សម្តេចតេជោ ហ៊ុន សែន លើកឡើងថា បើប្រទេសជាតិគ្មានការរីកចម្រើន នោះសារព័ត៌មានក៏មិនរីកចម្រើនដែរ ហើយស្លាប់ទៅវិញជាបន្តបន្ទាប់

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០-សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា បើសិនប្រទេស ជាតិគ្មានការរីកចម្រើននោះទេសារព័ត៌មានក៏មិនរីកចម្រើនដែរ ពោលគឺស្ថាប័នព័ត៌មានដែលបើក នោះនឹងស្លាប់ជាបន្តបន្ទាប់។

ថ្លែងក្នុងជំនួបលើកទី៤ សម្តេចតេជោនាយករដ្ឋមន្រ្តី ជាមួយអ្នកសារព័ត៌មាន នាល្ងាចថ្ងៃទី១៤ខែមករា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលកោះពេជ្រ សម្តេចតេជោបានបញ្ជាក់ថា ៖«បើសិនប្រទេសកម្ពុជាគ្មានការីកចម្រើនខាងសេដ្ឋកិច្ច នោះទេ សារព័ត៌មានដែលបាន កើតឡើង នឹងស្លាប់ទៅវិញដោយឯកឯង»។

សម្តេចតេជោក៏បានលើកឡើងថាកាលពីសម័យមុនការផ្សព្វផ្សាយពាណិជ្ជកម្មតែមួយ ឬពីរប៉ុណ្ណោះ។ ផ្ទុយទៅវិញប្រព័ន្ធផ្សព្វផ្សាយនៅពេលបច្ចុប្បន្ននេះ បានពឹងពាក់លើការផ្សាយពា ណិជ្ជកម្ម។ សម្តេចតេជោក៏បានអរគុណដល់ក្រុមហ៊ុនឯកជនធ្វើការចូលរូមផ្សព្វផ្សាយពាណិជ្ជកម្មនៅតាមបណ្តាញផ្សព្វផ្សាយវិទ្យុ ទូរទស្សន៍ កាសែត គេហទំព័រដែលធ្វើឱ្យវិស័យព័ត៌មានដើរទៅមុខ។ ទន្ទឹមនេះ  បើសេដ្ឋកិច្ច សង្គមគ្មានការរីកចម្រើនទេ ប្រព័ន្ធផ្សព្វផ្សាយអាចឈានដល់ការដួលរលំ និងក្ស័យធនតែម្តង។

ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានអំពាវនាវដល់វិស័យឯកជនដែលមានការផ្សព្វផ្សាយពាណិជ្ជកម្មសុំផ្តល់អាទិភាពដល់បណ្តាញទូរទស្សន៍  ឬវិទ្យុដែលផ្សព្វផ្សាយអំពីព័ត៌មាន ដូចជាទូរទស្សន៍ និងវិទ្យុដែលផ្សព្វផ្សាយសិល្បៈ  កម្សាន្តសប្បាយផង។ សម្តេចតេជោក៏បានកោតសរសើរចំពោះបណ្តាញផ្សព្វផ្សាយទាំងអស់ គ្រប់ប្រភេទ ដែលមានវិទ្យុ ទុរទស្សន៍   គេហទំព័រដែលបានចូលរួមថែរក្សាសន្តិភាពនៅកម្ពុជា៕

ដោយ​ ប៊ុនរិទ្ធ