សម្ដេចតេជោហ៊ុន សែន៖ ខ្ញុំត្រូវការពេលវេលា១០ឆ្នាំទៀត ដើម្បីកាន់ដំណែង ជានាយករដ្ឋមន្ត្រី

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ — ជាមួយនឹងការវិភាគ និងអ្នកធ្វើអត្ថាធិប្បាយមួយចំនួន ដែលលើកឡើងថា សម្ដេចតេ​ជោ​បានប្រឹងប្រែង ដើម្បីប្រគល់ដំណែងនាយករដ្ឋមន្ត្រីទៅឱ្យ ហ៊ុន ម៉ាណែត ដែល​ជា​​កូនច្បង​របស់​​សម្ដេ​ចនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុ​ន​ សែន បា​នគូសបញ្ជាក់ថា សម្ដេចត្រូវការពេលវេលា១០ឆ្នាំទៀតដើម្បីកាន់ដំណែងជានាយករដ្ឋមន្ត្រី​នៃ​ព្រះ​​​រាជាណាចក្រកម្ពុជា។

ក្នុងពិធីជួបសំ​ណេះ​​​សំណាល និងពិសារអាហារសាមគ្គីជាលើកទី៤ ជាមួយអ្នកសារព័ត៌​មាន​​ជាតិ និងអន្តរជាតិ ប្រមាណជិត ៦,០០០នាក់ នា​ល្ងា​ច​ថ្ងៃ​​ទី ១៤ ខែម​ករា ឆ្នាំ២០២០ នៅ  ម​ជ្ឈ​ម​ណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ​ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍​ថា “ខ្ញុំត្រូវការពេល​វេ​លា​​១០​ឆ្នាំទៀត ដើម្បីកាន់ដំណែងជានាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា។ ដូច្នេះ ហ៊ុន ម៉ា​ណែត បើសិនជាមានលក្ខណៈគ្រប់គ្រាន់ គេក៏ត្រូវរង់ចាំរហូត ដល់​ក្រោយ​ឆ្នាំ២០២៨ ឬក្រោ​យ​​ឆ្នាំ ២០២៩ រហូតទៅដល់ឆ្នាំ២០៣០ ទើបអាចប្រឡូកនៅក្នុង​តួនាទីជានាយករដ្ឋមន្ត្រី​បាន​។​” សម្ដេចតេជោបានថ្លែងថា  នេះជាការបញ្ជាក់ហើយ​បញ្ជាក់​ទៀត បើឪពុកវាកំពុងតែ​ធ្វើជានាយ​ក​រ​ដ្ឋ​មន្ត្រី តើកូនមានលទ្ធភាពឯណា ដើម្បីមកដណ្ដើម​អំណាចពីឪពុកនោះ។

សម្ដេចតេជោបានបន្ថែមថា “អ្វីដែលខ្ញុំគូស​ប​ញ្ជា​ក់​បន្ថែមគឺថា ប្រទេស​យើង ជាប្រទេសប្រជាធិបតេយ្យ មិនមែនជាប្រទេសដែលផ្ទេរ​អំ​ណា​ច​​ពីឪពុកទៅកូន តាម​របៀបមួយដូចប្រទេសខ្លះនោះទេ គឺត្រូវឆ្លងកាត់ការបោះឆ្នោត”។​ សម្ដេច​តេ​​ជោ​ថ្លែងបន្តថា មួយវិញទៀត បើទោះបីជាឪពុកចាកចេញនៅពេលនេះ ក៏ប្រហែលជាមិនទាន់​ដល់​វេន ដែល​កូនមកកាន់ដំណែងជានាយករដ្ឋមន្ត្រី ក្នុងពេលដែលមេដឹកនាំប្រទេសដែលជា​ស​ហ​ការី​របស់សម្ដេចនៅពេលនេះ កំពុងតែស្ថិតនៅទីនោះដែរ។ ដូច្នេះប្រាកដណា​ស់​ថា យើងត្រូវគិត​គូរ​ពីរបៀបដោះស្រាយបញ្ហាផ្ទៃក្នុងរបស់យើង។ សម្ដេចតេជោគ៏សូមឱ្យ​អ្នកវិភាគ និងអ្នក​ធ្វើអត្ថាធិប្បាយ​ទាំ​ង​ឡាយ ផ្ដល់នូវសុភវិនិច្ឆ័យ ហើយសូមកុំទាញបញ្ហានេះឱ្យក្លាយទៅជាប​ញ្ហា​ដែលវាមិនឡូ​ស៊ិ​ច។ សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងទៀតថា  សម្ដេច អាចបញ្ជាក់ឡើង​វិញថា ហ៊ុន ម៉ាណែត បើ​ទោះ​បីជាមានលទ្ធភាព ក៏ត្រូវឆ្លងកាត់នៅការបោះឆ្នោតដែរ។ ម្យ៉ាង​ទៀតក្នុងពេល​ដែល​ឪពុ​ក​ធ្វើការ សូម្បីតែក្នុងរដ្ឋាភិបាល សម្ដេចក៏មិនឱ្យចូលក្នុងរដ្ឋាភិបាល​ផង សមត្ថភាពរបស់គេអា​ច​មា​ន​លទ្ធភាពធ្វើជារដ្ឋមន្ត្រីបាន ឬរដ្ឋលេខាធិការបាន ក៏ប៉ុន្តែ​សម្ដេច​ទុកគេនៅខាងក្រៅ។ សម្ដេចតេ​ជោ​​គូសបញ្ជាក់​ទៀតថា “ឥឡូវនេះខ្ញុំដឹងច្បាស់ហើយ​ថា សំណួរកាន់តែច្រើនឡើងៗ អំពីរបស់ដែល​ហៅ​ថា តើក្រោយហ៊ុន សែន ជាអ្នកណា នេះមិនមែនជាសំណួរតូចតាច ហើយវាត្រូវរក​ច​ម្លើ​យ​​ជាក់លាក់នៅពេលក្រោយ មិនមែនពេល​នេះទេ។ ពេលនេះក្រោយ ហ៊ុន សែន គឺហ៊ុន សែ​ន​តែម្ដង។” សម្ដេចតេជោបានបន្ថែម សូម​កុំចាំបាច់ និយាយម្ដងហើយម្ដងទៀត អំពីការដែល ហ៊ុន សែន ប្រឹងប្រែង ដើ​ម្បី​​ផ្ទេរ​អំណាច​ឱ្យកូន គ្មានរឿងនេះកើតឡើងក្នុងរង្វង់មិនតិចជាង១០ឆ្នាំនោះទេ៕

ដោយ ជឹម ណារី