សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចុះហត្ថលេខាលើ លទ្ធផលកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ក្នុងប្រទេសអូស្រ្តាលី

AKP កង់បេរ៉ា ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ — កិច្ចប្រជុំប្រចំាឆ្នាំលើកទី២៨ របស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) ដែលសភា ប្រទេសអូស្រ្តាលីធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ បន្ទាប់ពីបានដំណើរការកិច្ចប្រជុំអស់រយៈពេល៣ថ្ងៃ មកនោះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងប្រធានប្រតិភូសមាជិក APPF បានអញ្ជើញចុះហត្ថលេខាលើលទ្ធផលកិច្ចប្រជុំរយៈពេលបីថ្ងៃមកនេះ។

កិច្ចប្រជុំ APPF លើកទី២៨ ក្រោមមូលបទ «ភាពជាដៃគូសភាសម្រាប់ឆ្នាំ២០២០ និងឆ្នាំ បន្តបន្ទាប់» បានចេញសេចក្តីសម្រេចចំនួន១៧ ក្នុងការជំរុញលើកកម្ពស់កិច្ច សហប្រតិបត្តិការ សភា ដើម្បីរួមចំណែកដោះស្រាយបញ្ហារួម របស់ប្រជាពលរដ្ឋនៅក្នុងវិស័យ សន្តិសុខ សេដ្ឋកិច្ច សង្គម បរិស្ថាន និងសមភាពយេនឌ័រ ក្នុងការធានាឱ្យ មានការអភិវឌ្ឍ ប្រកបដោយ ចីរភាពនៅក្នុងតំបន់និងសកលលោក។ កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៩ របស់ APPF នៅក្នុងឆ្នាំ២០២១ សភាសាធារណរដ្ឋកូរ៉េ នឹងទទួលធ្វើជាម្ចាស់ផ្ទះ។ មុនប្រកាសបិទ កិច្ចប្រជុំ ឯកឧត្តម តូនី ស្មីត ប្រធានរដ្ឋសភាអូស្រ្តាលី បានប្រគល់ទង់ APPF ដល់ប្រធាន គណៈប្រតិភូសភា សាធារណរដ្ឋកូរ៉េ ជានិមិត្តរូបនៃការបន្តវេនជាអ្នករៀបចំកិច្ចប្រជុំបន្ត។

សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក “The Asia Pacific Parliamentary Forum” ផ្តួចផ្តើមបង្កើតឡើងដោយ អតីតនាយករដ្ឋមន្រ្តីជប៉ុន ក្នុងឆ្នាំ១៩៩៣ មានគោលបំណង ប្រមូលផ្តុំសភាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ ដើម្បីដោះស្រាយបញ្ហារួម ជំរុញសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់និងសកលលោក។ អង្គការសភាមួយនេះ មានសមាជិក២៧ប្រទេស មានប្រទេសអូស្រា្តលី ព្រះរាជាណាចក្រ កម្ពុជា ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ម៉ុងហ្គោលី សហព័ន្ធរុស្ស៊ី ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ហ្វ៊ីលីពីន សិង្ហបុរី ថៃ វៀតណាម ហ្វ៊ីជី ម៉េក្រូណេស៊ី នូវែលសេឡង់ ប៉ាពូញូហ្គីនៀ ប្រជុំកោះម៉ាសេដ្វាន កាណាដា ឈីលី កូឡុំប៊ី  ម៉ិកស៊ិក ប៉េរូ សហរដ្ឋអាមេរិក អេក្វាឌ័រ និងកូស្តារីកា៕

ដោយ ​ប៉ាល់ សុង