អភិបាលខេត្ដព្រះសីហនុ អនុញ្ញាតឱ្យប្រធានក្រុមប្រឹក្សាភិបាលនៃ​ក្រុមហ៊ុនតំបន់​សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជួបសម្ដែងការគួរសម 

AKP ព្រះសីហនុ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ — លោក Chen Jiangan ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស ក្រុង ព្រះសីហនុ ដឹកនាំប្រតិភូសមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ក្នុងគោលបំណងដើម្បីបង្កើននូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការយោគយល់គ្នាបន្ថែមទៀត។ ជំនួបនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃអង្គារ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ក្រោយ​រាជ​រដ្ឋាភិបាលកម្ពុជា បិតបញ្ចប់ល្បែងភ្នាល់តាមប្រព័ន្ធអនឡាញ នៅឆ្នាំ២០២០នេះមក បាន​ធ្វើឱ្យបងប្អូនអ្នកវិនិយោគចិន មានផលប៉ះពាល់មួយចំនួន និងមានវិស័យផ្សេងទៀតផងដែរ ដូចជាផ្ទះជួល ការវិនិយោគផ្នែកសំណង់ ក៏មានផលប៉ះពាល់ ព្រមទាំងផ្នែកទេស​ចរណ៍​ផងដែរ។ ឯកឧត្ដមអភិបាលខេត្ដបន្ដថា ដោយសារទីក្រុងរបស់យើងកំពុងជំរុញការសាង សង់ផ្លូវថ្នល់ ប្រព័ន្ធលូ មានតំបន់មួយចំនួនមានការឈូសឆាយ ដាច់ទឹក ភ្លើង ប៉ុន្តែក្រុមការ​ងារបច្ចេកទេស ក៏បានតភ្ជាប់ជូនអតិថិជនប្រើប្រាស់វិញ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តបាន​បង្កើត​ទូរសព្ទចំនួន៦ខ្សែ សម្រាប់ផ្ដល់ព័ត៌មានក្នុងការទាក់ទង ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និងអ្នកវិនិយោគ។ ឯកឧត្ដមបានបន្ដថា រដ្ឋបាលខេត្ដក៏​បានណែនាំឱ្យ​មន្ទីរការងារ ប្រកាសផ្សព្វផ្សាយ ជូនដល់យុវជន ដើម្បីឱ្យពួកគាត់មករកការងារនៅ​តំបន់​សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលមានរោងចក្រ សហគ្រាសជាច្រើនខ្វះកម្លាំងពល​កម្មនៅ​តំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ។ ក្រៅពីនេះ យើងក៏បានរៀបចំ ការជួបជុំជាមួយ អ្នក​វិនិយោគ ដើម្បីជជែកគ្នាដោះស្រាយបញ្ហាប្រឈម ឈានទៅរកការវិវឌ្ឍនៅខេត្ត​ព្រះសីហនុ នាពេលខាងមុខ។

លោក Chen Jiangan ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស​ក្រុងព្រះសីហនុបានកោតសរសើរខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើន ក្រោមការដឹក​នាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា និងឯកឧត្តមអភិបាលខេត្ត។ សមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិន ប្រចាំព្រះរាជា ណាចក្រកម្ពុជា មានតួនាទីជាស្ពានចម្លង ផ្តល់ការងារជូនដល់យុវជនកម្ពុជា និងមានការ​ណែនាំ​ពី​ស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ឱ្យអ្នកវិនិយោគ និងទេសចរចិនត្រូវ​គោរពច្បាប់កម្ពុជា។ ទន្ទឹមនេះ សភាពាណិជ្ជកម្មចិន បានធ្វើកិច្ចសហប្រតិបត្តិការជាមួយ​រាជ​រដ្ឋាភិ​បាលកម្ពុជា និងរដ្ឋបាលខេត្តព្រះសីហនុ ផ្តល់ផលប្រយោជនដល់ប្រជាពលរដ្ឋកម្ពជា ។

លោកបន្តថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានចេញចរាចរប្រកាសបិទការភ្នាល់​គ្រប់ប្រភេទតាមប្រព័ន្ធអេឡិចត្រូនិក online ធ្វើឱ្យប៉ះពាល់ដល់កាស៊ីណូមួយចំនួនត្រូវ​បាន​បិទទ្វារ ប៉ះពាល់ការងារដល់យុវជនផងដែរ។ ប៉ុន្តែរោងចក្រ សហគ្រាស ចិននៅខេត្ត​ព្រះសីហនុ មានជាង២០០កន្លែង ផ្ដល់ការងារជូនយុវជនជិត៥ម៉ឺននាក់ ដោយឡែកនៅតំបន់​សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានរោងចក្រ សហគ្រាស ១៧៥កន្លែង និងផ្ដល់ការ​ងារជូនយុវជនជិត ៣ម៉ឺននាក់។ នៅឆ្នាំ២០២០នេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្ដល់​​ការងារដល់យុវជនជិត ៤ម៉ឺននាក់ ។

លោកប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះ សីហនុ ក៏បានស្នើសុំឱ្យរដ្ឋបាលខេត្តផ្សព្វផ្សាយជ្រើសរើសកម្មករ មកធ្វើការនៅតំបន់សេដ្ឋ កិច្ចក្រុង​ព្រះសីហនុ ដែលបច្ចុប្បន្នត្រូវការកម្លាំងពលកម្មជាច្រើនបន្ថែមទៀត  ៕

ដោយ ងូ សុមុនី