជាពិសេសគឺតាមរយៈការពង្រឹងនិងពង្រីកគ្រឹះស្ថាន សិក្សាសាធារណៈ និងការបង្កើនអាហារូបករណ៍សម្រាប់សិស្ស និងនិស្សិតក្រីក្ររៀនពូកែ។

លោកបន្តថា រាជរដ្ឋាភិបាលក៏នឹងបន្តភាពជាដៃគូជាមួយវិស័យឯកជនរួមទាំងសហគ មន៍ជាតិនិងអន្តរជាតិដើម្បីបង្កើត និងលើកកម្ពស់ គុណភាពសេវាអប់រំ ទាំងក្នុងកម្រិតមធ្យមសិក្សា បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេសទាំងក្នុងកម្រិតឧត្តមសិក្សា ឱ្យឆ្លើយតបបានយ៉ាងសម ស្របទៅនឹងស្តង់ដារអន្តរជាតិ៕

ដោយ ជួន សុជាតិ