រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អំពាវនាវឱ្យម្ចាស់យានយន្ដផុតកំណត់ឆៀក ត្រូវរួសរាន់ទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសឡើងវិញ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ — រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អំពាវនាវឱ្យម្ចាស់យានយន្ដដែលផុត កំណត់ឆៀកទាំងអស់ ត្រូវរួសរាន់ទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសឡើងវិញ ដើម្បីចៀស វាងការពិន័យ និងបង្កជាគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន បញ្ជាក់កាលពីថ្ងៃទី១៤ ខែមករាថា នៅក្នុងឆ្នាំ២០២០នេះ ក្រសួងត្រៀមបញ្ជូនរថ យន្តឆៀកចល័តចុះតាមបណ្តាខេត្តមានដូចជា ខេត្តកំពង់ធំ ស្វាយរៀង កំពត កែប តាកែវ ប៉ៃលិន ព្រៃវែង ពោធិសាត់ មណ្ឌលគិរី បន្ទាយមានជ័យ ឧត្តរមានជ័យ ស្ទឹងត្រែង ត្បូងឃ្មុំ និងខេត្តកោះកុង ដើម្បីអាចឱ្យម្ចាស់រថយន្តទាំងអស់យកយានយន្តរបស់ខ្លួនទៅត្រួត ពិនិត្យលក្ខណៈបច្ចេក នៅទីតាំងដែលជិតបំផុត តាមកាលកំណត់ និងទាន់ពេលវេលា។

ឯកឧត្តម ស៊ុន ចាន់ថុល បានបន្តថា នេះជាការបង្ខិតសេវាទៅជិតប្រជាពលរដ្ឋ ដើម្បីចំណេញពេលវេលាថវិកា និងចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

សូមបញ្ជាក់ថា បច្ចុប្បន្នមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលវិនិយោគ ដោយក្រុមហ៊ុនឯកជនមានសរុប១៥កន្លែង នៅក្នុងនោះរាជធានីភ្នំពេញមាន ទីតាំងផ្សេងៗគ្នាចំនួន៥ន្លែងដូចជានៅសាខាប្ញស្សីកែវ សាខាចំការដូង សាខាបឹងបៃតង សាខាបឹងស្នោរ និងសាខាជ្រោយចង្វារផ្លូវជាតិលេខ៦A និងតាមបណ្តាខេត្តមានដូចជា ខេត្តបាត់ដំបង សៀមរាប កំពង់ឆ្នាំង ស្វាយរៀង កំពង់ស្ពឺ ក្រចេះ ព្រះសីហនុ រតនគិរី និងខេត្តព្រះវិហារ៕

ដោយ ងិន សុផល