ឯកឧត្ដម ឈាង វុន ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការនយោបាយ​​ក្នុងកិច្ច​​ប្រជុំប្រចំាឆ្នាំលើកទី២៨ APPF នៅប្រទេសអូស្រ្តាលី

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ — ឯកឧត្តម ឈាង វុន សមាជិករដ្ឋសភានិងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិ​បត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួម​កិច្ចប្រជុំគណៈកម្មាធិការនយោបាយនិងសន្តិសុខនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៨ នាវិមានរដ្ឋសភាអូស្រ្តាលី នាទីក្រុងកង់បេរ៉ា នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ។ នេះបើ​យោងតាមការផ្សាយរបស់រដ្ឋសភាកម្ពុជា។

ក្នុងឱកាសនោះ សភាអូស្រ្តាលីកំពុងរៀបចំកិច្ចប្រជុំប្រចំាឆ្នាំAPPF លើកទី២៨ ក្រោម​មូលបទ «ភាពដៃគូសភាសម្រាប់ឆ្នាំ២០២០ និងឆ្នាំបន្តបន្ទាប់» ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសភាក្នុងការដោះស្រាយបញ្ហារួម ក្នុង​វិស័យ​​សន្តិសុខ នយោបាយ បរិស្ថាន សេដ្ឋកិច្ច។ កិច្ចប្រជុំគណៈកម្មាធិការនយោបាយ និង​សន្តិសុខ បានពិភាក្សា ផ្លាស់ប្តូរយោបល់លើសេចក្តីព្រាងសេចក្តីសម្រេចចំនួន៤ ដែលផ្តោត​លើការជំរុញកិច្ចសហប្រតិបត្តិការសភា ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម​និងភាពជ្រុល​និយម​នៅ​ក្នុងតំបន់។

ឯកឧត្តម ឈាង វុន បានគូសបញ្ជាក់ពីការព្រួយបារម្ភ​របស់​ពលរដ្ឋ ជាទូទៅជុំវិញ​ជម្លោះ​នៅមជ្ឈឹមបូព៌ា ជាពិសេសជម្លោះអ៊ីរ៉ង់ និងអាម៉េរិក ដែលកំពុងមានភាពតាងតឹង។ ក្នុង​ពេល​បញ្ហាជាច្រើនបានកំពុងកើតមានឡើងនោះ ការជំរុញនិងលើកកម្ពស់យន្តការ សភា បង្កើនកិច្ចសហប្រតិបត្តិការគ្នា ជាកត្តាសំខាន់។ ឯកឧត្ដមបានអះអាងថា កម្ពុជាប្រកាន់គោល​ជំហរពហុនិយម និងប្រឆំាងចំពោះអំពើហិង្សាជ្រុលនិយម ដែលបង្កអសន្តិសុខដល់សង្គម​ជាតិ។ ឯកឧត្ដមបានបន្ថែមថា រដ្ឋសភាកម្ពុជាកំពុងលើកកម្ពស់វិស័យការទូត និងភាពជា​ដៃគូសភា និងបានអនុម័តច្បាប់ក្នុងការប្រយុទ្ធប្រឆំាងអំពើភេរវកម្មនានា។

សូមបញ្ជាក់ផងដែរថា ក្នុងការដំណើរការកិច្ចប្រជុំពេញ រយៈពេលពីរថ្ងៃកន្លងមកនេះ APPF លើកទី២៨ បានបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការស្រ្តី ដែលបានពិភាក្សាលើសេចក្តី​សម្រេចចំនួន៣។ នៅព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ នឹងបើកកិច្ចប្រជុំគណៈកម្មាធិការ​នយោបាយ ហើយពេលរសៀល នឹងប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច ដែលបន្តបន្ទាប់មកទៀត ត្រូវប្រជុំគណៈកម្មាធិការកិច្ចសហប្រតិបត្តិការតំបន់ និងកិច្ចប្រជុំគណៈកម្មាធិការសេចក្តី​ប្រកាសរួម ជាដើម៕

ដោយ រិទ្ធី