ឯកឧត្តម សាយ សំអាល់ ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ — នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម​ Eldeen Husaini BIN MOHD HASHIM ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្រ្តីបាន បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរកម្ពុជា-ម៉ាឡេស៊ី នាពេលកន្លងមក និងទៅអនាគត។ ឯកឧត្តម សាយ សំអាល់ បានលើកទឹកចិត្តនិងស្វាគមន៍យ៉ាងកក់ក្ដៅលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ម៉ាឡេស៊ី​ នៅឆ្នាំខាងមុខ លើការចែករំលែកបទពិសោធន៍ក្នុងការរៀបចំទេសចរណ៍ធម្មជាតិ​ និងមានគោលបំណងឱ្យអ្នកវិនិយោគិនពីប្រទេសម៉ាឡេស៊ី មកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា​ លើការគ្រប់គ្រងសំណល់ ការរៀបចំរោងចក្រប្រព្រឹតិ្តកម្មទឹកក្វក់ពីទីក្រុង។


ក្នុងឱកាសនោះ ឯកឧត្តម​ Eldeen Husaini BIN MOHD HASHIM ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលបានទទួលជួបពិភាក្សានៅពេលនេះ។ ឯកឧត្តម បានសន្យាថានឹងព្យាយាមឱ្យអស់លទ្ធភាពក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ាឡេស៊ី ។

ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ក៏បានស្នើសុំអញ្ជើញឯកឧត្តម សាយ សំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថាន ទៅចូលរួមសន្និសីទអាស៊ានលើកទី៣ស្តីពីជីវចម្រុះ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលនឹងប្រព្រឹត្ដិទៅពីថ្ងៃទី១៥ ដល់ទី២០ ខែមីនា ឆ្នាំ២០២០ ខាងមុខ៕

ដោយ ពេជ្រ ណារិទ្ធ