អគ្គនាយកដ្ឋានកាំកុងត្រូល បើកវគ្គបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពមន្រ្ដីកាំកុងត្រូល អំពីច្បាប់ស្ដីពីកិច្ចការ​ពារ​អ្នកប្រើប្រាស់

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ — អគ្គនាយកដ្ឋានកាំកុងត្រូល បានបើកវគ្គបណ្ដុះបណ្ដាលលើកទី២អំពីច្បាប់​ស្ដីពី​កិច្ច​ការពារអ្នក​ប្រើប្រាស់ ដើម្បីពង្រឹងសមត្ថភាព និងការយល់ដឹងឱ្យបានកាន់តែទូលំទូលាយថែមទៀត ក្នុង​ការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងអ្នកប្រើប្រាស់។ វគ្គ បណ្ដុះ​​បណ្ដាលនេះ ប្រព្រឹត្តទៅចំនួនពីរថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤ ខែមករា ឆ្នាំ២០២០ នៅអគ្គ នាយកដ្ឋានកាំកុងត្រូល។ នេះបើយោងតាមអគ្គនាយកដ្ឋានកាំកុងត្រូល។

ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​កាំកុងត្រូលបាន​មានប្រសាសន៍ថា  ការបណ្ដុះបណ្ដាលនេះ ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពផ្នែកច្បាប់​ដល់មន្រ្តីកាំកុងត្រូលឱ្យយល់កាន់តែច្បាស់ និងស៊ីជម្រៅថែមទៀតក្នុងការចូលរួមការពារ​ដល់​អ្នកប្រើប្រាស់។ ឯកឧត្តមបានគូសបញ្ជាក់ថា ក្រោយពីរាជរដ្ឋាភិបាលសម្រេចធ្វើការ​កែ​សម្រួល​ស្ថាប័នមានសមត្ថកិច្ច​កាំកុងត្រូល​រួចមក យើងបានកសាងបទដ្ឋានគតិយុត្តជាច្រើន​ដើម្បីពង្រឹងការងារក៏ដូចជា​អង្គភាព​​​ទាំងមូល​ឱ្យ​កាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះដែរ ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយករង ជាវាគ្មិនក្នុង​វគ្គ​បណ្ដុះ​បណ្ដាល បានធ្វើបទបង្ហាញលម្អិតលើច្បាប់ស្ដីពី​កិច្ចការពារ​អ្នក​ប្រើប្រាស់ តាមជំពូក និង​មាត្រានីមួយៗ ដោយលើកឧទាហរណ៍ជាក់ស្ដែង​ដែលធ្លាប់បាន​ជួបប្រទះ​កន្លងមក យកមក​បង្ហាញដើម្បីសិក្ខាកាមទាំងអស់​បានយល់ឱ្យ​កាន់តែ​ច្បាស់​។

ឯកឧត្តម ផាន អូន អគ្គនាយករង ឱ្យ​មន្រ្តីកាំកុង​ត្រូលទាំងអស់យកចិត្តទុកដាក់ក្នុងការ​អនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួន ដោយប្រកាន់ជំហរលើច្បាប់ និងបទដ្ឋានគតិយុត្តរបស់យើង​ដែលមានរួចមកហើយ គឺច្បាប់ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិផលទំនិញ និងសេវា ច្បាប់ស្ដីពី​កិច្ចការ​ពារ​អ្នកប្រើប្រាស់ និងប្រកាសស្ដីពីការកំណត់នីតិវិធីនៃ​ការនាំចូល​ម្ហូប​អាហារ ដើម្បីឱ្យការងាររបស់អង្គភាពទទួលបានលទ្ធផលល្អ៕

ដោយ រិទ្ធី