រដ្ឋមន្រ្ដីក្រសួងការងារ៖ សហជីពការងារអាម៉េរិក បង្ហាញការប្ដេជ្ញាបន្តកិច្ច​សហប្រតិបត្តិការលើវិស័យការងារជាមួយ​កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ — រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្ដុះបណ្ដាលវិជ្ជាជីវៈបានលើកឡើងថា សហព័ន្ធសហជីព​ការងារអាម៉េរិក និងសភានៃអង្គការឧស្សាហកម្ម (AFL-CIO) បានបង្ហាញ​ឆន្ទៈបន្ត​កិច្ចសហ​ប្រតិបត្តិការជាមួយកម្ពុជា ក្នុងការជំរុញការធ្វើពាណិជ្ជកម្មផ្សារភ្ជាប់លក្ខខណ្ឌ​ការងាររវាង​ប្រទេស​ទាំងពីរឱ្យកាន់តែមានភាពល្អប្រសើរ រួមទាំងការចូលរួមដោះស្រាយបញ្ហា​វិវាទការងារ ដូចជាការពង្រឹងមន្ត្រីអធិការកិច្ច ការធ្វើវិសោធនកម្មច្បាប់ស្ដីពីការងារ និងច្បាប់​ស្ដីពី​សហជីពជាដើម។ ការលើកឡើងរបស់ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ  ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី ខេតធី ហ្វេនហ្គោល (Cathy Feingold) នាយិកាផ្នែកកិច្ចការអន្តរជាតិនៃ​សហព័ន្ធសហជីពការងារអាមេរិក និងសភា​នៃអង្គការឧស្សាហកម្ម (AFL-CIO)កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នៅទីស្ដីការ​ក្រសួង​ការងារ។

ឯកឧត្ដម អ៊ិត សំហេង បានលើកឡើងពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការជួយជ្រោម ជ្រែងដល់កម្ពុជាពីសំណាក់សហរដ្ឋអាមេរិក តាំងពីឆ្នាំ១៩៩៧មក ដើម្បីលើកកម្ពស់ និង សម្រួល​ដល់ការកសាងសមត្ថភាពរូបវ័ន្ត និងស្ថាប័នក្នុងការបង្កើតសុខដុមរមនានៅ កន្លែងការ ងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយមជ្ឈមណ្ឌលអាម៉េរិកកាំង​សម្រាប់​សាមគ្គីភាពការងារអន្តរជាតិ (ACILS) បានចុះអនុស្សរណៈនៃការយោគយល់គ្នា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨។ឯកឧត្ដមបន្ដថា ការចុះអនុស្សរណៈនេះ ក្នុងគោលបំណងបង្កើតនូវ​ក្របខ័ណ្ឌសហប្រតិបត្តិការបច្ចេកទេសរវាងក្រសួង និង ACILS ក្នុងគោលដៅចូលរួម ចំណែក ក្នុងការអនុវត្តគោលនយោបាយពាក់ព័ន្ធនឹងវិស័យការងារ ទៅតាមតម្រូវការជាក់ស្តែងរបស់ ក្រសួង។ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់សហជីព AFI-CIO តាមរយៈ ACILS ដែលបានចូលរួមលើកកម្ពស់លក្ខខណ្ឌការងារនៅកម្ពុជា និងជំរុញការអនុវត្តការងាររបស់ ACILS ឱ្យស្របតាមអនុស្សរណៈនៃការយោគយល់គ្នាខាងលើនេះ។

ជាមួយគ្មានេះ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានជំរុញឱ្យ ACILS អនុវត្តកាតព្វកិច្ចការចុះបញ្ជី​ឱ្យស្របតាមច្បាប់ជាធរមាន ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងអង្គការ ACILS តាមរយៈការលើកកម្ពស់​សមត្ថភាព​សហជីពមូលដ្ឋាន។ ការផ្សព្វផ្សាយច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីប្រាក់​ឈ្នួល​អប្បបរមា និងច្បាប់ស្តីពីរបបសន្តិសុខសង្គម។ ការពង្រឹងសមត្ថភាពមន្ត្រីផ្សះ​ផ្សាវិវាទ​ការងារ ការលើកកម្ពស់ភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងការលើកកម្ពស់កិច្ច​សន្ទនាសង្គម និងការពង្រឹងនិរន្តរភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។

លោកស្រី Cathy Feingold បានបង្ហាញពីការពេញចិត្តចំពោះការធ្វើពាណិជ្ជកម្ម​ផ្សារ​ភ្ជាប់លក្ខខណ្ឌការងារ ដែលកម្ពុជាបាននិងកំពុងធ្វើជាមួយសហរដ្ឋអាមេរិក និងបានប្ដេជ្ញា​បន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្តទៀត ដើម្បីឱ្យការធ្វើពាណិជ្ជកម្មផ្សារភ្ជាប់លក្ខ​ខណ្ឌ ការងារនេះកាន់តែមានភាពល្អប្រសើរថែមទៀត៕

ដោយ ប៊ុនរិទ្ធ