ជប៉ុន អបអរសាទរចំពោះកម្ពុជា ដែលទទួលបានសន្តិភាព ធ្វើឱ្យប្រទេសកាន់តែមានការការអភិវឌ្ឍ និងរីកចម្រើនថែមទៀត

AKP  ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ — ឯកឧត្តម អ៊ីម៉ាម៉ឹរ៉ាក់ ម៉ាសាហ៊ីរ៉ុ សមា​ជិក​​រដ្ឋសភា និងជាប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា បាន ជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាថា ឆ្នាំនេះគឺជាខួប២០ឆ្នាំ នៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី ជប៉ុននៅកម្ពុជា ចាប់តាំងពីឆ្នាំ២០០០មក។ ឯកឧត្តមបានសម្តែងនូវសេចក្តីរីករាយដែលបានមកបំពេញទស្សន កិច្ចលើកទី១នៅកម្ពុជា ដោយមើល​ឃើញថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា មានការរីកចម្រើន និងអភិវឌ្ឍន៍យ៉ាង ឆាប់រហ័សគួរឱ្យកត់សម្គាល់។ ទាំងអស់នេះដោយ​សារតែប្រទេសកម្ពុជាមានសុខ​សន្តិភាព និងស្ថិរភាពនយោ​បាយ ដែលជាកត្តាសំខាន់ បង្កឱ្យមានការរីកចម្រើនសេដ្ឋកិច្ច។ ប្រទេសជប៉ុន សូមបន្តអបអរសាទរចំពោះការរីកចម្រើន និងអភិវឌ្ឍន៍ប្រទេសកម្ពុជា។

នៅក្នុងជំនួបសវនាការជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ កម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែលឯកឧត្តមដឹកនាំ គណៈប្រតិភូ មកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ឯកឧត្តម អ៊ីម៉ាម៉ឹរ៉ាក់ ម៉ាសាហ៊ីរ៉ុ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការវាងប្រជាជន និងប្រទេសទាំងពីរ ដែលត្រូវបានពង្រឹងពង្រីកកាន់ តែខ្លាំងក្លាថែមទៀត​។

ឯកឧត្តម អ៊ីម៉ាម៉ឹរ៉ាក់ ម៉ាសាហ៊ីរ៉ុ  បានបញ្ជាក់ថា បច្ចុប្បន្នប្រទេសជប៉ុនកំពុងតែខិតខំប្រឹងប្រែងចាត់វិធានការ ដើម្បីទទួលកម្លាំងពលកម្ម កម្លំាងកម្មសិក្សាការីបច្ចេកទេសរបស់ប្រទេសកម្ពុជា ឱ្យមកធ្វើការនៅប្រទេសជប៉ុន។ តាមរយៈកម្មសិក្សាការីបច្ចេកទេសទាំងអស់នេះ ឯកឧត្តមសង្ឃឹមថា នឹងទទួលចំណេះដឹងជាច្រើន អំពីបចេ្ចកទេស វិជ្ជាជីវៈរបៀបគ្រប់គ្រងក្រុមហ៊ុនការងារ ហើយនៅថ្ងៃអនាគត ពេលត្រឡប់ទៅប្រទេសកម្ពុជាវិញ នឹងយក ជំនាញទាំងអស់នេះ ទៅជួយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀ។ ឯកឧត្តម អ៊ីម៉ាម៉ឹរ៉ាក់ ម៉ាសាហ៊ីរ៉ុ  ក៏បានថ្លែងអំណរគុណចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែល បានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបគណៈប្រតិភូរបស់ឯកឧត្តមនាពេលនេះ។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានស្វាគមន៍នូវការ បំពេញទស្សនកិច្ចការងារនៅកម្ពុជានាឱកាសនេះ។ ដំណើរទស្សនកិច្ចនេះ គឺពិតជាបានរួមចំណែកដល់ការ រឹតចំណងមិត្ត​ភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ ឡើង ថែមទៀត ទាំង​​ក្នុងពេលបច្ចុប្បន្ន និងពេលអនាគត ដើម្បីប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេស ទាំងពីរ ជាពិសេ​ស​រួមចំណែកដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័ន នីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះប្រសាសន៍ដ៏ល្អប្រពៃរបស់ឯកឧត្តម អ៊ីម៉ាម៉ឹរ៉ាក់ ម៉ាសាហ៊ីរ៉ុ ដែលបានថ្លែងសរ​សើ​រ​អំពីការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ។ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីរីករាយ និងពេញចិត្តជាខ្លាំង ដោយ​មើលឃើញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានដំឡើ ងកម្រិតទំនាក់ទំនងកម្ពុជា​-​ជប៉ុន មានការរីកចម្រើនឥតឈប់ឈរនិងត្រូវបានលើកកម្ពស់ឱ្យទៅជាកិច្ច សហប្របតិ បត្តិការភាពជាដៃគូយុទ្ធសាស្រ្ត​នាពេលបច្ចុប្បន្ននេះ។ តាមរយៈនៃកិច្ចសហប្រតិបត្តិការថ្មីនេះ រដ្ឋាភិបាលនៃ ប្រទេសទាំងពីរកាន់តែទទួលបាននូវវឌ្ឍនភាពថ្មីៗជាច្រើនលើគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការចងសម្ព័ន្ធមេត្រីភាពរវាងខេត្ត-ក្រុង ការផ្លាស់ប្តូរដ៏ទូលំទូលាយរវាងប្រជាជន និងប្រជាជន និងការគាំទ្រគ្នាទៅវិញទៅមកក្នុងក្រប​ខ័ណ្ឌ​កិច្ចសហប្រតិបតិ្តការលើឆាកអន្តរជាតិ។

