អាជ្ញាធរជាតិអប្សរាបង្ហាញថា គ្មានការព្រួយបារម្ភ ចំពោះការខ្វះទឹកសម្រាប់ទ្រទ្រង់ប្រាង្គប្រាសាទក្នុងឧទ្យានអង្គរនៅរដូវប្រាំងនេះទេ

AKP សៀមរាប ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ — លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះថា ក្នុងរមណីយដ្ឋានអង្គរ ទឹកគឺជាប្រភពដ៏សំខាន់ សម្រាប់កិច្ចការ អភិរក្ស ប្រាង្គប្រាសាទក៏ដូចជាការលើកតម្លៃ ទេសភាពវប្បធម៌របស់ ឧទ្យានអង្គរទាំងមូល។

លោកបានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាមិនមានការព្រួយបារម្ភទេ ចំពោះការ រក្សាទឹកទុកដើម្បីអភិរក្សប្រាង្គប្រាសាទក្នុងឧទ្យានអង្គរ ដោយហេតុថា កន្លងមកអាជ្ញាធរជាតិអប្សរាបានស្ដារប្រើប្រាស់ឡើងវិញនូវប្រព័ន្ធធារាសាស្ដ្របុរាណបានល្អ ហើយប្រព័ន្ធនេះ បានបង្ហាញពីប្រសិទ្ធភាពក្នុងការរំដោះទឹកជំនន់ចេញពីរមណីយដ្ឋានអង្គរ ក៏ដូចជាតំបន់ក្រុងសៀមរាបទាំងមូល។ មិនតែប៉ុណ្ណោះ ការស្ដារឡើងវិញនូវប្រព័ន្ធប្រឡាយ តូចៗជាច្រើនទៀត ដែលអាចធានាបាននូវការបញ្ចូលទឹកក្នុងកសិណប្រាសាទ ក៏ដូចជាបារាយណ៍បុរាណជាដើម ដែលធ្វើឱ្យស្ថានភាពទឹកមានការគ្រប់គ្រង បានល្អចំពោះតំបន់ឧទ្យានអង្គរដែលជាបេតិកភណ្ឌពិភពលោក។

លោកបានបន្ថែមថា កសិណអង្គរធំ កសិណអង្គរវត្ត និងបារាយណ៍ជ័យតដាក បារាយណ៍ទឹកថ្លាជាដើមនោះ ស្ថានភាពទឹកនៅមានលក្ខណៈប្រសើរ ហើយទឹកក្រោមដីដែលមានក្នុងតំបន់ជុំវិញប្រាសាទធំៗក៏មិនមានបញ្ហាចោទដែរ។

លោក ឡុង កុសល បាន​បញ្ជាក់ថា ទឹកគឺមាន​សារៈ​ សំខាន់ណាស់នៅក្នុងតំបន់អង្គរ ក្រៅពីសម្រាប់ទ្រទ្រង់ដល់គ្រឹះប្រាសាទ ទឹកដែលនៅហ៊ុំព័ន្ធប្រាសាទបុរាណជាពិសេស ប្រាសាទនាគព័ន្ធ បានធ្វើឱ្យរុក្ខាជាតិបញ្ចេញពណ៌បៃតងខៀវខ្ចី ស្រស់ស្អាតគួរជាទីគយគន់ដែលបានទាក់ទាញ ភ្ញៀវទេសចរបានយ៉ាងច្រើន សម្រាប់អ្នកដែលបានទៅទស្សនា ប្រាសាទ និងទេសភាព នាតំបន់នោះពិសេសនៅពេលដែលអ្នកទស្សនា បានធ្វើតំណើរឆ្លងកាត់ស្ពានឈើឆ្ពោះកាន់ប្រាង្គប្រាសាទ ដែលស្ថិតនៅឯដីកោះ នាចំណុចកណ្ដាលបារាយណ៍ជ័យតដាកនោះ៕

ដោយ  ឃុត សៅ