ឯកអគ្គរដ្ឋទូតអាម៉េរិក ចូលជួបពិភាក្សាការងារជាមួយអភិបាលខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ — ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលជូបពិភាក្សាការងារជាមួយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល​ខេត្ត​ព្រះសីហនុ កាលពីព្រឹកថ្ងៃអង្គារ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ឯកអគ្គរដ្ឋទូតសហ​រដ្ឋអាមេរិក ដែលមកធ្វើទស្សននៅហាងកាហ្វេ Starbuck ចូលរួមកម្មវិធីកីឡានៅសាលា​ឡាយហ្វ ក្រុងព្រះសីហនុ បង្ហាញពីភាពស្និទ្ធស្នាលជាមួយយុវជនកម្ពុជា និងស្រូបយកខ្សល់​អាកាសមាត់សមុទ្រនៅខេត្ដព្រះសីហនុ។ ឯកឧត្ដមបានបញ្ជាក់ថា ខេត្តព្រះសីហនុមាន​ចំណែក​របស់សហរដ្ឋអាមេរិកដូចជា ផ្លូវជាតិលេខ៤ ដោយផ្តើមចេញពីផ្លូវនេះ ធ្វើឱ្យខេត្ត​ព្រះសីហនុ មានឈ្មោះបោះសំឡេងមកដល់បច្ចុប្បន្ន ហើយផ្លូវជាតិលេខ៤ ជួយសម្រួលក្នុង​ការធ្វើដំណើរ និងដឹកជញ្ជូន រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ ជាមួយគ្នានេះ កន្លងមកកងទ័ពសហរដ្ឋអាមេរិក ក៏បានធ្វើលំហាត់សមយុទ្ធជាមួយ​នឹងកង​ទ័ពជើងទឹកកម្ពុជា ” រាម ” កងទ័ពជើងទឹកសហរដ្ឋអាមេរិក ក៏បានជួយកម្ពុជា ពិសេសខេត្ត​ព្រះសីហនុ លើវិស័យសុខាភិបាល វិស័យអប់រំ និងការងារក្នុងសហគមន៍មួយចំនួន ដែល​ប្រជាពលរដ្ឋកោតសរសើរ និងវាយតម្លៃខ្ពស់។ ក្រៅពីនេះ ខេត្តព្រះសីហនុ ក៏មានជនជាតិ​អាម៉េរិកស្នាក់នៅជាង ៣០នាក់ ប្រកបមុខរបរកស៊ី ហើយកាលពីឆ្នាំ២០១៩ មានអ្នកទេសចរ​សហរដ្ឋអាមេរិកជាង ២៣,០០០នាក់ មកធ្វើទេសចរនៅខេត្តព្រះសីហនុផងដែរ។

ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជា​ណាចក្រ​កម្ពុជា បានថ្លែងអំណរគុណរដ្ឋបាលខេត្ត ដែលឱ្យឯកឧត្តមមកធ្វើទស្សនកិច្ចជាផ្លូវ​ការទទួល​បានផ្លែផ្កា មានឱកាសជួបជាមួយធុរកិច្ចក្នុងស្រុក និងធុរកិច្ចក្រុមហ៊ុនអាម៉េរិកនៅខេត្ត​ព្រះសីហនុ ជួបតំណាងអង្កការសង្គមស៊ីវិល។  ឯកឧត្ដម ឯកអគ្គរដ្ឋទូតចង់ដឹងពីការងារ​អាទិភាព និងបញ្ហាប្រឈមមួយចំនួនក្នុងខេត្តព្រះសីហនុ បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសបិទ ការភ្នាល់តាមប្រព័ន្ធអេឡិចត្រូនិកគ្រប់ប្រភទ និងគ្រប់រូបភាព ។ សម្រាប់ឆ្នាំនេះ ក៏ជាខួបលើក​ទី៧០ នៃចំណងការទូតរវាងសហរដ្ឋអាមេរិក និងកម្ពុជា ផ្តោតលើវិស័យ កិច្ចសហប្រតិ​បត្តិ​ការវិនិយោគកាន់តែស៊ីជម្រៅ ព្រមទាំងបានផ្តល់អនុសាសន៍មួយចំនួនដូចជាអង្គការសង្គមស៊ីវិល ជាធនធានមួយមានតម្លៃ ព្រោះពួកគាត់មានជំនាញធ្វើការងារជាមួយកម្មករ និយោជិក ដែលមិនបានគោរពតាមបទដ្ឋាន ប៉ុន្តែយើងត្រូវស្តាប់ពីគ្រប់ភាគី ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍផងដែរ ។ ឯកឧត្ដម ឯកអគ្គ​រដ្ឋទូតសហរដ្ឋអាមេរិកបន្តថា ខេត្តព្រះសីហនុ មានការអភិវឌ្ឍនូវសំណង់យ៉ាងច្រើន ផ្តល់នូវ​គម្រោងថ្មីៗ មានប្រភពថាមពលអគ្គិសនី ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍រីកចម្រើននា​ពេលខាងមុខ ៕

ដោយ ងូ សុមុនី