រដ្ឋមន្ត្រីក្រសួងការងារគូសបញ្ជាក់ថា អត្រាភាគទានរបបសន្តិសុខសង្គមនៅកម្ពុជាទាបជាង​បណ្ដា​ប្រទេសអាស៊ាន​នៅឡើយទេ

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ — ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា អត្រាភាគទានរបបសន្តិសុខសង្គមនៅកម្ពុជា នៅតែមានកម្រិតទាបជាងបណ្តាប្រទេសផ្សេងៗ​នៅក្នុងតំបន់ បើប្រៀបធៀបរបបសន្តិសុខសង្គមនៅបណ្តាប្រទេសអាស៊ាន ដែលអនុវត្តន៍តាម​ប្រព័ន្ធគ្រប់គ្រងធានារ៉ាប់រងសង្គម ដែលជាកត្តាដ៏ពិសេសសម្រាប់ការទាក់ទាញការវិនិយោគ​សម្រាប់កម្ពុជា។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្ដីនេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធ​ផល​ការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារតារាអ៊ែរផត។

ឯកឧត្តម អ៊ិត សំហេង បានលើកឡើងថា រាជរដ្ឋាភិបាលបានខិតខំជាបន្តបន្ទាប់ ក្នុងការអភិវឌ្ឍនិងពង្រីកប្រព័ន្ធគាំពារសង្គម ប្រកបដោយសាមគ្គីធម៌ និងសមធម៌សង្គម សម្រាប់ប្រជាពលរដ្ឋ សំដៅបង្ការហានិភ័យហិរញ្ញវត្ថុ ធានាស្ថិរភាព និងចីរភាពប្រាក់ចំណូល និងការងារ លើកកម្ពស់សុខភាពល្អជាសកល និងកាត់បន្ថយវិសមភាពក្នុងសង្គម។ ទន្ទឹមនេះ ច្បាប់ស្តីពីរបបសន្តិសុខសង្គម ដែលបានប្រកាសឱ្យប្រើរួចហើយគ្របដណ្តប់បួនផ្នែក រួមមាន៖ ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ សម្រាប់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ ព្រមទាំងបុគ្គលដែលស្ថិតក្រោមច្បាប់​ស្តីពីការ​ងារ រួមទាំងបុគ្គលិកផ្លូវអាកាស នាវាសមុទ្រ និងអ្នកបម្រើក្នុងផ្ទះ ព្រមទាំងបុគ្គលស្វ័យ​និយោជន៍។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា កន្លងមក ក្រសួងការងារបានដាក់ឱ្យដំណើរ​ការរួច​ហើយនូវរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ដែលចាប់ពីឆ្នាំ​២០១៩មក ហើយរបបទាំងពីរនេះនឹងគ្របដណ្តប់ទាំងកម្មករនិយោជិត និងទាំងមន្ត្រី​សាធារណៈ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា ការដាក់ឱ្យអនុវត្តន៍របបសន្តិសុខសង្គមនៃ​ផ្នែកនីមួយៗមានសារសំខាន់ណាស់ក្នុងការចូលរួមចំណែក ដើម្បីសម្រេចឱ្យបាននូវកំណើន​សេដ្ឋកិច្ច​ជាតិ ដូចជា ការផ្តល់ការព្យាបាល និងថែទាំវេជ្ជសាស្រ្ត ដោយរួមមានវិធានការការ​ពារសុខ​ភាពរបស់កម្មករនិយោជិត និងសមាជិកគ្រួសាររបស់កម្មករនិយោជិត។ ក្រៅពីនេះ ក៏មានវិធានការបង្ការសុខភាព សុវត្ថិភាព និងអនាម័យការងារ ក៏ត្រូវបានបង្កើតឡើងក្នុង​គោលដៅ​បង្ការគ្រោះថ្នាក់ កន្លែងធ្វើការងារ តាមរយៈកម្មវិធីបង្ការ និងផ្សព្វផ្សាយ។ ការផ្តល់ ប្រាក់ឧបត្ថម្ភសម្រាប់ការលម្ហែមាតុភាព ដែលជាគោលដៅមួយក្នុងការជំរុញនូវវិធាន សម្រាប់ ការបងើ្កតធនធានមនុស្ស ដែលអាចទ្រទ្រង់បាននូវខឿនសេដ្ឋកិច្ច ក៏ដូចជាការធ្វើឱ្យ​មាន​ស្ថិរភាពនៃកំណើនសេដ្ឋកិច្ចផងដែរ។ ការផ្តល់ធនលាភសម្រាប់ការបាត់បង់សមត្ថភាព​អចិន្រ្តៃយ៍សម្រាប់កម្មករនិយោជិត ដែលជួបប្រទះនូវហានិភ័យការងារ គឺជាយន្តការមួយ​ក្នុងការទប់ស្កាត់ មិនឲ្យគ្រប់ជនពិការត្រូវធ្លាក់ចូលទៅក្នុងបន្ទាត់ភាពក្រីក្រ ដែលជាបន្ទុកទាំង​ស្រុងរបស់រដ្ឋាភិបាល។ ជាមួយគ្នានេះ ការផ្តល់នូវសេវាស្តានីតិសម្បទា តាមរយៈរបបសន្តិ​សុខសង្គមក៏ត្រូវបានលើកកម្ពស់សម្រាប់កម្មករនិយោជិតដែលពិការអាចមានឱកាស ក្នុងការធ្វើការងារជាថ្មី ឬអាចប្រកបការងារណាមួយទៅតាមស្ថានភាពពិការភាព។ លើសពី​នេះ​ទៀត ការបង្កើតឱ្យមានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជន គឺជា​ការ​រក្សាបាននូវស្ថិរភាពមួយនៃចលនាផ្លាស់ប្តូរវិស័យរវាងវិស័យសាធារណៈ និងវិស័យឯកជន តាមរយៈការបង្កើតនូវប្រព័ន្ធដែលអាចរក្សាបាននូវអតីតភាពការងារ។ តាវកាលិកសោធន​ជរាភាព​ក៏ជាយន្តការមួយ ដើម្បីធានានូវនិរន្តរភាពប្រាក់ចំណូលពេលដែលពួកគាត់ចូល​ដល់វ័យចាស់ជរា ដោយមិនពឹងផ្អែកលើការឧបត្តម្ភរបស់សមាជិកគ្រួសារ។

ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា បើប្រៀបធៀបរបបសន្តិសុខសង្គមនៅបណ្តា​​ប្រទេស​អាស៊ាន ដែលអនុវត្តន៍តាមប្រព័ន្ធគ្រប់គ្រងធានារ៉ាប់រងសង្គម (Social Insurance/​Defined benefit) ឃើញថាអត្រាភាគទានរបបសន្តិសុខសង្គមនៃប្រទេសកម្ពុជា​នៅតែមាន​កម្រិតទាបជាងបណ្តាប្រទេសផ្សេងៗនៅក្នុងតំបន់ ដែលជាកត្តាដ៏ពិសេសសម្រាប់ការទាក់​ទាញការវិនិយោគសម្រាប់ប្រទេសកម្ពុជា។ ឯកឧត្តមបានបន្ថែមទៀតថា ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមាន ប.ស.ស. ជាសេនាធិការក្នុងការអនុវត្តប្រព័ន្ធសន្តិសុខ​សង្គម​បានអនុវត្តន៍របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារនៅឆ្នាំ២០០៨ របបសន្តិសុខ​សង្គមផ្នែកថែទាំសុខភាពសម្រាប់វិស័យឯកជននៅឆ្នាំ២០១៦ របបសន្តិសុខសង្គមផ្នែកថែ​ទាំសុខភាពសម្រាប់វិស័យសាធារណៈ និងការអនុវត្តការថែទាំសុខភាពតាមប្រព័ន្ធមូល​និធិ​សមធម៌សុខាភិបាល សម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ និងការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម​សម្រាប់កម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូននៅឆ្នាំ២០១៨។

ឯកឧត្តមបានបន្ថែមទៀតថា សមិទ្ធផលទាំងនេះបានឆ្លុះបញ្ចាំងឱ្យកាន់តែច្បាស់​អំពី​ការរីក​ចម្រើននៃប្រព័ន្ធគាំពារសង្គមកម្ពុជា ដើម្បីឈានទៅរកប្រព័ន្ធមួយដែលមានលក្ខណៈ​ជាសកល និងសង្គតិភាព ដែលរក្សាបាននូវប្រសិទ្ធភាពនៃការអនុវត្តការងារខាងលើ​ជាប់​ជាប្រចាំ៕

ដោយ រិទ្ធី