កុមារគថ្លង់ចំនួន៦០នាក់ នៅខេត្តសៀមរាប ទទួលបានការបង្រៀនពីវិធីសាស្ត្ររំដោះខ្លួនចេញពីការលង់ទឹក

AKP សៀមរាប ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ — លោក សារឿន ដរ៉ាគិមឆាយ នាយកសាលាបង្រៀនហែលទឹកមើម៉េធកម្ពុជា បានឱ្យ ដឹងនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះថា នៅពេលដែលមនុស្សធម្មតាមិនចេះហែលទឹក តែពួកគេអាចស្រែកខ្លាំងៗបានដើម្បីរកជំនួយ ខណៈដែលពួកគេជួបហេតុការណ៍លង់ទឹក។ ប៉ុន្តែ សម្រាប់មនុស្សគថ្លង់ដែលមិនអាច សូម្បីតែស្តាប់សំឡេង និងនិយាយ ហើយថែមទាំង មិនមានឱកាសរៀនហែលទឹកទៀតនោះ តើពួកគាត់ត្រូវប្រឈមបែបណាពេលមានបញ្ហា។ ដូច្នេះដើម្បីឱ្យកុមារគថ្លង់រំដោះខ្លួនចេញពីការលង់ទឹកបាន សាលាបង្រៀនហែលទឹក មើម៉េធកម្ពុជា បានបង្រៀនពីវិធីសាស្ត្ររំដោះខ្លួនចេញពីការលង់ទឹក ដល់កុមារគថ្លង់ចំនួន ៦០នាក់នៅខេត្តសៀមរាប ដែលមានក្រុមគ្រូបង្រៀនហែលទឹកអាជី។

លោកបានបន្តថា ការរៀបចំព្រឹត្តិការណ៍សប្បុរសធម៌នៅខេត្តសៀមរាបសម្រាប់ កុមារកំព្រា និងកុមារគថ្លង់មកពីអង្គការគ្រួសារថ្មីនៅពេលនេះ គឺក្នុងគោលដៅកាត់បន្ថយ ចំនួនអ្នកស្លាប់ដោយសារលង់ទឹកនៅប្រទេសកម្ពុជា ជាពិសេសកុមារគថ្លង់។ តាមរយៈការ បង្រៀនកុមារគថ្លង់ឱ្យចេះហែលទឹកនេះ ដើម្បីឱ្យពួកគេចេះជួយសង្គ្រោះខ្លួនឯងនៅក្នុងទឹក នៅពេលពួកគេស្ថិតនៅក្នុងគ្រោះថ្នាក់ផ្លូវទឹក ឬគ្រោះទឹកជំនន់។

លោកបានបញ្ជាក់ថា ការបង្រៀនពីវិធីសាស្ត្ររំដោះខ្លួនចេញពីការលង់ទឹកដល់កុមារ គថ្លង់ចំនួន៦០នាក់នៅខេត្តសៀមរាប គឺជាព្រឹត្តិការណ៍បន្ទាប់ពីរាជធានីភ្នំពេញ ហើយនៅ ពេលខាងនេះ និងធ្វើឡើងនៅតាមបណ្តាខេត្តផ្សេងៗទៀតដែលនៅជាប់តំបន់ ប្រឈមគ្រោះ ថ្នាក់ដោយសារទឹក៕

ដោយ ឃុត សៅ