ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ៖ ផែនការ​ការងារប្រឆាំងអំពើពុក​រលួយក្នុង​ឆ្នាំ២០២០​នេះ គឺផ្ដោត​សំខាន់លើការលើកកម្ពស់ការយល់ដឹងអំពីសេវាកម្មរបស់មន្រ្តីរាជការ

AKP ព្រះសីហនុ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ — ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងថា សម្រាប់ផែនការ​ការងារប្រឆាំងអំពើ​ពុក​​រលួយ​ក្នុង​ឆ្នាំ២០២០នេះ គឺផ្ដោត​សំខាន់លើការលើកកម្ពស់ការយល់ដឹងអំពីសេវា​កម្មរបស់​​ មន្រ្តីរាជការ  ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងអំពើស៊ីសំណូក។ នេះជាការលើក​ឡើង​ របស់ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលបាន អញ្ជើញចូលរួមធ្វើបាឋកថាស្តីពី “ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ” ជូនសហគ្រាសចិន និងមន្ត្រីរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ  ដើម្បីបង្កើតបរិយាកាសវិនិយោគ ដ៏ល្អប្រសើរ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ​ ​ ដែលរៀបចំដោយអង្គភាពប្រឆាំងអំពើ ពុក​រលួយ និងសមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិននៅខេត្តព្រះសីហនុ។

ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ​បានថ្លែង​ថា  ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន យកចិត្តទុកដាក់យ៉ាងខ្លាំង​ចំពោះ​ការងាររបស់ការិយាល័យតំណាងឱ្យរដ្ឋបាល និងការអភិវឌ្ឍក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុង​ព្រះសីហនុ។ ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ​បានស្រូបយកកម្លាំងកម្មករប្រមាណជាង ៣ ម៉ឺននាក់ ហើយរំពឹងថានឹងកើនឡើងដល់ ៤ ម៉ឺននាក់នៅឆ្នាំ២០២០នេះ​​​​ បន្ទាប់ពីបញ្ចប់ការសាងសង់ ហើយផ្ដល់ឱកាសការងារប្រមាណ​១០​​ម៉ឺន​​កន្លែង។

ឯកឧត្តមទេសរដ្ឋមន្រ្ដីបន្តថា ក្រោមការជំរុញបន្ថែមពីសំណាក់ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា  ​អង្គភាពប្រឆាំងអំពើពុករលួយ នឹងយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍ​របស់ក្រុម​ហ៊ុន​ចិន​នៅខេត្តព្រះសីហនុ  ​ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពួកគាត់   ដើម្បីទាក់​ ទាញអ្នកវិនិយោគចិនកាន់តែច្រើនមកវិនិយោគនៅខេត្តព្រះសីហនុ។ ឯកឧត្តមទេសរដ្ឋ​មន្រ្ដី ឱម យ៉ិនទៀង ក៏បានណែនាំយុទ្ធសាស្ត្រព្រួញមុខ៣ដោយផ្ទាល់ ដែលមានអបរំបង្ការទប់​ស្កាត់ និងបង្ក្រាបបញ្ជូនទៅតុលាការ  ដែលមាន៣៨ បទល្មើសពុករលួយ​ជា​ឧទាហរណ៍​ និង​ផ្សព្វ​ផ្សាយជាសាធារណៈនូវលេខទូរស័ព្ទពិសេសរបស់​អង្គភាពប្រឆាំងអំពើ​ពុក​រលួយ​ផងដែរ។

លោក Chen Jiangang ប្រធាននៃសមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិននៅខេត្ត​ព្រះសីហនុនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានឱ្យដឹងថា  បាឋកថាលើកនេះ ពិតជាដ៏មានតម្លៃ ចំពោះការជំរុញកែលម្អបរិយាកាស​ពាណិជ្ជកម្ម ​ និងលើកទឹកចិត្តរបស់សមាជិកសមាគម​និងសហគ្រាសចិនដែលកំពុងវិនិយោគ​នៅក្នុងប្រទេសកម្ពុជា។  ​លោកបានបន្ដថា ​សមាគមសភាពាណិជ្ជកម្មកម្ពុជា- ចិននៅខេត្ត ព្រះសីហនុ​ នឹងបន្តប្រកាន់ខ្ជាប់នូវគំនិតរួមគ្នាកសាងគម្រោង “ខ្សែក្រវាត់មួយនិងផ្លូវមួយ” និងគំនិត “បើកចំហ  បៃតង ស្អាតស្អំ” ដែលលើកឡើងដោយឯកឧត្តម ស៊ី ជីនភីង ប្រធានា​ធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ហើយនឹងជួយការងាររបស់អង្គភាពប្រឆាំងអំពើ​ពុក​រលួយកម្ពុជាយ៉ាងសកម្ម។   ​លោកជឿជាក់ថា ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការខិតខំប្រឹងប្រែងរបស់​អង្គភាពប្រឆាំងអំពើពុករលួយ  ​ប្រទេសកម្ពុជានឹងមានបរិយាកាសដ៏ស្អាតស្អំ​សម្រាប់សហ​គ្រាស​ចិនក្នុងពេឆាប់ៗខាងមុខនេះ។ ​លោកបានបន្ថែមថា សមាគមនឹងដឹកនាំវិនិយោគិនចិន​គោរពច្បាប់ ​​​និងដំណើរការស្របច្បាប់យ៉ាងសកម្ម   អប់រំពួកគាត់ឱ្យបង់ពន្ធ​និងថ្លៃឈ្នួល​ដោយ​ស្មារតីភ្ញាក់រលឹក ដើម្បីបង្កើតនូវរូបរាងល្អរបស់សហគ្រាសចិន។ ទន្ទឹមនេះដែរ អប់រំ​សហគ្រាសចិនមិនឱ្យបង់ប្រាក់សំណូកដល់មន្រ្តីរាជការ ប្រឆាំងនឹងការស៊ីសំណូកដែល​ធ្វើឱ្យ​ខូចមុខមាត់រាជរដ្ឋាភិបាលកម្ពុជា   ព្រមទាំងជួយរាជរដ្ឋាភិបាលក្នុងការបង្កើតបរិយាកាស​ពាណិជ្ជកម្ម ​ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ការ​ផ្ដល់ឱកាសការងារ​ដល់​ប្រជាពលរដ្ឋខ្មែរ កិច្ចសហប្រតិបត្តិការ​និងមិត្តភាពប្រពៃណីរវាងប្រទេសកម្ពុជា​និង​ប្រទេសចិន៕

ដោយ រិទ្ធី