រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាអំពីសេចក្តីព្រាង គោ​ល​​​​នយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន ២០១៩-២០២៨

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ — ឯកឧត្តមអគ្គ​បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ​គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាអំពី សេចក្តីព្រាងគោលនយោបាយ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ២០១៩-២០២៨ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២០ នៅទីស្ដីការក្រសួង​សេដ្ឋកិច្ច និង​ហិ​រញ្ញវត្ថុ។

កិច្ចប្រជុំអន្តរក្រសួងក៏បានពិនិត្យ និងពិភាក្សាអំពីសេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួ​ល​​​មាត្រា៤ មាត្រា​៨ និងមាត្រា១០ នៃអនុក្រឹត្យលេខ ២៣៨ អនក្រ.បក ចុះថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពីការបង្កើតមូលនិធិបរិស្ថាន និងសង្គម ដោយ​មាន​ការ​​អញ្ជើញ​​ចូល​រួម​ពីថ្នា​ក់​ដឹកនាំជាន់ខ្ពស់​នៃក្រសួង-​ស្ថាប័នពាក់​ព័ន្ធ​របស់រាជរដ្ឋាភិបាល។

ស្របជាមួយនឹងដំណើរឆ្ពោះទៅមុខនៃកិច្ច​អភិវឌ្ឍ ការ​ធ្វើទំនើបកម្ម និងនិរន្តរភាពទីក្រុង ក៏ដូ​ចជា ការបន្ស៊ីខ្លួនទៅនឹងបរិបទសកលនៃការរស់នៅ​ប្រកប​ដោយ​ចីរភាព ការ​មាន​ជីវភាព​កាន់​តែ​​ប្រសើរឡើងរបស់ប្រជាពលរដ្ឋកម្ពុជា​ តម្រូវការមូលដ្ឋាន​ចម្បង​របស់ពួកគាត់ គឺការផ្លាស់ប្តូរទម្លាប់នៃការ​រស់នៅដែលមាន​ផាសុកភាព និងសុខមាលភាព សាធារណៈ។

ជាកិច្ចឆ្លើយតប​ទៅ​នឹងតម្រូវជាក់ស្តែងរបស់ប្រជាពលរដ្ឋ ការគាំពារនូវគុណភាពទឹក ដី​ ខ្យល់ ពីការបំពុល គឺត្រូវដើរ​ទន្ទឹមគ្នា​នឹងកិច្ចអភិវឌ្ឍនានា ដែលក្នុងនោះ ការទប់ស្កាត់ការបំពុ​ល​ពីសំរាម សំណល់រឹងទីប្រជុំជន ជាកិច្ចការ​ចម្បង​​មួយ​​​ក្នុងកិច្ចការ​ចម្បងធំៗ​ដែលរាជរដ្ឋាភិ បាលកម្ពុជា កំពុងយកចិត្តទុកដាក់ និងដោះស្រាយជាបន្ទាន់ ​និងជា​និរន្ត។

ការពង្រឹងកិច្ចការ​គ្រ​ប់​គ្រងសំរាម សំណល់រឹងទីប្រជុំជន គឺត្រូវផ្តោតការយកចិត្តទុក​ដា​ក់​ខ្ពស់​ ចាប់តាំង​ពី​ចំណុចបង្កើតសំរាម សំណល់រឹង រហូតដល់ការកែច្នៃ និងទុកដាក់ចុងក្រោ​យ​នៃសំរាម សំណល់រឹងទាំងនេះ ដោយត្រូវ​ស្ថិត​នៅ​ក្រោម​ក្របខ័ណ្ឌគោលនយោបាយ ផែ​ន​កា​រសកម្មភាព និងវិធានការអនុវត្តន៍ជាក់លាក់ច្បាស់​លាស់ និងម៉ឺងមាត់។

