​អនុប្រធានទី២ ព្រឹទ្ធសភា អញ្ជើញបើកវេទិកាសាធារណៈថ្នាក់ខេត្ត ស្តីពី ការពង្រឹងសមត្ថភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងខេត្តមណ្ឌលគិរី

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ — ដោយមានការសហការពីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ រដ្ឋបាលខេត្តមណ្ឌលគិរី និង វិទ្យាស្ថានសភាកម្ពុជា (PIC) ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំវេទិកាថ្នាក់ខេត្តស្តីពី «ការ ពង្រឹងសមត្ថភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការរៀបចំថវិកា និងការផ្តល់សេវាសាធារណៈជូនប្រជា ពលរដ្ឋប្រកប​ដោយប្រសិទ្ធភាព» កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។

ថ្លែងទៅកាន់សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ សរុបចំនួន២៣៣នាក់ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បាន កោតសរសើរ និងអរគុណចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងសហការដ៏ល្អ ប្រពៃក្នុងការរៀបចំវេទិកានេះឡើង ជាសក្ខីភាពឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់ឯកឧត្តម លោកជំទាវ ក្រុមសមាជិកព្រឹទ្ធសភា ដែលជាតំណាងការពារសិទ្ធិ ផលប្រយោជន៍របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំង រួមចំណែកជួយពង្រឹងសមត្ថភាពដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវា សាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន សំដៅលើកកម្ពស់គុណភាពនៃជីវភាពរស់នៅ និងសុខុមាលភាពរបស់ ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តម ទេព ងន បានលើកឡើងថា ចាប់តាំងពីនីតិកាលទី២ រហូតមកដល់បច្ចុប្បន្ននេះ ព្រឹទ្ធសភា បានកើតឡើងដោយការបោះឆ្នោតជាអសកល។ សមាជិកព្រឹទ្ធសភាច្រើនលើសលុបត្រូវបានជ្រើសតាំង ដោយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងតំណាងរាស្ត្រក្នុងតំណែង។ ហេតុដូចនេះ សមាជិកព្រឹទ្ធសភាជា តំណាងការពារសិទ្ធិ ផលប្រយោជន៍របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាម្ចាស់ឆ្នោតក្នុងភូមិភាគទាំង៨ និងជាតំណាងឱ្យផលប្រយោជន៍ប្រជាជាតិខ្មែរទាំងមូល។ ដោយសារតែភាពជាតំណាងនេះ សមាជិក ព្រឹទ្ធ សភាត្រូវយកចិត្តទុកដាក់ស្តាប់មតិយោបល់ សំណូមពរ បញ្ហាប្រឈមនានា របស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅថ្នាក់មូលដ្ឋាន តាមរយៈការជួយរិះរក វិធីសាស្ត្រដោះ ស្រាយ សំណូមពរ បញ្ហាប្រឈមរបស់ម្ចាស់ឆ្នោត និងប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ព្រឹទ្ធសភាមាន តួនា ទីសំខាន់ជួយដល់រាជរដ្ឋាភិបាលក្នុងការបញ្ជ្រាប ជំរុញ និងជួយឱ្យមានការអភិវឌ្ឍ ជាវិជ្ជមាននៅ គ្រប់កម្រិត គ្រប់វិស័យ ជាពិសេសវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម តាមរយៈមុខងារទាំងបីរបស់ព្រឹទ្ធសភាគឺ មុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង។

ឯកឧត្តម ទេព ងន ក៏បានលើកឡើងពីទស្សនៈមួយចំនួនអំពីភាពជាតំណាង និងតួនាទីរបស់ព្រឹទ្ធ សភាចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ និងគោលដៅច្បាស់លាស់ ក្នុងការលើកកម្ពស់សមត្ថភាព ចែករំលែកបទពិសោធន៍ ឈ្វេងយល់ព័ត៌មាន និងរិះរកដំណោះស្រាយនូវសំណូមពរ ការប្រឈមនានារបស់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលធ្វើឱ្យ សម្រេចបាននូវចក្ខុវិស័យ ក្នុងការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម ទេព ងន បានលើកទឹកចិត្តអ្នកចូលរួមទាំងអស់ ពិសេសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវលើកឡើងនូវកង្វល់ ការប្រឈម សំណូមពរនានា ដែលបានជួបប្រទះនៅក្នុងការងារជាក់ ស្តែងនៅមូលដ្ឋាន និងស្នើដល់វាគ្មិនដែលអញ្ជើញមកពីថ្នាក់ជាតិ អាជ្ញាធរខេត្តមណ្ឌលគិរី និងអង្គភាពពាក់ព័ន្ធ ធ្វើការបំភ្លឺ ព្រមទាំងខិតខំរិះរកឱ្យអស់លទ្ធភាព ដើម្បីដោះស្រាយនូវការប្រឈម សំណូមពរដែលក្រុមប្រឹក្សាឃុំសង្កាត់បានលើកឡើង សំដៅរួមគ្នាតម្រង់ទិសសកម្មភាពរបស់ខ្លួន ឆ្លើយតបឱ្យបានទាន់ពេលវេលានូវបញ្ហាលំបាកនានារបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

ឯកឧត្តម ទេព ងន សង្ឃឹមថា អ្នកចូលរួមទាំងអស់ ជាពិសេសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ នឹងទទួលបានព័ត៌មាន ចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ ដំណោះស្រាយថ្មីៗបំពេ​ញ​បន្ថែមនូវចំណុច ខ្វះខាតមួយចំនួនក្នុងការអនុវត្តការងារកន្លងមក និងបានជាមូលដ្ឋាន ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។

សូមបញ្ជាក់ថា វេទិកាថ្នាក់ខេត្តនេះ ប្រព្រឹត្តទៅរយៈពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ដោយមានការធ្វើបទបង្ហាញពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនានា លើប្រធានបទសំខាន់ៗ រួមមាន៖ ការផ្តល់សេវាអត្តសញ្ញាណកម្ម។ យន្តការគាំទ្ររដ្ឋបាលពីថ្នាក់ខេត្ត ក្រុង ស្រុក ទៅរដ្ឋបាលឃុំ សង្កាត់។ ការកសាងផែនការថវិកា និងនីតិវិធីទូទាត់ថវិកា។ ការរៀបចំ និងកសាងកម្មវិធីវិនិយោគបី ឆ្នាំរំកិលរបស់ឃុំ សង្កាត់ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់។ ការកសាងកម្មវិធីវិនិយោគបី ឆ្នាំរំកិលរបស់ឃុំ សង្កាត់។ ការគ្រោងថវិកាប្រចាំឆ្នាំ និងរបៀបចុះកិច្ចបញ្ជីការគណនេយ្យឃុំ សង្កាត់។ មតិយោបល់របស់ក្រុមប្រឹក្សាឃុំ សង្កាត់អំពីបញ្ហាប្រឈម និងសំណូមពរក្នុងការអភិវឌ្ឍមូលដ្ឋាន និងមតិបកស្រាយបំភ្លឺរបស់អាជ្ញាធរមូលដ្ឋាន និងតំណាងក្រសួងនានា៕

ដោយ  ប៉ាល់ សុង