ប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ីរ៉ង់អំពាវនាវឱ្យមានការតវ៉ាបន្ថែមទៀតបន្ទាប់ពីគ្រោះមហន្តរាយធ្លាក់យន្តហោះ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (១៦.០១.២០)

អ៊ីរ៉ង់៖ កាលពីថ្ងៃពុធប្រជាជនអ៊ីរ៉ង់បានអំពាវនាវនៅលើបណ្តាញសង្គមដើម្បីធ្វើបាតុកម្មជាថ្មីទៀតប្រឆំាងនឹងការបាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើរ   ដែលសកម្មភាពនេះត្រូវបានគេមើលឃើញថា ជាព្យាយាមបង្វែរបញ្ហា​ធ្លាក់យន្តហោះ   ទៅជាយុទ្ធនាការបន្តប្រឆាំងនឹងការដឹកនាំក្នុងប្រទេសខ្លួន  ។

ក្រុមបាតុករដែលមាននិស្សិតជាក្រុមនំាមុខបានធ្វើបាតុកម្មជារៀងរាល់ថ្ងៃនៅទីក្រុងតេអេរ៉ង់និងទីក្រុងដទៃទៀតចាប់តាំងពីថ្ងៃសៅរ៍នៅពេលដែលអាជ្ញាធរបានសារភាពថាបានបាញ់ទម្លាក់យន្តហោះអ៊ុយក្រែនកាលពីសប្តាហ៍មុនដោយបានសម្លាប់មនុស្សទាំងអស់ ១៧៦ នាក់នៅលើយន្តហោះ។

ភាគច្រើននៃអ្នកដែលបានស្លាប់នៅលើយន្តហោះគឺជាជនជាតិអ៊ីរ៉ង់ដែលភាគច្រើនគឺជានិស្សិតដែលបានវិលត្រឡប់ទៅសិក្សានៅក្រៅប្រទេសវិញ  បន្ទាប់ពីបាន​មកលេងក្រុមគ្រួសាររបស់ពួកគេក្នុងថ្ងៃឈប់សម្រាក ។