គ្រួសារសព ៤នាក់នៅខេត្តបន្ទាយមានជ័យដែលរងគ្រោះក្នុងឧបទ្ទវហេតុបាក់រលំអគារនៅ ខេត្តកែប ទទួលបានថវិកាសម្តេចតេជោ ហ៊ុន សែន ដែលបានមកពីសប្បុរសជន

AKP បន្ទាយមានជ័យ ថ្ងៃទ១៦ ខែមករា ​ឆ្នាំ២០២០ –ឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាល ពីរសៀលថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ​ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២០ បាន​នាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានពីការបរិច្ចាគ ពី   សប្បុរសជនចំនួន ២០ម៉ឺនដុល្លារអាម៉េរិក ទៅផ្តល់ជូនគ្រួសារសព ៤នាក់ នៅភូមិដងត្រាង ឃុំ ចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលរងគ្រោះក្នុងឧបទ្ទវហេតុបាក់រលំអគារ​ នៅខេត្តកែប កាលពីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ។

ក្នុងឱកាសនោះឯកឧត្តម សេង ទៀង បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសព ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែងតែគិតគូរ យកចិត្តទុក​​ដាក់ក្នុងការជួយ ដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។​ ដូចករណីការបាក់ រលំអគារនៅខេត្តកែបកន្លងមកនេះ សម្តេចតេជោបានចុះអន្តរាគមន៍បញ្ជា​ដោយផ្ទាល់ក្នុងការ ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ និងបានអំពាវនាវដល់សប្បុរសជន​ ដោយប្រមូលបាន ថវិកាយកមកជួយបងប្អូនជនរងគ្រោះទៀតផង។

​​ ​ ឯកឧត្តម សេង ទៀង បានឱ្យដឹងថា គ្រួសារសពដែលទទួលបានថវិកានេះ រួមមាន ពីរនាក់ប្ដីប្រពន្ធ ដែលសម្ដេចជួយសង្គ្រោះបានចុងក្រោយគេ ស្លាប់កូនម្នាក់ ទទួលបាន៥ម៉ឺន ដុល្លារអាម៉េរិក, ប្ដីប្រពន្ធ២នាក់ស្លាប់ បន្សល់ទុកកូន២នាក់ ម្នាក់ទទួលបាន ៥ម៉ឺនដុល្លារអា ម៉េរិក ស្ថិតក្រោមអាណាព្យាបាលរបស់ជីដូន, ២នាក់ប្ដីប្រពន្ធ ប្ដីរងរបួស ហើយប្រពន្ធស្លាប់ ទទួលបាន ៥ម៉ឺនដុល្លារអាម៉េរិក ។ ដោយឡែកស្ដ្រីម្នាក់ដែលរងរបួសប៉ុន្ដែមិនមានឈ្មោះ ក្នុងបញ្ជីក៏ទទួលបានថវិកា ១ម៉ឺនដុល្លារអាម៉េរិក ផងដែរ។

គួររម្លឹកថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណា ចក្រកម្ពុជា បានប្រកាសឧបត្ថម្ភថវិកា ដល់ជនរងគ្រោះ និងអ្នករងរបួសនៅក្នុងករណីបាក់រលំ អគារ នៅខេត្តកែបដោយសពជនរង គ្រោះម្នាក់ៗទទួលបាន៥ម៉ឺនដុល្លារនិងបន្ថែម១០លាន រៀល​​ទៀតសម្រាប់ពិធីបុណ្យសព ខណៈដែលអ្នករងរបួសម្នាក់ៗទទួលបានថវិកា ១ម៉ឺន ដុល្លារអាម៉េរិក។

ករណីបាក់រលំអគារកម្ពស់៦ជាន់នៅក្នុងខេត្តកែបបានបណ្តាលឱ្យមនុស្សរងគ្រោះនិងបាត់បង់ជីវិតសរុប ៥៩នាក់ (ស្រី២២នាក់) ក្នុងនោះបាត់បង់ជីវិតចំនួន ៣៦នាក់ (ស្រី១៤នាក់) ក្នុងចំណោមជនរងគ្រោះទាំងនេះ មានក្មេងចំនួន០៦នាក់ (ក្មេងស្រី២នាក់) និងរងរបួសចំនួន ២៣នាក់ (ស្រី០៨នាក់)៕

ដោយ ឈុន សារ៉ាត