ការដាក់​ចេញនូវ​គោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នេះគឺជាកិច្ចការ​បន្ទាន់ និងប្រកបដោយ​សារវន្ត ក្នុងការដោះស្រាយនូវបញ្ហាប្រឈមនាពេល បច្ចុ​ប្បន្ន​ ក៏ដូចជាពេលអនាគត ដើម្បីលើក​កម្ពស់សុខភាព​សាធារណៈ សោភណភាពទីប្រជុំ ជន និងការ​ពារប្រព័ន្ធអេកូឡូស៊ី ដែលជាឧត្តមប្រយោជន៍ជាតិ។  ការរៀបចំ “សេចក្តីព្រាង គោលនយោ​បា​យស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ២០១៩-​២០២៨” មានគោល បំណងដើម្បីពង្រឹង និងដោះស្រាយបញ្ហាគ្រប់គ្រងសំរាម សំ​ណ​ល់​រឹងទីប្រជុំជន ដើម្បី​ប្រែក្លាយ ប្រទេសកម្ពុជាឱ្យមានសោភណភាព បរិស្ថានស្អាត និងអនាម័យល្អ ប្រកបដោយភាព ទាក់ទាញ។ “សេចក្តីព្រាងគោលនយោបាយ” នេះ នឹងត្រូវបានគំាទ្រ និងអនុវត្តន៍តាមការ កំណត់ក្របខ័ណ្ឌយុទ្ធសាស្ត្រគន្លឹះសំខាន់ៗដូចជា កំណត់ក្របខ័ណ្ឌលិខិតប​ទ​ដ្ឋាន​គតិយុត្ត ក្របខ័ណ្ឌការងារ និងការទទួលខុសត្រូវរបស់ក្រសួង-ស្ថាប័ន  អង្គភាព និងអ្នកពាក់ ព័ន្ធនានាលើការគ្រប់គ្រងសំរាម សំណល់រឹង​​ទីប្រជុំជន។ រៀបចំឱ្យមានយន្តការ និងវិធានការ បច្ចេកទេស បច្ចេកវិទ្យា និងធនធាន សម្រាប់ការគ្រប់​​គ្រង និងគាំទ្រលើការងារគ្រប់ គ្រងសំរាម សំណល់រឹងទីប្រជុំជន។ ជំរុញ និងលើកទឹកចិត្តការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន របស់រដ្ឋបាល​ថ្នាក់​ក្រោមជាតិ។បង្កើតឱកាសវិនិយោគដល់វិស័យ ឯកជន លើការផ្តល់សេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។ លើកកម្ពស់ការចូលរួម គាំទ្រ ពីសាធារណជន វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងការអនុវត្ថកាតព្វកិច្ចគ្រប់គ្រង សំរាម សំណល់រឹងទីប្រជុំជន ប្រកបដោយសុវត្ថិភាពបរិស្ថាន និងលើកកម្ពស់ការអប់រំ ផ្សព្វផ្សាយ និងជំរុញឱ្យមានការចូលរួមពីសាធារណជន​។

ចំណែកឯសេចក្តីព្រាងអនុក្រឹត្យស្តីពី “ការកែសម្រួលមាត្រា ៤ មាត្រា​ ៨ និងមាត្រា ១០ នៃអនុក្រឹត្យលេខ ២៣៨ អនក្រ.បក ចុះថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពីការបង្កើតមូល និធិបរិស្ថាន និងសង្គម” មានគោលបំណង កែសម្រួល និងធ្វើឱ្យប្រសើរឡើងនូវ រចនាសម្ព័ន្ធ នៃការគ្រប់គ្រងរបស់មូលនិធិបរិស្ថាន និងសង្គម តាមរយៈការកំណត់ប្រភពចំណូល និងការប្រើប្រាស់មូលនិធិបរិស្ថាន និងសង្គម ឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់ ដែលក្នុងនោះ រួមមាន៖  ១. សមាសភាពរបស់គណៈកម្មាធិការមូលនិធិ បរិស្ថាន និងសង្គម, ២. ប្រភពចំណូលរបស់មូលនិធិបរិស្ថាន និងសង្គម និង​៣.សកម្មភាពដែលអនុញ្ញាតឱ្យ ប្រើប្រាស់មូលនិធិបរិស្ថាន និងសង្គម។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ប្រធានអង្គប្រជុំ បាន​ថ្លែង​អំណរគុណ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារនៃក្រសួងបរិស្ថាន ​ដែលបានរៀបចំ សេចក្តីព្រាងទាំងពីរដ៏មានសារៈសំខាន់​​នេះ និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាង​សកម្ម​ក្នុង​ការ​ពិភាក្សា និងបានផ្តល់ជាធាតុចូល សម្រាប់កែលម្អបន្ថែម លើសេចក្តីព្រាងទាំងពីរនេះ៕

ដោយ គង់ សិរីរ័ត្ន