ក្រសួងពាណិជ្ជកម្មជូនដំណឹងដល់ពាណិជ្ជករ អាជីវករ​ ចង់នាំផលិតផលចូល​រួម​ពិព័រណ៍​​ពាណិជ្ជ​កម្ម​ថៃឆ្នាំ២០២០នេះ អាចទាក់ទងក្រសួងចាប់ពីពេលនេះតទៅ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ — ក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនដំណឹងដល់ពាណិជ្ជករ អាជីវករ និងសាធារណជន​ទូទៅឱ្យបានជ្រាបថា តាមរយៈការិយាល័យពាណិជ្ជកម្មនៃស្ថានទូត ថៃ ប្រចាំព្រះរាជា​ណា​ចក្រ​កម្ពុជា នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួង​ពាណិជ្ជ​កម្ម​ថៃ បានអញ្ជើញ​ប្រទេសជាសមាជិកអាស៊ានចំនួនបី(កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា) ចូល​រួម​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​សម្រាប់ឆ្នាំ២០២០ ដែលចំនួន០៣ពិព័រណ៍ក្រោមប្រធានបទ​ផ្សេងៗ​គ្នា។​នេះបើយោងតាម​សេចក្ដី​ជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។

ក្នុងសេចក្ដីជូនដំណឹងបានឱ្យដឹងថា ក្នុងចំនួន៣ពិព័រណ៍នោះ​រួមមាន ១. ពិព័រណ៍ត្បូង និងគ្រឿងអលង្ការ(Bangkok Gems & Jewelry Fair 2020) ក្នុង​ខែ​កុម្ភៈ ឆ្នាំ២០២០។
២. ពិព័រណ៍​ម្ហូបអាហារអាស៊ី(THAIFEX World of Food Asia 2020) ក្នុងខែឧសភា ឆ្នាំ២០២០។ ៣.ពិព័រណ៍​ត្បូង និងគ្រឿងអលង្ការ(Bangkok Gems & Jewelry Fair 2020) ក្នុងខែ​កញ្ញា ឆ្នាំ២០២០។

ក្នុងពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​សម្រាប់ឆ្នាំ២០២០នេះដែរ ក្រសួងពាណិជ្ជកម្ម ក៏សូម​អញ្ជើញពាណិជ្ជករ អាជីវ​ករ ដែលជាម្ចាស់ក្រុមហ៊ុន និងសហគ្រាសទាំងអស់ ដែលមាន​ចំណាប់​អារម្មណ៍ និង​បំណង​​ទៅចូលរួម​ផ្សព្វ​ផ្សាយ​ពីផលិតផល របស់ខ្លួន ឬមានគម្រោង​ស្វែង​រកដៃគូ​ពាណិជ្ជ​កម្ម​ក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ សូមមកទាក់ទង និងបំពេញបែបបទ​នៅ​នាយកដ្ឋាន​កិច្ចការ​ពិព័រណ៍នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ដោយ​ភ្ជាប់​​មក​ជាមួយ​នូវពាក្យស្នើសុំចូលរួម និងឯកសារពាក់ព័ន្ធផ្សេងៗដូចជា ប័ណ្ណចុះបញ្ជី​អាជីវកម្ម ប័ណ្ណប៉ាតង់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

ដោយ រិទ្ធី