លោកជំទាវ Obuchi Chizuko  ភរិយាអតីតនាយករដ្ឋមន្ត្រីជប៉ុន​កត់សម្គាល់ពីការរីកចម្រើននៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ — លោកជំទាវ Obuchi Chizuko ភរិយាអតីតនាយករដ្ឋមន្ត្រីជប៉ុន អូប៊ូជី បានលើក​ឡើ​ង​ នៅ​ចំពោះមុខសម្តេចតេជោ ហ៊ុន សែន ថា  កម្ពុជាបានទទួលនូវសុខសន្តិភាពពិតប្រាកដ និ​ង​​កា​រ​អភិវឌ្ឍ ហើ​យ​ប្រជាជនកម្ពុជាមានទឹកមុខស្រស់ស្រាយ និងរស់រវើក។

នេះបើយោងតាមការឱ្យដឹងរបស់ ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេច​តេ​ជោ ប​ន្ទា​​ប់​ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណា​ច​ក្រ​​​កម្ពុ​ជា បា​នអនុញ្ញាតឱ្យ លោកជំទាវ Obuchi Chizuko ភរិយាអតីតនាយករដ្ឋមន្ត្រីជប៉ុន អូប៊ូជី ចូល​ជួ​ប​សម្ដែងការ​គួរ​ស​ម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២០ នៅវិមានស​ន្តិភាព​។

លោកជំទាវអូប៊ូជី បានគោរពជម្រាបជូនសម្ដេចតេជោថា លោកជំទាវ ពិតជាមាន​សេច​ក្ដី​សោ​​មនស្សរីករាយយ៉ាងខ្លាំង ដែលបានមកធ្វើទស្សនកិច្ច នៅកម្ពុជា ក្នុងខួប២០ឆ្នាំ បន្ទាប់ពី​លោ​​ក​ជំទាវ និងស្វាមី បានមកកាន់កម្ពុជា កាលពី២០ឆ្នាំមុន។ លោកជំទាវបានថ្លែងអំណរ​គុ​ណ​​ ជូនសម្ដេចតេជោ  ដែលតំណាងឱ្យព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានបំពាក់​នូ​វ​គ្រឿង​ឥស្សរិយយស ជូនលោកជំទាវ។ លោកជំទាវ បានលើកឡើងថា លោកជំទាវមា​ន​ការ​ចងចាំយ៉ាងរស់រវើក អំពីដំណើរទស្សនកិច្ចរបស់លោកជំទាវ ទៅកាន់អង្គការ CMAC កា​ល​​ពី២០ឆ្នាំមុន ជាមួយនឹងស្វាមីរបស់លោកជំទាវ ហើយក្នុងដំណើរទស្សនកិច្ចលើកនេះ ក៏​បា​ន​​​ទៅធ្វើ​ទស្សនកិច្ច នៅ CMAC ផងដែរ។  លោកជំទាវបានកត់សម្គាល់ថា ក្នុងដំណើរទស្សន​កិ​ច្ច​​​មកកាន់កម្ពុជា និងដំណើរទស្សនកិច្ចទៅ CMAC លោកជំទាវបាន​កត់សម្គាល់ឃើ​ញ​ថា ក​ម្ពុ​​ជា បានទទួលនូវសុខសន្តិភាពពិតប្រាកដ ហើយជាងនេះទៀត ប្រជាជនកម្ពុជា មានទឹកមុខ​ស្រ​​ស់​ស្រាយនិងរស់រវើក។ លោកជំទាវបានបន្ដថា នេះគឺជាជោគជ័យ​ដ៏ពិតប្រាក​ដ​ ដ៏ធំធេង​របស់កម្ពុជា។ ក្នុងន័យនេះដែរ លោកជំទាវ និងប្រតិភូបានជូនពរ ឱ្យចំណង​មិត្ត​ភា​ព រវាង​កម្ពុជានិងជប៉ុន កាន់តែស្អិតរមួតរឹងមាំថែមទៀត។ លោកជំទាវក៏បានគោរព​ជូន​ពរ​ស​ម្ដេច​តេជោ​ផងដែរ សូមឱ្យបារមីដ៏ស័ក្ដិសិទ្ធ ជួយដល់មាតាក្មេករបស់សម្ដេចតេជោ ក៏ដូច​ជា​​មាតាបង្កើត របស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត បានជាសះស្បើយ យ៉ាងឆាប់រហ័សនា​ពេល​ខាង​មុខ​នេះ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូន ចំពោះលោកជំទាវ និងប្រតិភូ ដែ​លបានជូនពរឱ្យមាតាក្មេក បានជាសះស្បើយឆាប់ៗ នៅពេលខាងមុខ។ ​សម្ដេ​ច ​​តេជោក៏បានលើកឡើងពីអតីតកាលដែលនៅពេលនោះ ឯកឧត្តម អូប៊ូជី បានមកទស្សន​កិច្ច​នៅកម្ពុជា ហើយក្នុងទស្សនកិច្ចនោះផងដែរ មានតែឯកឧត្តមអូប៊ូជីនិងលោកជំទាវទេ ដែ​ល​ជាជនជាតិបរទេស  បានធ្វើទស្សនកិច្ច ទៅមើលសកម្មភាពដោះមីន និងអង្គការស៊ីម៉ាក់ ហើ​​យមានតែឯកឧត្តម អូប៊ូជី ទេ ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំង លើបញ្ហាដោះមីននេះ។ សម្ដេ​ចតេជោ ក៏បានរម្លឹកអំពីអតីតកាលផងដែរ នោះគឺឯកឧត្តមអូប៊ូជី រដ្ឋាភិបាលជប៉ុន និង​ប្រ​ជា​​ជនជប៉ុន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់កម្ពុជា ឱ្យមានការបោះឆ្នោត នៅ​ឆ្នាំ​១៩​៩៨ បន្ទាប់ពីកម្ពុជា មានជម្លោះប្រដាប់អាវុធ នៅឆ្នាំ១៩៩៧។ សម្ដេចតេជោបន្តថា ឯកឧត្តម អូប៊ូ​ជី​ ជានាយករដ្ឋមន្ត្រីទី២ ក្នុងប្រវត្តិសាស្ត្រ មកកាន់កម្ពុជា ដោយនាយករដ្ឋ​មន្ត្រី​ជប៉ុនទី១ បាន​មក​​កម្ពុជា នៅទសវត្សរ៍៥០ ហើយបន្ទាប់មក ឯកឧត្តមអូប៊ូជី ដែលបានមកកាន់​កម្ពុជា កាល​ពី​២០​​ឆ្នាំមុន។ នៅក្នុងដំណាក់កាលរបស់ឯកឧត្ដម អូប៊ូជី ជានាយករដ្ឋមន្ត្រី ឯកឧត្តមបាន​ជួយ​ដ​ល់​កម្ពុជាយ៉ាងច្រើន ជាពិសេសក្នុងការជំរុញ ឱ្យមានការផ្ដល់ថវិកា​ទ្រទ្រង់​ដល់កម្ពុជា គឺ​ឯក​ឧ​ត្ត​​ម​ជាអ្នកសម្រេច និងជាអ្នកប្រកាស នៅក្នុងដំណើរទស្សនកិច្ចរបស់​ឯកឧត្តម មកកាន់​កម្ពុ​ជា​៕

ដោយ ជឹម ណារី