រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ជួបពិភាក្សាការងារជាមួយសមាជិករដ្ឋសភាជប៉ុន និងជាអតីតរដ្ឋ​លេខាធិការក្រសួងការបរទេសជប៉ុន

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជួបពិភាក្សា​ការងារ​ជាមួយឯកឧត្តម KazuyukINAKANE សមាជិករដ្ឋសភា និងជាអតីតរដ្ឋលេខាធិការ​ក្រសួងការបរទេសជប៉ុន។ ជំនួបនេះគឺធ្វើឡើង​ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នាទីស្តីការក្រសួងមហាផ្ទៃ ។

សម្ដេចក្រឡាហោម ស ខេង បានស្វាគមន៍ចំពោះឯកឧត្តម KazuyukINAKANE និង​បានថ្លែងអំណរគុណតាមរយៈឯកឧត្តមចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងជប៉ុន ជាពិសេសការចូលរួមចំណែករបស់រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុនដល់​ដំណើរ​ការអភិវឌ្ឍន៍ប្រទេសកម្ពុជា មានដូចជា ជំនួយឥតសំណង និងជំនួយផ្សេងៗទៀត ដែលនេះ​ជាការរួមចំណែកដល់ការអភិវឌ្ឍរបស់កម្ពុជារហូតមកដល់ពេលបច្ចុប្បន្ននេះ។

ឯកឧត្តម KazuyukINAKANE បានលើកឡើងថា ឯកឧត្តមពិតជាមានក្តីរីករាយក្នុងការ​បំពេញទស្សនកិច្ចនៅកម្ពុជា ហើយឯកឧត្តមក៏អាចនិយាយថាឯកឧត្តមជាសមាជិកសភាមួយ​រូបរបស់ជប៉ុន ដែលបានធ្វើដំណើរមកប្រទេសកម្ពុជាច្រើនជាងគេផងដែរ។ ឯកឧត្តម បាន​បន្ថែមថា តាមរយៈដំណើរទស្សនកិច្ចមកកម្ពុជាលើកនេះ ឯកឧត្តមពិតជាមើលឃើញ​នូវ​វឌ្ឍន​ភាពរបស់កម្ពុជា និងមើលឃើញយុវជនកម្ពុជាកាន់តែមានភាពរស់រវើកក្នុងការចូលរួមដល់​ការអភិវឌ្ឍប្រទេសរបស់ខ្លួនប្រកបដោយក្តីសង្ឃឹមផងដែរ។

សម្ដេចក្រឡាហោម បានអំណរគុណចំពោះការវាយតម្លៃរបស់ឯកឧត្តមសមាជិករដ្ឋ សភាជប៉ុន មកលើវឌ្ឍនភាពរបស់កម្ពុជា ក៏ដូចជាស្ថានភាពទូទៅរបស់កម្ពុជា។ សម្ដេច​ក្រឡាហោមបានបន្ដទៀតថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយលើក​កម្ពស់ និងជំរុញលើកទឹកចិត្តដល់យុវជនកម្ពុជាឱ្យចូលរួមនៅក្នុងសកម្មភាពនយោបាយ ក៏ដូច​ជា​ចូលរួមនៅក្នុងសកម្មភាពកសាង និងអភិវឌ្ឍន៍សង្គមជាតិផងដែរ ជាពិសេសលើក​កម្ពស់​តួនាទីរបស់ស្ត្រីនៅក្នុងសង្គម។ សម្តេចក្រឡាហោមបានកត់សម្គាល់ឃើញថា នៅក្នុងរយៈ​ពេល១០ឆ្នាំចុងក្រោយនេះ គឺរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ជាច្រើនក្នុងការជំរុញ​ដល់​យុវជនវ័យក្មេង ដើម្បីចូលរួមនៅក្នុងសកម្មភាពសង្គម ហើយក៏កំពុងតែខិតខំប្រើប្រា​ស់​នូវ​សក្តានុពលនៃធនធានមនុស្សវ័យក្មេងនេះក្នុងការអភិវឌ្ឍសង្គមជាតិឱ្យកាន់មានប្រសិទ្ធភាព ផងដែរ៕

ដោយ ចាន់ សុធីវង្ស