ក្រសួងពាណិជ្ជកម្ម នឹងរៀបចំទិវាជាតិលើកកម្ពស់ការ​ប្រើប្រាស់ផលិត​ផលខ្មែរលើក​ទី៣ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែមេសា​ខាងមុខ នៅខេត្ដបន្ទាយមានជ័យ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ — ក្នុងយុទ្ធសាស្រ្តជួយជំរុញ និងលើកកម្ពស់​ផលិតផល​ក្នុង​ស្រុកឱ្យមានការទទួលស្គាល់ និង​ចូល​​រួមប្រើប្រាស់កាន់តែទូលំទូលាយ​នៅទូទាំង​ប្រទេស ក្រសួង​ពាណិជ្ជកម្ម នឹងរៀបចំទិវា​ជាតិ​លើកកម្ពស់ការប្រើប្រាស់​ផលិតផល​ខ្មែរ លើកទី៣ ក្នុងឱកាសយុទ្ធនាការទិញផលិត​ផលខ្មែរ​រដូវកាលទី៥ ដែលនឹងប្រព្រឹត្តទៅ​ចាប់ពីថ្ងៃទី ០៩-១២ ខែមេសា ឆ្នាំ២០២០ នៅទីរួម​ខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជ​កម្ម។

ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ការរៀបចំពិព័រណ៍នេះ ក្នុងគោលបំណងទូង​ស្គរពញ្ញាក់ស្មារតី មហាជនទូទៅងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក​ឱ្យបាន​ច្រើន​ជាអតិបរិមា ជាពិសេសដើម្បីជំរុញការងារចលនាភូមិ១ ផលិតផល១ ឱ្យមានសន្ទុះខ្លាំងក្លា និង​​ សមិទ្ធផលធំធេងស្របតាមគោលនយោបាយជាតិ​ជំរុញចលនា​ភូមិ១ផលិតផល១ ដោយជំរុញ​​ ការផ្សព្វផ្សាយ និងប្រើប្រាស់ផលិត​ផល​ខ្មែរ​ឱ្យបាន​ទូលំទូលាយដល់ថ្នាក់​មូលដ្ឋាន។ ជាមួយ​គ្នានេះ ក្រសួងពាណិជ្ជកម្ម នឹងប្រមូលកៀរគរផលិត​ផលខ្មែរ មាន​គុណភាព​ខ្ពស់មាន​សុវត្ថិ​ភាព​​សម្រាប់អ្នកប្រើប្រាស់ មានការវេចខ្ចប់បាន​ល្អ​ត្រឹមត្រូវ អនុលោមតាម​ស្តង់ដារផលិតកម្ម​ពីគ្រប់ទិសទីនៅទូទាំងប្រទេស​មក​ដាក់​តាំងបង្ហាញ និងស្វែងរកដៃគូយកទៅលក់បន្ត។

លើសពីនេះទៀត ក្រសួងពាណិជ្ជកម្មក៏សូម​អញ្ជើញ លោក-លោកស្រី ដែលមាន​​បំណង​ចូលរួមតាំងបង្ហាញ​ផលិត​ផល​ខ្មែរក្នុងព្រឹត្តិការណ៍នេះ សូមប្រញាប់រួស​រាន់​មកដាក់​ពាក្យ​ចូល​រួម ព្រោះចំនួនស្តង់មានកំណត់។ ទន្ទឹមនេះ ក្រសួង​ពាណិជ្ជកម្ម សូមអញ្ជើញ​សាធារណជនទូទៅចូលរួមទស្សនា និងគាំទ្រព្រឹត្តិការណ៍​ដ៏​មាន​សារៈ​សំខាន់នេះកុំបីខក​ខានឡើយ៕

ដោយ រិទ្ធី