អនុប្រធានរដ្ឋសភាវៀតណាម អញ្ជើញសម្តេចប្រធានរដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំដែលសភាវៀតណាមរៀបចំធ្វើក្នុងឆ្នាំ២០២០នេះ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ — សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បន្ទាប់ពីបានចូលរួមកិច្ចប្រជុំ​ប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) លើកទី២៨ នៅប្រទេសអូស្ត្រាលី ក៏បាន​ទទួល​​ជួបសវនាការជាមួយលោកជំទាវ តុង ធីហ្វុង អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋ​សង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅវិមានរដ្ឋសភាអូស្រ្តាលី។

បើយោងតាមរដ្ឋសភាកម្ពុជាបានឱ្យដឹងថា ក្នុងជំនួបនេះ លោកជំទាវ តុង ធីហ្វុង អនុ​ប្រធានរដ្ឋសភាវៀតណាម ក៏បានគោរព​អញ្ជើញសម្តេច​ប្រធានរដ្ឋសភាកម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​និងចូលរួមកិច្ចប្រជុំមួយចំនួន​ដែល​សភាវៀតណាមរៀបចំធ្វើនៅក្នុង​ឆ្នាំ២០២០នេះ គឺ​មានកិច្ចប្រជុំសមាជិកសភាស្រ្តីវៀត​ណាម​ និងកម្ពុជា មហាសន្និបាតអន្តរសភាអាស៊ាន លើក​ទី៤១ និងកិច្ចប្រជុំទល់មុខអាស៊ាន​អាយប៉ា។ លោកជំទាវអនុប្រធានរដ្ឋសភាវៀតណាម ក៏បានអញ្ជើញសមាជិសភាកម្ពុជា ចូល​រួមកិច្ចប្រជុំមួយចំនួនទៀត នៅក្នុងឆ្នាំ២០២០ នោះដែរ មានកិច្ចប្រជុំស្តីពី វប្បធម៌ និងអប់រំ សេដ្ឋកិច្ចជាដើម។ លោកជំទាវ អនុប្រធានរដ្ឋសភា​វៀតណាម បានកើតសរសើរចំពោះការ រៀបចំកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ នៃវេទិកាសភា​អាស៊ី​​ប៉ាស៊ីហ្វិក(APPF) របស់សភាកម្ពុជា កាលពីឆ្នាំ២០១៩ មានលក្ខណៈល្អណាស់ គឺល្អទំាង​ខ្លឹមសារនិងការរៀបចំកិច្ចប្រជុំ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលយកសំណើរបស់ភាគីវៀតណាម ដោយបានប្រគល់ភារកិច្ចជូនក្រុមការងារដើម្បីធ្វើការទំនាក់ទំនងជាមួយភាគីវៀតណាមបន្ត។សម្តេចប្រធានបានសម្តែងក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជ​កម្ម និងវិនិយោគ ប្រទេសទំាងពីរ មានការរីកចម្រើនជាលំដាប់ ដែលមកដល់ពេលនេះ ឈាន​ជិតដល់ទំហំទឹកប្រាក់ ៥ពាន់លានដុល្លារនោះ។ ចំពោះកិច្ចសហប្រតិបត្តិការសភាប្រទេស​ទំាង​ពីរវិញ មានលក្ខណៈល្អប្រសើរណាស់។ សម្ដេចប្រធានរដ្ឋសភាក៏បានលើកឡើងដែរថា សភាកម្ពុជានិងវៀតណាម បានគំាទ្រគ្នាទៅវិញទៅមក នៅលើឆាកអន្តរជាតិ ដូចជាការ​ចូលរួម​កិច្ចប្រជុំAPPF ក្នុងប្រទេសអូស្រ្តាលីនេះជាដើម៕

ដោយ រិទ្ធី