ក្នុងនាមប្រជាជនកម្ពុជា សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណ​ដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួមវិភាគទានជួយដល់ប្រទេសកម្ពុជា ឱ្យការអភិ​វឌ្ឍ​ និងរីកចម្រើនដូចពេល បច្ចុប្បន្ននេះ។ ការរីកចម្រើននៃសេដ្ឋកិច្ច-សង្គមរបស់ប្រទេសកម្ពុជា ទាំងពេលបច្ចុប្បន្ន និងពេលកន្លងទៅ គឺមិនអាចកាត់ផ្តាច់ពីការជួយឧបត្ថម្ភគាំទ្ររបស់ប្រទេសជប៉ុនបានឡើយ។ សម្តេចប្រធានព្រឹទ្ធសភា បានអបអរសាទរការបើកសករាជថ្មី “រ៉េវ៉ា” របស់ជប៉ុន កាលពីខែមេសា ឆ្នាំ២០១៩ ដែលមានន័យថា សន្តិ​ភាព និងភាពសុខដុម។

សម្តេចមានជំនឿជាក់ថា ប្រទេសជប៉ុន និងប្រជាជនជប៉ុន នឹងបន្តរីកចម្រើនប្រកប​ដោយវឌ្ឍនភាព និងវិបុលភាពខ្លាំងក្លាថែមទៀតនៅក្នុងសករាជថ្មីនេះ។ សម្តេចប្រធានព្រឹទ្ធសភា បានស្នើគណៈប្រតិភូ ជួយផ្សព្វ ផ្សាយ និងលើកទឹកចិត្តអ្នកវិនិយោគ និងអ្នកទេសចរជប៉ុន មកបណ្តាក់ទុនវិនិយោគ និងធ្វើទេស​ចរណ៍ឱ្យកាន់ តែច្រើនថែមទៀតនៅកម្ពុជា។ សម្តេចក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានចុះហត្ថលេខា លើអនុស្សរណៈយោគយល់ស្តីពី កិច្ចសហប្រតិបតិ្តការបញ្ជូនពលករ ជំនាញទៅធ្វើការនៅប្រទេសជប៉ុន៕

ដោយ  ប៉ាល់ សុង