ក្រុមប្រឹក្សាខេត្តសៀមរាបជំរុញឱ្យមន្រ្តីថ្នាក់ដឹកគ្រប់ស្ថាប័នរដ្ឋអនុវត្តន៍ការងារដោយការគោរពសមត្ថកិច្ចរបស់ខ្លួន

AKP សៀមរាប ថ្ងៃទី​១៥ ខែមករា ឆ្នាំ២០២០ — នាព្រឹកថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ក្រុមប្រឹក្សាខេត្តសៀមរាបអណត្តិទី៣ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៨របស់ខ្លួន ដោយជំរុញឱ្យមន្រ្តីរាជការ ថ្នាក់ដឹកនាំគ្រប់ស្ថាប័នរដ្ឋ អនុវត្តន៍ការងារដោយការគោរពសមត្ថកិច្ចរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់។ ការដែលអង្គប្រជុំបានលើកយករបៀបវារៈនេះមកពិភាក្សា គឺក្នុងគោលបំណងរម្លឹកនូវប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ហ៊ុន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញឱ្យមន្រ្តីរាជការ រួមទាំងថ្នាក់ដឹកនាំ ឱ្យចេះប្រើអំណាចការងារ ត្រួសត្រាយ វះកាត់ សម្រេចកិច្ចការឱ្យមានប្រសិទ្ធភាព។

ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានមានប្រសាសន៍សង្កត់ធ្ងន់ថា ការរម្លឹកនិងជំរុញនូវប្រសាសន៍ដ៏មានតម្លៃរបស់សម្តេចតេជោបែបនេះ គឺជាបំណងបង្ការ ការពារ និងចៀសវាងការដែលទុកឱ្យចំណុចអវិជ្ជមានសេសសល់ ដោយមិនមានដំណោះស្រាយ មិនគោរពសមត្ថកិច្ចរបស់ខ្លួន ក្លាយជាទម្លាប់មិនល្អ បង្កផលវិបាកសម្រាប់ការដោះស្រាយមិនចេះចប់នោះ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះដែរ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប ដែលបានដឹកនាំមន្រ្តីជំនាញចូលរួមក្នុងកិច្ចប្រជុំនោះ បានលើកឡើងថា នៅក្នុងសម័យកាលបច្ចេកវិទ្យាទំនើបនេះ អ្វីៗដែលកើតឡើងក្នុងសង្គម វាមិនមែនជាអាថ៌កំបាំងនោះឡើយ វានឹងកើតឡើងនូវប្រតិកម្មភ្លាមៗពីសំណាក់មហាជន ។

លោក ពៅ ពិសិដ្ឋ បានបញ្ជាក់ថា បើជាការរិះគន់ក្នុងបំណងដើម្បីស្ថាបនានោះវាជារឿងដ៏ល្អសម្រាប់ការទទួលយកដើម្បីកែលម្អ តែវានឹងអាចជាការរិះគន់ ក្នុងន័យនយោបាយផ្សេងទៀត នាំឱ្យមានការប៉ះពាល់ដល់ការដឹកនាំរបស់អាជ្ញាធរខេត្តក៏អាចថាបាន។ ដូច្នេះមន្រ្តីជំនាញទទួលខុសត្រូវគ្រប់បណ្តាស្ថាប័ន-អង្គភាពទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ចៀសវាងឱ្យបានសម្រាប់ប្រការចុងក្រោយនេះ ដោយការអនុវត្តភារកិច្ចដើម្បីសង្គមជាតិរីកចម្រើន និងដើម្បីមោទនភាពរបស់ថ្នាក់ដឹកនាំ។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះគេបានអនុម័តទៅលើរបៀបវារៈ ដែលគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តីនិងកុមារ ស្នើឱ្យពិនិត្យ-ពិភាក្សា លើផែនការសកម្មភាពឆ្នាំ២០២០ ដែលមានគម្រោងជិត ៣០០សកម្មភាព និងផែនការថវិកាប្រចាំឆ្នាំ២០២០របស់ខ្លួនដែលមានទំហំទឹកប្រាក់ប្រមាណជិត ៩៤លានរៀល ដែលទទួលបានមកពិការសន្យាគាំទ្រដោយ រដ្ឋបាលខេត្តសៀមរាប។ ផែនការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ អង្គការយូនីសែហ្វ និងអង្គការជាដៃគូមួយចំនួនទៀត បានសុំបញ្ចូលផែនការថវិកានេះ ទៅក្នុងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល (២០២០-២០២៣)៕

ដោយ ហង្ស សៀក