ព្រះចៅអធិរាជជប៉ុនប្រទានគ្រឿងឥស្សរិយយសសម្រាប់សរទររដូវ(រដូវផ្ការីក)ឆ្នាំ២០១៩ ជូនឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ សមាជិករដ្ឋសភាកម្ពុជា

AKP សៀមរាប ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ — ព្រះចៅអធិរាជជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅព្រះរាជណាចក្រកម្ពុជា បានផ្តល់គ្រឿងឥស្សរិយយសសម្រាប់សរទររដូវ(រដូវផ្ការីក)ឆ្នាំ២០១៩ ជូនឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តខេត្តសៀមរាប ដោយសារឯកឧត្តម ជាមនុស្សម្នាក់មាន​ទំនាក់ទំនងល្អជាមួយប្រទេសជប៉ុន។

ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា​ បានមាន​ប្រសាសន៍ថា គ្រឿងឥស្សរិយយសសម្រាប់សរទររដូវ (រដូវផ្ការីក)ឆ្នាំ២០១៩ (The Order of Rising Sun, Gold Rays with Neck Ribbon) គឺជាគ្រឿងឥស្សរិយយសលំដាប់ព្រះអាទិត្យ នៃប្រទេសជប៉ុន ត្រូវបានប្រគល់ជូន ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ សមាជិករដ្ឋសភាកម្ពុជា ក្នុងចំណោមឥស្សរជនជាន់ខ្ពស់ពិភពលោកសរុប ១៣៦នាក់ ដែលបានទទួលសម្រាប់ឆ្នាំ២០១៩។

ឯកឧត្តមឯកអគ្គរាជទូតជប៉ុន បាន​បញ្ជាក់ថា ឯកឧត្តម សៀង ណាំ គឺជាមនុស្សម្នាក់ដែលបាន​ជួយ​ដល់ប្រជាជនជប៉ុន នៅពេលដែល​មាន​ការប៉ះទង្គិចនៃព្រឹត្តិការណ៍មួយនៅកម្ពុជាកាលពីខែកក្កដា ឆ្នាំ១៩៩៧ ឯក​ឧត្តម​ សៀង ណាំ បាន​ជួយឱ្យជន​ជាតិជប៉ុនដែលរស់នៅក្នុងខេត្តសៀមរាបចូលទៅសណ្ឋាគាររបស់ឯកឧត្តម ដើម្បីការពារសុវត្ថិភាព ដែលធ្វើឱ្យជនជាតិជប៉ុនទាំងនោះមិនអាចបំភ្លេចបាន។ លើសពីនេះទៅទៀតឯកឧត្តមសៀង ណាំបានចូលរួមធ្វើឱ្យចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេស និងប្រជាជនយើងទាំងពីរ កម្ពុជា-ជប៉ុន កាន់តែរឹងមាំរីកចម្រើនរហូតដល់បច្ចុប្បន្ននេះ។ ដូច្នេះហើយបានជាព្រះចៅអធិរាជជប៉ុនសម្រេចប្រទានគ្រឿងឥស្សរិយយសជូនដល់ឯកឧត្តមសៀង ណាំ ។

ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បានថ្លែងអំណរព្រះគុណចំពោះព្រះចៅអធិរាជជប៉ុន និងរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់គ្រឿងឥស្សរិយយសដល់ឯកឧត្តម ក្នុងចំណោមឥស្សរជនជាន់ខ្ពស់ពិភពលោកសរុប ១៣៦នាក់។

សូមបញ្ជាក់ថា ពិធីប្រគល់ និងទទួលគ្រឿងឥស្សរិយយសនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីណាក់ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភាកម្ពុជា ឯកឧត្តម កាស៊ូយូគិ ណាកាណិ (Kazuyuki Nakane) សមាជិកសភា និងជាអតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មន្រ្តីជាន់ខ្ពស់ និង     បណ្តាកុងស៊ុលនានាប្រចាំខេត្តសៀមរាបជាច្រើនរូបទៀត៕

ដោយ ឃុត សៅ